ជាទូទៅសំរាប់អ្នកដែលស្រលាញ់រថយន្តតែងតែចំណាយពេលវេលាមួយភាគរបស់ពួកគេទៅលើរថយន្តដូចជា ការបើកបរទៅកន្លែងធ្វើការ ការបើកបរទៅសាលារៀន និងការបើកបរកំសាន្តជាដើម។ យើងអាចនិយាយបានថារថយន្តគឺជាផ្ទះទីពីររបស់យើងក៏បាន ព្រោះថាយើងបានចំណាយពេលវេលាជាច្រើននៅក្នុងបន្ទប់ដ៏តូចដែលអាចផ្លាស់ទីមួយនេះ។ ដូចនេះរាល់ម្ចាស់រថយន្តគ្រប់រូបតែងប្រាថ្នាចង់ឲ្យរថយន្តរបស់ខ្លួនមានសុវត្ថិភាពខ្ពស់ គុណភាពល្អ មានផាសុខភាពខ្ពស់ និងជាពិសេសគឺចង់ឲ្យមានប្រព័ន្ធបច្ចេកវិទ្យាកំសាន្តដ៏ល្អមួយ ដើម្បីបំបាត់នូវរាល់ភាពអផ្សុក ដែលតែងតែកើតឡើងរាល់ពេលបើកបរ។ សំរាប់ខាងក្រោមនេះគឺជាប្រព័ន្ធបំពងសម្លេងម៉ាកល្បីៗ ដែលគេនិយមបំពាក់នៅក្នុងរថយន្តប្រណីតៗមួយចំនួន ៖
BOSE
BOSE គឺជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលមានជំនាញក្នុងការផលិតឧបករណ៍ និងប្រព័ន្ធបំពងសម្លេង មានដូចជាកាសត្រចៀក បាស និង ប្រព័ន្ធសំលេងបាសរថយន្តជាដើម។ ក្រុមហ៊ុននេះគឺបានចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ 1964 ដោយលោក Dr. Amar G. Bose ដោយដំបូងឡើយ ក្រុមហ៊ុនមួយនេះគឺមានឈ្មោះតែនៅក្នុងប្រទេសតែប៉ុណ្ណោះ តែក្រោយមកកេរ្តិ៍ឈ្មោះរបស់វាបានល្បីល្បាញ់ពេញសាកលលោកតែម្តង។ BOSE ត្រូវបានអ្នកប្រើប្រាស់ស្គាល់តាមរយៈគុណភាពនៃប្រព័ន្ធសម្លេងនៅតាមផ្ទះ ប្រព័ន្ធកំចាត់សម្លេងរំខាន និងប្រព័ន្ធសម្លេងរថយន្តដ៏អស្ចារ្យរបស់វា។ ក្រុមហ៊ុនរថយន្តដែលជ្រើសយក BOSE មកធ្វើជាប្រព័ន្ធកំសាន្តមានដូចជាក្រុមហ៊ុន AUDI, PORSCHE, CADILLAC, GMC, CHEVROLET, NISSAN, MAZDA និង INFINITI ជាដើម។
BANG & OLUFSEN
BANG & OLUFSEN គឺជាម៉ាកផលិតផលរបស់ក្រុមហ៊ុនប្រទេសដាណឺម៉ាក ដែលក្រុមហ៊ុននេះមានជំនាញក្នុងការផលិតឧបករណ៍បំពងសម្លេង គ្រឿងទូរទស្សន៍ និងគ្រឿងរបស់ទូរស័ព្ទផងដែរ។ ម៉ាកនេះត្រូវបានគេរកឃើញដំបូងនៅក្នុងឆ្នាំ 1925 ដោយលោក Peter Bang និងលោក Svend Olufsen។ នាពេលបច្ចុប្បន្ន គឺមានក្រុមហ៊ុនរថយន្តប្រណីតបួនបានជ្រើសរើស BANG & OLUFSEN ធ្វើជាកញ្ចប់បច្ចេកវិទ្យាបន្ថែមរបស់ខ្លួន ក្នុងនោះរួមមានក្រុមហ៊ុន AUDI, BMW, ASTON MARTIN និង AMG របស់ Mercedes-Benz ជាដើម។
harman /kardon by HARMAN
