MENU

រឿងមួយចំនួនដែលយើងគួរពិចារណាមុននឹងសំរេចចិត្តចិញ្ចឹមសត្វឆ្កែ

វាជាការពិតណាស់ដែលថា សត្វឆ្កែគឺជាសត្វចិញ្ចឹមមួយដែលគួរឲ្យស្រលាញ់ ជាមិត្តដ៏ជិតស្និទ្ធរបស់យើង ជាអ្នកកំដរយើងនៅពេលអផ្សុក និង ជាអ្នកដែលស្មោះត្រង់ជាមួយនឹងយើងជាងគេ ប៉ុន្តែការចិញ្ចឹមពួកវាក៏ទាមទាឲ្យយើងចំណាយពេលជាច្រើនទៅលើពួកវាផងដែរ។ វាជារឿងទូទៅទៅហើយដែលថាយើងត្រូវការចំណាយពេលវេលា និង ប្រាក់កាសច្រើនដើម្បីបង្រៀន និង ថែរក្សារសត្វឆ្កែរបស់យើងតាំងពីតូចរហូតដល់វាពេញវ័យ ប្រៀបបានដូចជាការចិញ្ចឹមកូនមួយអញ្ចឹងដែរ ដូចនេះការចិញ្ចឹមឆ្កែ គឺមិនមែនជាការសំរេចចិត្តតែមួយគ្រានោះទេ គឺវាទាមទាឲ្យយើងត្រូវគិតយ៉ាងច្បាស់លាស់មុនពេលនឹងថាត្រូវចិញ្ចឹមពួកវា។

 

p1

 

ខាងក្រោមនេះគឺជាកត្តាមួយចំនួនដែលយើងត្រូវពិចារណារឲ្យបានច្បាស់លាស់មុននឹងសំរេចចិត្តចិញ្ចឹមសត្វឆ្កែ ៖

  • ការចំណាយពេលវេលា 

សំរាប់អ្នកដែលគ្រោងនឹងចិញ្ចឹមកូនឆ្កែពីតូចទៅ អ្នកគួរតែជ្រាបថា ការចាប់ផ្តើមចិញ្ចឹមកូនឆ្កែដែលនៅតូចគឺមានភាពលំបាកជាងការចិញ្ចឹមសត្វឆ្កែដែលធំពេញវ័យ មូលហេតុគឺដោយសារកូនឆ្កែគឺប្រៀបបានដូចទៅនឹងកូនក្មេងដែលពុំដឹងអ្វីអញ្ចឹងដែរ ពោលគឺនៅពេលដែលវាត្រូវព្រុះគឺវាព្រុះ នៅពេលដែលវាត្រូវការកកេរគឺវានឹងកកេរដោយមិនរើសថាវាជាវត្ថុអ្វីនោះឡើយ ឬ នៅពេលដែលវាត្រូវការជុះគឺវានឹងជុះពាសវាលពាសកាលតែម្តង ដូចនេះវានឹងក្លាយជាបញ្ហារបស់អ្នកបើអ្នកមិនចំណាយពេលវេលាគ្រប់គ្រាន់សំរាប់បង្ហាត់បង្រៀនពួកវានោះទេ។ ម៉្យាងវិញទៀត លុះដល់ពេលដែលពួកវាពេញវ័យយើងត្រូវចំណាយពេលវេលាមួយចំនួនក្នុងការដឹកពួកវាដើរនៅតាមផ្លូវសាធារណៈផងដែរ ដើម្បីឲ្យពួកវាមានអារម្មណ៍ស្រស់ថ្លា រីករាយ និង ដើម្បីកុំឲ្យពួកវាមានអារម្មណ៍ពុំសូវស្និទ្ធនឹងមជ្ឈដ្ឋានខាងក្រៅ ឬ កើតជំងឺធាត់ជាដើម។

 

take-puppy-outside-immediately-to-pee

 

11.6.14-App-Donates-Money-for-Dog-Walking2

 

