MENU

ជំនឿនៃការជ្រើសរើសដើមក្រូច និង ដើមផ្កាអង្គារសីល៌សំរាប់ពិធីបុណ្យចូលឆ្នាំចិន

ពិធីបុណ្យចូលឆ្នាំចិនគឺជាពិធីបុណ្យដ៏ធំបំផុតសំរាប់ជនជាតិចិន និង ប្រជាជននៅជុំវិញពិភពលោកដែលមានជាប់សាច់ឈាមជាជនជាតិចិន។ ជារៀងរាល់ឆ្នាំនៅមុនពេលពិធីបុណ្យចូលឆ្នាំចិនមកដល់មនុស្សម្នាគ្រប់ក្រុមគ្រួសារតែងតែបោសសំអាតផ្ទះសំបែងរបស់ខ្លួនឲ្យបានស្អាត រួមទាំងតុបតែងបន្ថែមនូវចង្គៀងគោម និង ដើមក្រូច ឬ ដើមផ្កាអង្គារសីល៌ជាដើម ដើម្បីចូលរួមអបអរពិធីបុណ្យឆ្នាំថ្មីមួយនេះ។ តើប្រិយមិត្តទាំងអស់គ្នាធ្លាប់បានដឹងអំពីជំនឿ ឬ មូលហេតុនៃការជ្រើសរើសដើមក្រូច ឬ ដើមផ្កាអង្គារសីល៌សំរាប់ការតាំង ឬ តុបតែងនៅពេលបុណ្យចូលឆ្នាំចិនដែរ ឬ ទេ?

 

Feb4_Orange_Tree2

 

ដើមក្រូច

ដើមក្រូចត្រូវបានគេនិយមយកមកដាំលំអរនៅតាមផ្ទះរយៈពេលមួយ ឬ ពីរសប្តាហ៍មុនពិធីបុណ្យចូលឆ្នាំចិនចូលមកដល់ ហើយនៅក្នុងអំឡុងពេលនោះយើងនឹងបានឃើញផ្លែក្រូចពណ៌ទឹកក្រូចជាច្រើនកើតមាននៅលើដើមក្រូចតូចៗទាំងនោះ។ សំរាប់ជំនឿជនជាតិចិន ពណ៌ទឹកក្រូចគឺតំណាងឲ្យពណ៌របស់ព្រះអាទិត្យ និង ភាពវិជ្ជមាន ដូចនេះការដាំដើមក្រូចគឺបង្ហាញអំពីភាពថ្លៃថ្នូរ វិសេសវិសាល ខ្ពង់ខ្ពស់ រួមជាមួយនឹងភាពសម្បូរសប្បាយ និង សុភមង្គលនៅក្នុងគ្រួសារសំរាប់ឆ្នាំថ្មីនេះ។ វាគឺជាប្រពៃណីរបស់ជនជាតិចិនដែលជាទូទៅពួកគេតែងតែតុបតែងកញ្ចប់ក្រហមជាច្រើនកញ្ចប់ជាប់នៅលើដើមក្រូចទាំងនោះ ហើយពួកគេបានដាក់វានៅជិតនឹងខ្នើយរបស់កុមារដើម្បីជាការនាំសំណាងមកឲ្យគ្រួសារពួកគេ។ ក្រៅពីនេះពួកគេក៏អាចដាំដើមក្រូចនេះនៅក្នុងល្អី ឬ ធុងអង្ករបស់ពួកគេផងដែរដើម្បីនាំពរជ័យដល់ក្រុមគ្រួសារ និង ជាអំណោយផងដែរ។

 

512198828

 

ដើមផ្កាអង្គារសីល៌

ដើមផ្កាអង្គារសីល៌គឺជាប្រភេទដើមផ្កាមួយដែលចាប់ផ្តើមរីកនារដូវត្រជាក់នៅប្រទេសចិន ឬ រដូវចូលឆ្នាំចិន។ នៅពេលបុណ្យចូលឆ្នាំចិនចូលមកដល់ ប្រជាជនចិននិយមដាំដើមផ្កាប្រភេទនេះនៅតាមផ្ទះរបស់ពួកគេណាស់ មូលហេតុគឺដោយសារផ្កានេះមានក្លិនក្រអូប ហើយវាមានអត្ថន័យតំណាងឲ្យ សេចក្តីស្នេហា ភាពរុងរឿង រីកចំរើន និង ការរីកលូតលាស់ផងដែរ។ ក្រៅពីនេះពួកគេក៏មានជំនឿទៅលើការរីករបស់ផ្កានេះផងដែរ ដោយពួកគេបានជឿថាបើសិនជាផ្កានេះបានរីកមុនពេលថ្ងៃចូលឆ្នាំមកដល់នោះ គឺវាជារឿងមួយដែលមិនល្អនោះទេ ប៉ុន្តែបើវារីកក្នុងថ្ងៃចូលឆ្នាំរយៈពេលបីថ្ងៃ ឬ ប្រាំពីរថ្ងៃនោះ វាជារឿងដ៏ល្អបំផុតដែលពួកគេចង់បាន ដោយពួកគេយល់ឃើញថាពួកគេនឹងមានរាសីឡើងខ្ពស់ សំណាងល្អ និង មានសេចក្តីសុខ មានទ្រព្យសម្បត្តិហូរហៀរ សម្បូរសប្បាយ ។

 

16284561574_be0680c3cc_o

 

peach-blossoms

 

Comments Off on ជំនឿនៃការជ្រើសរើសដើមក្រូច និង ដើមផ្កាអង្គារសីល៌សំរាប់ពិធីបុណ្យចូលឆ្នាំចិន សង្គម

Comments are closed.

យោបល់របស់អ្នកអាន