លោកអ្នកពិតជាធ្លាប់ឃើញសត្វកង់គូរូ បីកូនវាយ៉ាងម៉េចហើយ គឺវាដាក់កូនចូលក្នុងថង់មួយដែលនៅនឹងពោះរបស់វា ដែលធ្វើអោយសាច់ម្តាយ និង សាច់កូនប៉ះគ្នា នេះគឺជាការបីមួយយ៉ាងល្អសំរាប់វា។ សំរាប់មនុស្ស អ្នកវិទ្យាសាស្ត្របានរកឃើញថា ការបីកូន របៀបនេះអាចធ្វើអោយកូនមានសុខភាពល្អ ជៀសផុតពីមេរោគផ្សេងៗ ជាពិសេសកូនកើតមិនគ្រប់ខែ និងកូនដែលកើតគ្រប់ខែតែទំងន់មិនគ្រប់។ ការបីតាមរបៀបកង់គូរូ វាអាចជួយជាច្រើនដល់ម្តាយ និង ទារក ដោយតាមបែបធម្មជាតិ មិនមានផលប៉ះពាល់ដល់អ្នកទាំងពីរឡើយ លុះត្រាតែអ្នកបីទារកមិនបានល្អអាចធ្វើអោយ ជ្រុះទារក ដូចនេះ ការបីទារកតាមបែបកង់គូរូ តំរូវអោយចេះនូវវិធីរុំខ្លួនទារក អោយជាប់ជាមួយនិងម្តាយតែម្តង ដែលភាសាអង់គ្លេស គេហៅថា The Baby Wrap។
តើការបីរបៀបកង់គូរូយ៉ាងដូចម្តេច?
- ដាក់ទារកនៅចន្លោះដើមទ្រូងម្តាយ ដើមទ្រូងកូនទល់នឹងដើមទ្រូងម្តាយ
- ដាក់ក្បាលទារកផ្តេកទៅចំហៀង ដើម្បីអោយក្មេងស្រួលដកដង្ហើម និងស្រួលបំបៅ
- ត្រូវរុំខ្លួនវាអោយជាប់ជាមួយម្តាយ តែមិនអោយក្រណាត់លើត្រចៀក ទុកសំរាប់អោយក្មេងដកដង្ហើម
- សំរាប់ដៃ ជើងរបស់កូន ត្រូវអោយមានលក្ខណៈដូចកង្កែប ដើម្បីកុំអោយមានបញ្ហាផ្សេងៗ
តើអ្នកណាខ្លះអាចបីរបៀបនេះបាន?
- ឪពុក ម្តាយ និង ក្រុមគ្រួសារ
- អ្នកមើលថែ (អោយតែគេហ៊ាន ប៉ះសាច់ និង សាច់)
តើវាមានសារៈប្រយោជន៍អ្វីខ្លះ?
- ទារកកើតមិនគ្រប់ខែ ឡើងទំងន់បានឆាប់រហ័ស
- ទារកគេងបានច្រើន មិនសូវយំ
- កំដៅ ការដកដង្ហើម និងកំរិតលោតនៃបេះដូងមានសភាពល្អ
- អាចធ្វើអោយទារកដែលមិនគ្រប់ខែ កំពុងចិញ្ចឹមក្នុងកែវបានឆាប់ចេញពីកែវ
- អាចជួយដល់ការបំបៅ មិនថាតាមដោះម្តាយ ឬ ទឹកដោះគោ
- អាចធ្វើអោយម្តាយបង្កើតទឹកដោះសំរាប់កូនបានច្រើន
- អាចជួយអោយទំនាក់ទំនងរវាង ម្តាយ និង កូនបានល្អ