MENU

បញ្ហាមួយចំនួន ដែលអ្នកបើកបររថយន្តម៉ាស៊ូតនៅក្នុងក្រុងនឹងប្រឈមជាមួយ

មានប្រិយមិត្តមួយចំនួនតែងតែមានចម្ងល់អំពីការបើកបរប្រចាំថ្ងៃរបស់ពួកគាត់ តើគួរជ្រើសរើសរថយន្តប្រភេទណាដែលអាចផ្តល់ភាពងាយស្រួល ជួយកាត់បន្ថយការចំណាយទៅលើប្រេងឥន្ធនៈ និងពុំសូវមានបញ្ហាច្រើនជាមួយនឹងការជួសជុលរថយន្តនោះ?

 

20140530_a7-tdi_612mz

 

ដូចដែលអ្នកទាំងអស់គ្នាបានជ្រាបពីមុនមក ឬតាមរយៈអត្ថបទមួយចំនួនរបស់ khmerlife.style ជម្រើសរវាងរថយន្តម៉ាស៊ូត និង រថយន្តសាំង ដែលបានបកស្រាយអំពីសមត្ថភាពរបស់រថយន្តម៉ាស៊ូតថា ការបញ្ចេញថាមពលរបស់ប្រភេទរថយន្តដែលប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត គឺមានលក្ខណៈខុសប្លែកគ្នា ពីការបញ្ចេញថាមពលរបស់រថយន្តដែលមានដំណើរការដោយម៉ាស៊ីនសាំង ដែលជាធម្មតាគឺវាអាចសន្សំសំចៃប្រេងបានច្រើនជាង និងដឹកជញ្ជូន ឬសណ្តោងបានរបស់ធ្ងន់ៗជាងរថយន្តប្រភេទសាំង ប៉ុន្តែរថយន្តដែលដើរដោយម៉ាស៊ីនម៉ាស៊ូត គឺមិនសូវជាមានសន្ទុះល្បឿនលឿនដូចរថយន្តសាំងនោះឡើយ។ ដោយសារតែកត្តាទាំងប៉ុន្មាននៅខាងលើនេះ ទើបរថយន្តដឹកទំនិញ និងសណ្តោងភាគច្រើនគឺប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត។ អញ្ចឹងបើយើងងាកមកនិយាយអំពីការបើកបររបស់រថយន្តមា៉ស៊ូតនៅក្នុងទីក្រុងវិញ ថាតើវាសក្តិសមសំរាប់ការបើកបរជាមួយស្ថានភាពចររាចរណ៍នៅក្នុងទីក្រុងដែរឬទេ? ហើយថាតើតម្លៃដ៏ថ្លៃរបស់រថយន្តប្រភេទម៉ាស៊ូតអាចកាត់កងជាមួយនិឹងការបើកបររយៈចម្ងាយជិតរបស់អ្នកដែលនៅទីក្រុងដែរឬទេ?

 

តើការសន្សំសំចៃប្រេងមានប្រសិទ្ធភាពសំរាប់ការបើកបរនៅក្នុងក្រុងដែរឬទេ?

ជាធម្មតាការសន្សំសំចៃប្រេងគឺមិនមានប្រសិទ្ធភាព សំរាប់រាល់ការបើកបរក្នុងរយៈចម្ងាយជិតនោះឡើយ។ មិនថារថយន្តរបស់អ្នកជាប្រភេទសាំង ឬម៉ាស៊ូតនោះទេ ប្រសិនបើអ្នកបើកបរវាក្នុងរយៈចម្ងាយជិត ឬបើកបរក្នុងរយៈពេលខ្លីនោះ គឺអ្នកមិនអាចសន្សំសំចៃប្រេងបានច្រើននោះឡើយ ដោយសារជាធម្មតារថយន្តត្រូវការពេលដំណើរការច្រើនជាង 15 នាទី  ដើម្បីឲ្យម៉ាស៊ីនរបស់វាបានដំណើរការជាមួយនឹងកំដៅដ៏ក្តៅសមរម្យ ឬក៏យើងអាចនិយាយបានថា រាល់រថយន្តគ្រប់ប្រភេទនឹងប្រើប្រាស់ប្រេងឥន្ធនៈច្រើន ប្រសិនជាយើងបើកបរក្នុងអំឡុងពេលម៉ាស៊ីនរថយន្តមិនមានកំដៅគ្រប់គ្រាន់។ ម៉្យាងវិញទៀតការបើកបរជាមួយនឹងការជាន់ហ្វ្រាំង និងបន្ថែមសន្ទុះល្បឿនហ្គែរជារឿយៗមុន និងបន្ទាប់ពីការឈប់ស្ទុប ឬនៅពេលស្ទះចរាចរណ៍ ក៏អាចធ្វើឲ្យបាត់បង់នូវប្រសិទ្ធភាពនៃការសន្សំសំចៃប្រេងបានដែរ។

 

Fuel-efficiency

 

