អ៊ីដ្រូសែន គឺជាធាតុគីមីម៉្យាងដែលតាងដោយអក្សរ H និងលេខអាតូម 1 ជាមួយប្រូតុងចំនួនមួយ និងអេឡិចត្រុងចំនួនមួយដូចគ្នា។ វាគឺជាធាតុគីមីសាមញ្ញមួយប្រភេទដែលសម្បូរ និយាយរួមគឺវាមាននៅស្ទើរតែគ្រប់បរិស្ថានជុំវិញខ្លួនយើងតែម្តង។ អ៊ីដ្រូសែន គឺជាប្រភេទឧស្ម័ន្ន ដែលឆាបឆេះបានដូចទៅនឹង សាំង និងឧស្ម័ន្នហ្កាស ដែលយើងរាល់គ្នាកំពុងតែប្រើប្រាស់ប្រចាំថ្ងៃអញ្ចឹងដែរ ហើយវាក៏ជាធាតុគីមីមួយដ៏សំខាន់ សំរាប់ការបង្កើតទឹកផងដែរ ដោយតាមរយៈការរួមបញ្ចូលគ្នារវាង អុកស៊ីសែន និងអ៊ីដ្រូសែន។
នៅពេលថ្មីៗ កន្លងមកនេះ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង បានបង្ហាញពីរថយន្ត Mercedes-Benz GLC F-Cell ថ្មីរបស់ខ្លួន ដោយរថយន្តមួយនេះក៏មានបំពាក់មកជាមួយនឹងប្រភេទម៉ាស៊ីន Plug-In Hybrid ផងដែរ។ ក្រុមហ៊ុនដដែលនេះ បាននិយាយផងដែរថារថយន្តមួយនេះ នឹងចាប់ផ្តើមធ្វើការផលិតដំបូងបំផុតរបស់វានៅក្នុងឆ្នាំក្រោយ នេះហើយ ហើយវាក៏នឹងក្លាយទៅជា ប្រភេទរថយន្ត Plug-In Hybrid ដំបូងបំផុតនៅក្នុងលោក ដែលប្រើប្រាស់ជាមួយប្រព័ន្ធអ៊ីដ្រូសែន,ផងដែរ។
Mercedes-Benz GLC F-Cell មានសមត្ថភាព អាចផ្ទុកអ៊ីដ្រូសែន បានចំនួន 4 គីឡូក្រាម តាមរយៈធុងដែលធ្វើឡើងពីលោហៈ carbon fiber ចំនួនពីរ ដែលមានទីតាំងនៅខាងក្រោមផ្នែកកៅអីជួរក្រោយតែម្តង។ សំរាប់ការបើកបរក្នុងក្រុងជាប្រចាំថ្ងៃវិញ គឺអាចបំពេញតម្រូវការបានយ៉ាងគ្រប់គ្រាន់ដល់អ្នកបើកបរ តាមរយៈការប្រើប្រាស់នូវថាមពលថ្មអាគុយតែមួយមុខ អាចឲ្យអ្នកបើកបរបានចំង៉ាយប្រហែល 50 គីឡូម៉ែត្រ ពោលគឺយើងសឹងតែមិនចាំបាច់ប្រើប្រាស់នូវកំលាំងចេញពីម៉ាស៊ីមអ៊ីដ្រូសែន សំរាប់ជាជំនួយនោះឡើយ។ ទាំងថាមពលចេញពីម៉ាស៊ីនថ្មអាគុយ និងថាមពលដែលចេញពីម៉ាស៊ីនអ៊ីដ្រូសែន រថយន្តនេះអាចមានសមត្ថភាព ឲ្យយើងបើកបរបានរយៈចំង៉ាយប្រហែល 500 គីឡូម៉ែត្រ ហើយសំរាប់ការចាក់បំពេញអ៊ីដ្រូសែនវិញ គឺយើងត្រូវចំណាយពេលដល់ទៅបីនាទីឯណោះ។
នៅពេលឥឡូវនេះ ក្រៅពីអត្ថប្រយោជន៍របស់រថយន្តនេះ ដែលមានដូចជា ការពុំមានបញ្ចេញនូវសារធាតុពលទៅបរិយាកាស និងការជួយសន្សំសំចៃជូនយើងយ៉ាងច្រើនក្នុងការចំណាយទៅលើប្រេងឥន្ធនៈ យើងពុំទាន់បានទទួលនូវដំណឹង អំពីកំលាំងម៉ាស៊ីន និងសន្ទុះល្បឿនរបស់រថយន្តប្រភេទនេះនៅឡើយទេ។