បន្ទាប់ពី កម្មវិធីដែល Apple ចេញសំរាប់ធ្វើបទចំរៀង និង ធ្វើភ្លេង ដែលមានឈ្មោះថា Garage band និង Logic pro X ដែលល្បីក្នុងពិភពលោកថាជាកម្មវិធីដែលល្អ ឥឡូវនេះ Apple បានរៀបរាងបញ្ចេញនូវ កម្មវិធីមួយទៀតដែល ប្រើសំរាប់ធ្វើបទចំរៀងដែលនោះ មានឈ្មោះថា Music Memos។ តើ Music Memos មានអ្វីខ្លះដែលគួរចាប់អារម្មណ៍ និង ល្អយ៉ាងណានោះចូរស្វែងយល់ជាមួយគ្នា។
Music memos ស្មើនឹងពាក្យ music + memos ដែលបកប្រែថា ចំរៀង និង ការកត់ត្រាទុក ដូចដែលឈ្មោះរបស់វាអញ្ចឹង គឺវាមានតួនាទីសំរាប់ កត់ត្រាថតទុកនូវចំរៀងដែលអ្នកលេង ដូចជាអ្នកលេងហ្គីតា ឬ ព្យាណូ និងឧបករណ៍ផ្សេងៗ ដែលអ្នកកំពុងមានគំនិតចង់តែង សំរាប់ទុកសរសេរ នៅថ្ងៃក្រោយ ឬ កំពុងតែលេងនូវចំរៀងដែលមានហើយ ។ ការថតទុករបស់វាមានសភាពច្បាស់ល្អ គុណភាពខ្ពស់ រក្សាគុណភាពដើម។
សំរាប់អ្នកដែលចង់ថតចង្វាក់ចំរៀងដែលខ្លួនតែង ដោយស្រួលមិនចាំបាច់លេងផងសរសេរផង ដដែលៗ អ្នកអាចយក Music memos មកថតក៏បាន ព្រោះវាអាចថត រួមជាមួយនិងអាចស្គាល់អាគ័រដោយខ្លួនវាបានទៀតផង។ វាអាចដឹងចង្វាក់អ្នកមានប៉ុន្មានក្នុង1នាទី អាចដឹងពីប្រភេទនៃចង្វាក់ដែលអ្នកលេង ហើយអ្នកអាចសរសេរអត្ថន័យចំរៀងនៅក្នុងនោះបានតែម្តង។
បន្ទាប់ពីថតចប់អ្នកអាចបន្ថែមនូវ ចង្វាក់ស្គរ ឬ បាស់ ដែលមាននៅក្នុងកម្មវិធីនោះស្រាប់ គឺវាអូតូម៉ាទិកតែម្តង។ ម្យ៉ាងវិញទៀត កម្មវិធីនេះអាចប្រើជំនួសឧបករណ៍វាស់សំលេង ហ្គីតា របស់អ្នក (Tuner) ការវាស់របស់វាគឺផ្ចិតផ្ចង់ និង ល្អបំផុត។ ក្រោយពីអ្នកបាន ថតចប់ អ្នកអាចបញ្ជូនវាទៅ Apple music ឬ Soundcloud និង អ្នកអាចរក្សារទុកសំរាប់ថតសំលេងច្រៀងបន្ថែមទៀតជាមួយ Garage band ឬ Logic pro X ។
ជាចុងក្រោយគ្រាន់តែជាការបន្ថែមខ្លះៗ សំរាប់ការថតសំលេង ហ្គីតា ឬ ព្យាណូ អ្នកគួរតែថតពី មីក្រូហ្វូនរបស់កាស ឬ មីក្រូហ្វូនក្រៅពីទូរស័ព្ទ ទើបអាចជួយអ្នកកុំអោយ ថតដោយជាមួយនឹង ខ្យល់។ ជារួម កម្មវិធីនេះគឺសំរាប់អ្នក ដែលចូលចិត្តតែងបទចំរៀង ហើយមិនសូវយករបស់ច្រើនតាមខ្លួន តែ iPhone ឬ iPad និង ហ្គីតាមួយដើមអ្នកអាចតែងបទចំរៀងមួយយ៉ាងងាយស្រួល។ កម្មវិធីនេះអាចទាញយកដោយមិនគិតលុយ ពី App Store។