បញ្ហានៃបច្ចេកវិទ្យារបស់រថយន្តដែលអ្នកបើកបររថយន្តម៉ាស៊ូតក្នុងក្រុងត្រូវប្រឈម

សំរាប់រថយន្តម៉ាស៊ូតដែលផលិតឡើងដើម្បីតម្រូវទៅតាមមជ្ឈដ្ឋានរបស់ប្រទេសប៉ែកអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលផលិតឡើងចាប់ពីឆ្នាំ 2009​ ឡើងទៅ តែងមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាកាត់បន្ថយផ្សែងពុលទៅក្នុងបរិយាកាស​ម៉្យាង ដែលមានឈ្មោះថាប្រព័ន្ធបច្ចេកវិទ្យា DPF ( Diesel Particulate Filter) ឬហៅថាប្រព័ន្ធសំបុកឃ្មុំរថយន្ត។DPF ( Diesel Particulate Filter) ឬហៅថាប្រព័ន្ធសំបុកឃ្មុំរថយន្ត គឺជាប្រព័ន្ធបច្ចេកវិទ្យានៅក្នុងរថយន្តមួយដែលត្រូវបានផលិតឡើងដើម្បីកាត់បន្ថយការបញ្ចេញនូវផ្សែងពណ៌ខ្មៅដែលមានជាតិពុលទៅក្នុងបរិស្ថាន ដែលផ្សែងទាំងនោះភាគច្រើនបញ្ចេញដោយរថយន្តម៉ាស៊ូតដែលមានអាយុកាលចាស់ ឬពុំទាន់បានភ្ជាប់មកជាមួយនឹងប្រព័ន្ធ DPF នេះ។ ប្រព័ន្ធ DPF គឺដំណើរការដោយការប្រមូលផ្តុំនូវរាល់កាកសំណល់ផ្សែងខ្មៅ ដែលចេញពីចំហេះប្រេងម៉ាស៊ូតទុកនៅក្នុងដុំ filter សំបុកឃ្មុំ ហើយរាល់កាកសំណល់ទាំងនោះនឹងត្រូវបានបំលែង និងកាត់បន្ថយជាតិពុលនៅក្នុងសំបុកឃ្មុំជាមុនសិនទើបវាត្រូវបានបញ្ចេញទៅក្នុងបរិយាកាសខាងក្រៅ។ ដើម្បីឲ្យម៉ាស៊ីនរថយន្ត និងប្រព័ន្ធសំបុកឃ្មុំមានកំដៅសមរម្យដែលអាចដុតកាកសំណល់ពុលទាំងនោះ ហើយបញ្ចេញវាទៅក្នុងបរិយាកាសខាងក្រៅបាន វាទាមទាឲ្យអ្នកប្រើប្រាស់រថយន្តម៉ាស៊ូត ដែលមានប្រព័ន្ធ DPF ទាំងឡាយត្រូវបើកបររថយន្តពួកគេជាប្រចាំថ្ងៃ ដោយយ៉ាងហោចណាស់ធ្វើការបើកបរក្នុងល្បឿន 40 គីឡូម៉ែត្រក្នុងមួយម៉ោង ឲ្យបានរយៈពេល 15 ទៅ 20 នាទី។ ប៉ុន្តែប្រសិនបើលោកអ្នកដែលជាម្ចាស់រថយន្តពុំសូវបានបើកបរ ឬបើកបរត្រឹមរយៈចម្ងាយជិត ជាមួយល្បឿនយឺតនោះ វានឹងធ្វើឲ្យប្រព័ន្ធ DPF របស់លោកអ្នកស្ទះ ហើយការស្ទះជាញឹកញាប់ នឹងអាចបណ្តាលឲ្យប្រព័ន្ធនេះខូចខាត ដែលតម្រូវឲ្យយើងត្រូវចំណាយប្រាក់យ៉ាងច្រើនសំរាប់ធ្វើការផ្លាស់ប្តូរ ឬជួសជុលវាផងដែរ។ 

 

dpf-failure-warning-light1

 

diesel_particulate_filter_dpf

ដុំសំបុកឃ្មុំ ឬ DPF

 

ដូចនេះសំរាប់អ្នកដែលតែងប្រើប្រាស់រថយន្តសំរាប់ដឹកជញ្ជូន ឬសណ្តោងធ្ងន់ ហើយតែងបើកបរឡើងផ្លូវឆ្ងាយជាប្រចាំនោះ រថយន្តម៉ាស៊ូតគឺជាជម្រើសដ៏ល្អបំផុតសំរាប់អ្នក។ ប៉ុន្តែសំរាប់អ្នកដែលពុំសូវបើកបររថយន្ត ឬបើកបរតែនៅក្នុងទីក្រុងក្នុងរយៈល្បឿនយឺត ការជ្រើសរើសរថយន្តប្រភេទម៉ាស៊ូតសំរាប់បើកបរគឺមិនមែនជាជម្រើសមួយដ៏ល្អនោះទេ ព្រោះលោកអ្នកអាចនឹងប្រឈមជាមួយនឹងបញ្ហាការចំណាយច្រើនទៅលើការប្រើប្រាស់ប្រេងឥន្ធនៈ និងបញ្ហាប្រព័ន្ធ DPF របស់រថយន្តប្រភេទនេះជាដើម។ សំរាប់អ្នកដែលតែងបើកបរនៅក្នុងទីក្រុងដែលមានចររាចរណ៍ចង្អៀតនោះ រថយន្តប្រភេទសាំង ឬប្រភេទហាយប្រ៊ីតគឺជាជម្រើសប្រសើរ ជាជាងជ្រើសរើសយករថយន្តប្រភេទម៉ាស៊ូត។

Comments Off on បញ្ហាមួយចំនួន ដែលអ្នកបើកបររថយន្តម៉ាស៊ូតនៅក្នុងក្រុងនឹងប្រឈមជាមួយ យានយន្ត

Comments are closed.

យោបល់របស់អ្នកអាន