MENU

បន្លែមួយចំនួនរបស់ខ្មែរដែលជំនួយដល់សុខភាព

នៅប្រទេសកម្ពុជាយើង គឺសម្បូរទៅដោយធនធានធម្មជាតិ ហើយប្រជាជនខ្មែរតាំងពីជំនាន់ដើមមកដល់បច្ចុប្បន្ន បានរស់នៅពឹងផ្អែកលើវាជាយូរណាស់មកហើយ ក្នុងនោះខ្មែរយើងបានយកបន្លែបន្លុកមួយចំនួនដែលផ្ដល់ឲ្យដោយធម្មជាតិផ្ទាល់ធ្វើជាម្ហូបអាហារប្រចាំថ្ងៃ និងខ្លះជាអាហារប្រចាំប្រទេសផងដែរ។ ហើយអ្វីដែលពិសេសជាងនេះនោះ បន្លែដែលប្រជាជនខ្មែរតែងតែញុាំ និងដែលដុះលើទឹកដីខ្មែរទាំងនោះ គឺត្រូវបានបញ្ជាក់ពីអ្នកវិទ្យាសាស្ត្របច្ចុប្បន្នថាវាមានប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់យើង។ ខាងក្រោមនេះ ខ្ញុំនឹងរៀបរាប់ពីបន្លែមួយចំនួនរបស់ខ្មែរ ដែលមានប្រយោជន៍ដល់សុខភាពយើងគ្រប់គ្នា។

 

ត្រួយល្ពៅ

pumpkin-flower

 

ត្រួយល្ពៅ គឺជាបន្លែដែលអ្នកគិតគូរដល់បញ្ហាសុខភាពចូលចិត្តបរិភោគ។ ត្រួយល្ពៅ ដែលយកមកធ្វើអាហាររមែងមានជាប់ក្តិបផ្កាក្រពុំ និងផ្ការីកជាមួយផង។ មានអ្នកខ្លះនិយមយកវាទៅស្រុះធ្វើជាអន្លក់ទឹកគ្រឿង។ អ្នកខ្លះទៀតក៏យកទៅស្លរប្រហើរសម្លម្ជូរ ឬសម្លរកកូរ។ ត្រួយ និងផ្កាល្ពៅមានរសជាតិសាបក៏ពិតមែន តែសំបូរទៅដោយកាល់ស្យូម ហ្វូសហ្វ័រ ប្រូតេអ៊ីន។ សំខាន់ គឺវាសំបូរដោយវីតាមីន A ដែលជំនួយដល់ចក្ខុវិស័យ ឆ្អឹង និងកាត់បន្ថយការប្រឈមនឹងជំងឺមហារីក។ វាសំបូរកាកសរសៃអាហារ ដែលជួយឲ្យប្រព័ន្ធបន្ទោរបង់ប្រព្រឹត្តទៅស្រួលផងដែរ។ ត្រួយ និងផ្កាល្ពៅសំបូរនៅក្នុងរដូវភ្លៀងធ្លាក់ ដោយមានការដាក់លក់នៅតាមផ្សារក្នុងតំលៃថោក។ ដូច្នេះអ្នកគួរសាកល្បងប្តូរពីបន្លែផ្សេងមកត្រួយ និងផ្កាល្ពៅសាកមើល ដើម្បីជាការផ្លាស់ប្តូររសជាតិ និងឲ្យរាងកាយបានទទួលសារធាតុចម្បងពីអាហារផង។

 

ត្រួយម្កាក់

Spondias dulcis815

 

ត្រួយម្កាក់ គឺជាបន្លែមានស្លឹករលោងស្អាត មានរសជាតិជូរលាយផ្អែមតិចៗ ហើយវាមានក្លិនក្រអូបជ្រះ។ បើអ្នកចង់ទទួលបានវីតាមីន C សំរាប់ពង្រឹងប្រព័ន្ធការពាររាងកាយនោះ អ្នកគួរទទួលទានត្រួយម្កាក់ជាអាហារ ដោយអាចយកទៅធ្វើជាអន្លក់ របោយនំបញ្ចុក ឬសម្លម្ជូរក៏បាន។ ក្រៅពីវីតាមីន C វាក៏សំបូរទៅដោយធាតុដែកផងដែរ។ លើសពីនេះវាមានកាល់ស្យូមនិងហ្វូសហ្វ័រគ្រប់យ៉ាងទាំងអស់។

 

ត្រួយស្វាយ

 

mango-leaves

 

នេះគឺរដូវដែលស្វាយចាប់ផ្តើមលាស់ត្រួយខ្ចីស្រស់បំព្រង មុននឹងចេញផ្លែផ្កា។ អ្នកដឹងទេថា ត្រួយខ្ចីរបស់ស្វាយ ដែលមានពណ៌ត្នោតក្រហមនេះ គឺជាអាហារដែលមានគុណប្រយោជន៍ចំពោះសុខភាពខ្លាំងណាស់ ព្រោះវាសំបូរទៅដោយហ្វូសហ្វ័រ ដែលមានចំណែកធ្វើឲ្យឆ្អឹង និងធ្មេញរឹងមាំ។ ក្រៅពីនេះវីតាមីន C ដែលសម្បូរនៅក្នុងត្រួយស្វាយ គឺជាអ្នកជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងជួយការពារជម្ងឺរាក់ស៊ីធ្មេញ។ បញ្ជីរាយមុខម្ហូប ដែលប្រើត្រួយស្វាយមានដូចជា ញុំាត្រួយស្វាយសាច់អាំង ឬត្រីឆ្អើរ។ អ្នកខ្លះទៀតក៏យកទៅហូបជាបន្លែស្រស់ ធ្វើជាអន្លក់ទឹកគ្រឿង ឬជ្រលក់ត្រីប្រៃដោយរសជាតិជូរជ្រះរបស់វាជួយលើរសជាតិអាហារយ៉ាងល្អ។

 

ព្រលិត

water-lilies-usually-bloom-brightly-in-the-morning-and-again-in-the-afternoon-1267011-20131111130139-4

 

ព្រលិត គឺជារុក្ខជាតិដុះក្នុងភក់ មានផ្ការីកស្អាតស្គុសស្គាយ លើផ្ទៃគង្គារគួរឲ្យគយគន់ និងមានក្លិនក្រអូបប្រហើរ។ ដើមវាពេលដកពីទឹកមកស្រស់ មានលក្ខណៈស្រួយ និងត្រជាក់ដែលអាចធ្វើជាអាហារជាច្រើនមុខដូចជាសម្លម្ជូរ ឆា ឬ បរិភោគធ្វើជាអន្លក់ស្រស់ៗក៏បាន។ ព្រលិតមានគុណសម្បត្តិជួយបញ្ចុះកំដៅក្នុងរាងកាយព្រោះវាមានទឹកច្រើន។ តែក៏មានសារធាតុអាហារផ្សេងទៀត ដែលក្នុងនោះរួមមានកាល់ស្យូម ហ្វូសហ្វ័រ និងវីតាមីន C ព្រមទាំងបេតាឃែរ៉ូទីនក៏មានប្រយោជន៏ផងដែរ។

 

taprum_854934160

Comments Off on បន្លែមួយចំនួនរបស់ខ្មែរដែលជំនួយដល់សុខភាព សុខភាព

Comments are closed.

យោបល់របស់អ្នកអាន