  • ការតុបតែង និង សំអាត

សត្វឆ្កែក៏ដូចជាមនុស្សអញ្ចឹងដែរ គឺវាត្រូវការការសំអាតខ្លួន កាត់ក្រចក និង កាត់រោមជាប្រចាំ។ ដោយទាំងអស់នេះគឺនឹងក្លាយជាកាតព្វកិច្ចរបស់យើង ដែលជាម្ចាស់របស់វា។ ប្រសិនបើយើងមិនចង់ចំណាយពេលធ្វើរឿងទាំងអស់នេះ គឺយើងអាចរកកន្លែងផ្តល់សេវាបែបនេះនៅខាងក្រៅបាន ដោយត្រូវចំណាយប្រាក់ពី 10 ទៅ 20 ដុល្លាសំរាប់ការសំអាត និង ការកាត់រោម និង ក្រចក ម្តងៗ។ ក្រៅពីរឿងទាំងអស់នេះទៅ នៅមានបញ្ហាសំខាន់មួយទៀតដែលអ្នកដែលចិញ្ចឹមឆ្កែនឹងជួបប្រទះនោះគឺបញ្ហារោមរបស់វាតែម្តង។ រោមឆ្កែអាចនឹងទៅទុមជាប់គ្រប់ទីកន្លែងនៅក្នុងផ្ទះរបស់អ្នក សូម្បីតែសំលៀកបំពាក់របស់អ្នកក៏មានដែរ ជាពិសេសសំរាប់សំលៀកបំពាក់ដែលមានពណ៌ខ្មៅតែម្តង។ ហើយអ្វីដែលយើងគួរតែគិតឲ្យបានច្បាស់លាស់មុnនឹងសំរេចចិត្តថាត្រូវចិញ្ចឹមពួកវានោះ គឺយើងត្រូវស្វែងយល់ពីសុខភាពរបស់ពួកយើងជាមុន ដើម្បីឲ្យប្រាកដថាយើងមិនមានប្រតិកម្មជាមួយរោមឆ្កែនោះទេ។

 

9925699_orig

 

dog-bath-skunk2

 

  • ការចំណាយប្រាក់ដើម្បីថែរក្សារសុខភាព

បន្ទាប់ពីយើងទិញកូនឆ្កែពីហាងលក់សត្វចិញ្ចឹមមក យើងចាំបាច់ត្រូវតែនាំវាទៅពិនិត្យដើម្បីស្វែងរកមេរោគ ឬ ជំងឺផ្សេងៗដែលវាអាចឆ្លងពីកូនឆ្កែដ៏ទៃ ហើយយើងក៏ត្រូវធ្វើការចាក់វ៉ាក់សាំងការពារទៅឲ្យពួកវាផងដែរ ដោយទាំងអស់នេះគឺសុទ្ធតែទាមទាឲ្យយើងចំណាយប្រាក់មួយចំនួនទៅលើពួកវា។ សំរាប់នៅបរទេសដូចជានៅអឺរ៉ុបជាដើម ក្រៅពីការមើលថែទាំជាបឋមទាំងអស់នេះហើយ ការចិញ្ចឹមសត្វគឺតម្រូវឲ្យមានការចំណាយទៅលើការធានារ៉ាប់រងសុខភាពរបស់ពួកវាជារៀងរាល់ខែផងដែរ។

 

health-insurance

 

  • ត្រូវប្រឈមមុខនឹងអារម្មណ៍ដែលត្រូវបាត់បង់

សំរាប់អ្នកដែលគ្រោងនឹងចិញ្ចឹមសត្វឆ្កែ អ្នកគួរតែយល់ច្បាស់ថា មិនមានអ្វីដែលអាចនៅជាមួយយើងស្ថិតស្ថេរជារៀងរហូតនោះទេ ដូចនេះអ្នកគួរតែចេះធ្វើការទ្រាមចិត្តជាមុន ដើម្បីងាយនឹងប្រឈមមុខនឹងអារម្មណ៍ដែលត្រូវបាត់បង់សត្វចិញ្ចឹមជាទីស្រលាញ់របស់អ្នកនៅក្នុងថ្ងៃណាមួយ។ ដោយជាធម្មតាសត្វឆ្កែអាចមានអាយុរស់នៅបានពី 9 ទៅ 15 ឆ្នាំ ទៅតាមប្រភេទពូជផ្សេងៗគ្នា។

 

130816-Brownie

Comments Off on រឿងមួយចំនួនដែលយើងគួរពិចារណាមុននឹងសំរេចចិត្តចិញ្ចឹមសត្វឆ្កែ សង្គម

Comments are closed.

យោបល់របស់អ្នកអាន