MENU

អាហារទាំង ៧ ដែលអាចជួយឲ្យអ្នកកាត់បន្ថយភាពស្មុគ្រស្មាញបាន

អាហារដែលអ្នកបរិភោគរៀងរាល់ថ្ងៃ គឺសុទ្ធតែមានផលប៉ះពាល់ទៅលើកម្រិតនៃភាពស្មុគ្រស្មាញរបស់អ្នក ទាំងល្អ និងអាក្រក់។ អាហារខ្លះអាចកាត់បន្ថយ ឬបង្កើននូវអ័រម៉ូននៅក្នុងខ្លួនរបស់អ្នកដែលជួយការពារអ្នកកុំឲ្យមានភាពស្មុគ្រស្មាញក្នុងអារម្មណ៍ ហើយអាហារមួយចំនួនទៀតធ្វើឲ្យកម្រិតនៃភាពស្មុគ្រស្មាញរបស់អ្នកកើនឡើងខ្លាំងតែម្តង។ ការពិតទៅ អ័រម៉ូនមួយចំនួនដែលធ្វើឲ្យយើងមានអារម្មណ៍ល្អ ដូចជា estrogen, testosterone, dopamine, insulin, cortisol, និង serotonin គឺសុទ្ធតែអាចត្រូវបានផ្លាស់ប្ដូរ និងប៉ះពាល់ដោយសារអាហារដែលយើងទទួលទានជារៀងរាល់ថ្ងៃ។ នៅក្នុងអត្ថបទនេះ ខ្ញុំនឹងរៀបរាប់ពីអាហារទាំង ៧ ដែលអ្នកអាចរកបានងាយៗនៅតាមទីផ្សារ ដែលអាចជួយកាត់បន្ថយភាពស្មុគ្រស្មាញនៅក្នុងអារម្មណ៍របស់អ្នកបាន។

stressed

 

 

1. ផ្លែប៊ែរីខៀវ និង ប៊ែរីខ្មៅ (Blueberries and Blackberries)

1.-e1456859944278

 

សារធាតុម៉្យាងដែលមានឈ្មោះថា Anthocyanins ដែលមាននៅក្នុងផ្លែប៊ែរី ខៀវ និងខ្មៅ គឺជាធាតុដែលធ្វើឲ្យផ្លែប៊ែរីទាំងពីរនេះមានពណ៌ដិតៗបែបនេះ។ ហើយប្រភេទសារធាតុនេះផងដែរ គឺជាប្រភេទសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយឲ្យខួរក្បាលរបស់អ្នកបង្កើតនូវអ័រម៉ូន dopamine ដែលជាអ័រម៉ូនសំខាន់មួយសម្រាប់ជួយដល់ការធ្វើឲ្យអ្នកមានអារម្មណ៍ល្អ ជួយសម្រួលដល់ការគិតរបស់អ្នក និងធ្វើឲ្យអ្នកមានការចងចាំបានល្អផងដែរ។ ហើយបន្ថែមពីនេះ យោងតាមការស្រាវជ្រាវមួយបានឲ្យដឹងថា ការទទួលទានផ្លែប៊ែរី ខៀវ អាចជួយឲ្យខ្លួនប្រាណរបស់អ្នកបង្កើតនូវកោសិកាឈាមសបានច្រើន ដែលអាចជួយឲ្យអ្នកទប់ស្កាត់នូវភាពស្មុគ្រស្មាញបាន និងជួយឲ្យប្រព័ន្ធការពារខ្លួនរបស់អ្នកមានភាពរឹងមាំផងដែរ។

 

2. ត្រីសាម៉ុងអាឡាស្កា (Alaskan Wild Salmon)

2.-e1456860013829

 