harman /kardon by HARMAN គឺជាម៉ាកប្រព័ន្ធ និងឧបករណ៍សម្លេងដ៏ល្បីរបស់ក្រុមហ៊ុន HARMAN ដោយវាត្រូវបានគេចាប់ផ្តើមធ្វើការផលិតដំបូងបង្អស់នៅក្នុងឆ្នាំ 1953 ដោយលោក Sidney Harman និងលោក Bernard Kardon។ harman /kardon by HARMAN ត្រូវបានពិភពលោកស្គាល់តាមរយៈឧបករណ៍អុមផ្លីសម្លេង និងឧបករណ៍បំពងសម្លេងប្រណីតតាមផ្ទះរបស់វា ហើយក្រោយមកវាក៏មានឈ្មោះល្បីខ្លាំងនៅក្នុងវិស័យប្រព័ន្ធសម្លេងរបស់រថយន្តផងដែរ។ ក្រុមហ៊ុនរថយន្តដែលជ្រើសរើស harman /kardon by HARMAN ធ្វើជាដៃគូសហការក្នុងការបំពាក់ប្រព័ន្ធបំពងសម្លេងមានដូចជា BMW, CHRYSLER, Mercedes-Benz, MINI, Jeep និង SABURU ជាដើម។
Mark Levinson
សំរាប់អ្នកដែលនិយមប្រើប្រាស់រថយន្តប្រណីត LEXUS ប្រហែលជាស្គាល់ម៉ាក Mark Levinson នេះច្បាស់ណាស់ហើយ ព្រោះវាត្រូវបានក្រុមហ៊ុនរថយន្តប្រណីត LEXUS ជ្រើសរើសផ្តាច់មុខសំរាប់កញ្ចប់ប្រណីតបន្ថែមរបស់ខ្លួន។ Mark Levinson ក៏ជាម៉ាកផលិតផលមួយ ដែលផលិតដោយក្រុមហ៊ុន HARMAN ដែរ ដោយវាត្រូវបានគេចាប់ផ្តើមផលិតដំបូងនៅក្នុងឆ្នាំ 1972 ដោយលោក Mark Levinson។ នៅពេលបច្ចុប្បន្ននេះ គឺមិនទាន់មានក្រុមហ៊ុនរថយន្តណាផ្សេងប្រើប្រាស់ប្រព័ន្ធបំពងសម្លេងនេះក្រៅពី LEXUS នោះទេ។
Lexicon
Lexicon គឺមិនខុសពី Mark Levinson និង harman /kardon នោះទេ ព្រោះពួកវា គឺសុទ្ធតែជាផលិតផលរបស់ក្រុមហ៊ុន HARMAN ដូចគ្នា។ នាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនរថយន្តពីររបស់កូរ៉េកំពុងតែសហការជាមួយគ្នាក្នុងការបំពាក់បច្ចេកវិទ្យាសម្លេងនេះទៅក្នុងរថយន្តរបស់ពួកគេ ក្នុងនោះមានដូចជា HYUNDAI និង KIA ជាដើម។
MERIDIAN
គឺជាម៉ាកផលិតផលរបស់ក្រុមហ៊ុន Meridian នៃប្រទេសអង់គ្លេស។ ក្រុមហ៊ុននេះត្រូវបានពិភពលោកស្គាល់តាមរយៈស្នាដៃផលិត ប្រព័ន្ធ និងឧបករណ៍បំពងសម្លេងដ៏ប្រណីត ឧបករណ៍ និងប្រព័ន្ធវីដេអូ ជាដើម។ ក្រុមហ៊ុននេះចាប់ផ្តើមដំណើរការដំបូងនៅក្នុងឆ្នាំ 1977 ដោយលោក Bob Stuart និងលោក Allen Boothroyd។ សំរាប់ក្រុមហ៊ុនរថយន្តដែលជាដៃគូរបស់ Meridian មានដូចជា JAGUAR, LAND ROVER និង Mclaren ជាដើម។
Burmester
គឺជាក្រុមហ៊ុនរបស់ប្រទេសអាល្លឺម៉ង់ ដែលមានជំនាញក្នុងការផលិតឧបករណ៍ និងប្រព័ន្ធបំពងសម្លេងដែលមានគុណភាពល្អ និងប្រណីត។ ក្រុមហ៊ុននេះត្រូវបានចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ 1977 នៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ នាពេលបច្ចុប្បន្ន មានក្រុមហ៊ុនរថយន្តប្រណីតកំពូលៗមួយចំនួនបានជ្រើសរើសម៉ាកផលិតផលនេះមកធ្វើជាដៃគូរ ក្នុងនោះរួមមាន Bugatti, Porsche និង Mercedes-Benz ជាដើម។