អាស៊ីតខ្លាញ់អូមេហ្គា 3 (Omega-3 fatty acids) ដែលមានដូចជា DHA និង EPA ជាដើម គឺសុទ្ធតែជាជាខ្លាញ់សំខាន់ដែលជួយឲ្យអ្នកមានសុខភាពផ្លូវអារម្មណ៍ល្អ។ សារធាតុខ្លាញ់អូមេហ្គា 3 នេះ ភាគច្រើនមាននៅក្នុងត្រីដូចជា ត្រី anchovies, ត្រី sardines ដែលគេយកទៅធ្វើជាត្រីខកំប៉ុង និងត្រីសាម៉ុង (salmon) ជាដើម។ នៅក្នុងការសិក្សាមួយអំពីខួរក្បាល ឥរិយាបថ និងប្រព័ន្ធភាពស៊ាំ បានឲ្យដឹងថា សិស្សពេទ្យដែលទទួលទានជាតិខ្លាញ់អូមេហ្គា 3 នេះ គឺត្រូវបានកាត់បន្ថយនូវកម្រិតនៃភាពភ័យខ្លាច ឬការថប់អារម្មណ៍នៅពេលស្មុគ្រស្មាញ បានដល់ទៅ 20% ឯណោះ។ ហើយបន្ថែមពីនេះ តាមការស្រាវជ្រាវមួយទៀតបានឲ្យដឹងថា ជាតិខ្លាញ់អូមេហ្គា 3 ក៏អាចដើរតួរយ៉ាងសំខាន់ជាអ្នកកាត់បន្ថយជម្ងឺបាក់ទឹកចិត្តបានយ៉ាងមានប្រសិទ្ធិភាពផងដែរ ហើយទាំងគ្មានផលប៉ះពាល់អ្វីទាំងអស់ទៀតផង។

 

3. បន្លែស្លឹកបៃតង

3.-1-e1456860256649

 

បន្លែស្លឹកបៃតងជាច្រើនដូចជា ស្ពីននិច (spinach) មានផ្ទុកនូវជាតិអាស៊ីតហ្វូលិក (folate ឬ folic acid) ជាច្រើន ដែលជួយខួរក្បាលរបស់អ្នកបង្កើតនូវអ័រម៉ូន dopamine និង serotonin ដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។ នៅក្នុងការសិក្សាមួយកាលពីឆ្នាំ ២០១២ បានឲ្យដឹងថា អ្នកដែលទទួលអាហារដែលមានជាតិអាស៊ីតហ្វូលិកច្រើន នឹងមិនងាយជួបបញ្ហាបាក់ទឹកចិត្ត ឬមានភាពស្មុគ្រស្មាញ ដូចអ្នកដែលដែលទទួលទានអាហារដែលមានកម្រិតជាតិវិតាមីន B តិច នោះទេ។ បន្ថែមពីនេះ សូមកត់សំគាល់ថា អ្នកដែលមិនបានទទួលអាហារដែលមានជាតិ magnesium គ្រប់គ្រាន់ គឺសុទ្ធតែឆាប់អស់កម្លាំង និងឈឺក្បាល ដែលជាហេតុធ្វើឲ្យអ្នកមានភាពស្មុគ្រស្មាញក្នុងអារម្មណ៍កាន់តែខ្លាំង ក៏ប៉ុន្តែអ្វីដែលជាដំណឹងល្អនោះគឺថា អ្នកគ្រាន់តែទទួលបន្លែស្ពីននិច ឬប្រេងរបស់វាមួយស្លាបព្រា វាអាចជួយបង្កើននូវកម្រិតជាតិ magnesium ដែលមាននៅក្នុងខ្លួនរបស់អ្នកមកវិញបាន។

 

4. ផ្លែប័រ (Avocados) 

4.-e1456860382437

 

ផ្លែប័រមានផ្ទុកនូវសារធាតុចញ្ចឹមដល់ទៅជាង ២០ មុខដែលអាចជួយឲ្យអ្នកមានសុខភាពល្អបាន។ យោងតាម Nutrition Journal បានឲ្យយើងដឹងថា អ្នកអាចទទួលបានសារធាតុចញ្ចឹមជាច្រើនដូចជា អាស៊ីតហ្វូលិក (folate), ជាតិប៉ូតាស្យូម (potassium), វីតាមីន B, និងវីតាមីន E ជាដើម ដោយគ្រាន់ទទួលទានផ្លែប័រស្រស់ពាក់កណ្ដាលតែប៉ុណ្ណោះ។ បន្ថែមពីនេះផងដែរ មានការសិក្សាមួយទៀតបានបង្ហាញថា អ្នកដែលទទួលទានផ្លែប័រពាក់កណ្តាលនៅម៉ោងបាយថ្ងៃត្រង់ នឹងអាចកាត់បន្ថយភាពឃ្លានក្នុងរយៈពេល 3 ម៉ោងក្រោយបានដល់ទៅ 40% និងបាន 28% ក្នុងរយៈពេល 5 ម៉ោងក្រោយ បើប្រៀបធៀបជាមួយនឹងអ្នកដែលមិនបានទទួលទានផ្លែប័រនៅក្នុងម៉ោងបាយថ្ងៃត្រង់។ ហើយដោយសារតែផ្លែប័រ អាចជួយឲ្យកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកមានស្ថេរភាព និងជួយឲ្យអ្នកមានអារម្មណ៍ល្អ វាក៏អាចជួយកាត់បន្ថយនូវកម្រិតនៃភាពស្មុគ្រស្មាញនៅក្នុងអារម្មណ៍របស់អ្នកបានផងដែរ។

 

5. គ្រាប់ធញ្ញជាតិ អាល់ម៉ុង (Almonds) 

5.-e1456860471133

 

គ្រាប់ធញ្ញជាតិ ដែលមានដូចជាគ្រាប់អាល់ម៉ុងជាដើម គឺមានផ្ទុកនូវវីតាមីន E ជាច្រើន ដែលអាចជួយឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកមានភាពប្រសើរជាងមុន។ គ្រាប់អាល់ម៉ុងក៏មានផ្ទុកនូវវីតាមីន B ផងដែរ ដែលអាចជួយឲ្យអ្នកមិនងាយមានជម្ងឺបាក់ទឹកចិត្ត និងអាចជួយទប់ស្កាត់មិនឲ្យអ្នកមានភាពស្មុគ្រស្មាញបន្ថែមផងដែរ។ អ្នកគួរតែទទួលទានគ្រាប់ធញ្ញជាតិអាល់ម៉ុងនេះក្នុងចំណុះ 1/4 នៃពែងក្នុងមួយថ្ងៃ ដើម្បីទទួលបាននូវប្រសិទ្ធិភាព 100% ពីវា។

 

6. ផ្លែក្រូច

6.-e1456860597224

 

ផ្លែឈើជាច្រើនដូចជាផ្លែក្រូចជាដើម ដែលមានផ្ទុកនូវកម្រិតវីតាមីន C ច្រើន អាចជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់អ្នកមានភាពរឹងមាំ និងជួយកាត់បន្ថយជាតិអ័រម៉ូននៅក្នុងខ្លួនរបស់អ្នកដែលធ្វើឲ្យអ្នកមានភាពស្មុគ្រស្មាញបាន។ យោងតាមការសិក្សាមួយបានឲ្យដឹងថា អ្នកដែលមានកម្រិតអ័រម៉ូន cortisol ខ្ពស់ដែលជាអ័ម៉ូនបង្កឲ្យមានភាពស្មុគ្រស្មាញ និងអ្នកដែលមានសំពាធឈាមឡើងខ្ពស់ នឹងអាចត្រឡប់មកធម្មតាដូចដើមវិញបានឆាប់រហ័សជាងធម្មតា បើសិនជាពួកគេទទួលទានអាហារដែលមានផ្ទុកនូវជាតិវីតាមីន C មុនពេលដែលពួកគេចាប់ផ្ដើមធ្វើការងារដែលអាចធ្វើឲ្យពួកគេមានភាពស្មុគ្រស្មាញ។

 

7. ផ្លែចេក

7.-e1456860655982

 

ផ្លែចេកទំហំល្មមមួយផ្លែ អាចជួឲ្យអ្នកមានអារម្មណ៍ថាឆ្អែតអាហារមួយពេល ដោយវាបានធ្វើឲ្យខួរក្បាលរបស់អ្នកបញ្ចេញនូវអ័រម៉ូន serotonin ដែលជួយឲ្យអ្នកមានអារម្មណ៍សម្រាក និងជួយបង្កើនជាតិស្ករនៅក្នុងឈាមរបស់អ្នកបាន។ ហើយបន្ថែមពីនេះ វាក៏អាចជួយផ្ដល់នូវវីតាមីន B-6 ចំនួន 30% នៃអ្វីដែលខ្លួនរបស់អ្នកត្រូវការ ហើយមានជាតិស្ករត្រឹមតែ 14 ក្រាម និង 105 កាឡូរី តែប៉ុណ្ណោះ។

 

 

Comments Off on អាហារទាំង ៧ ដែលអាចជួយឲ្យអ្នកកាត់បន្ថយភាពស្មុគ្រស្មាញបាន សុខភាព

Comments are closed.

យោបល់របស់អ្នកអាន