MENU

eyes
Tag Archive

1804

តើការប្រើប្រាស់វ៉ែនតា និងការប្រើប្រាស់កញ្ចក់ក្នុងភ្នែក (Contact Lens) មួយណាល្អជាង?

សង្គម, សុខភាព

31/05/2016

សំរាប់មនុស្សមួយចំនួន ជម្រើសនៃការប្រើប្រាស់វ៉ែនតា និងការប្រើប្រាស់កញ្ចក់ក្នុងភ្នែក (Contact lenses) គឺជារឿងដ៏ពិបាកមួយដល់ពួកគេក្នុងការជ្រើសរើស។

ទាំងអស់នេះវាសុទ្ធសឹងតែជាការពេញចិត្ត ឬការជ្រើសទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប៉ុណ្ណោះ ទោះបីជាអ្នកជ្រើសរើសយកការប្រើប្រាស់វ៉ែនតា ឬការប្រើប្រាស់កញ្ចក់ក្នុងភ្នែកក្តី ក៏ពួកវាសុទ្ធតែអាចជួយដល់ការមើលឃើញរបស់អ្នកដូចគ្នា។ ក្រៅពីនេះការសំរេចចិត្តជ្រើសរបស់អ្នកក៏អាស្រ័យទៅលើកត្តាមួយចំនួនផងដែរដូចជា ជីវិតរស់នៅប្រចាំថ្ងៃ ភាពងាយស្រួល និងលទ្ធភាពក្នុងការចំណាយរបស់អ្នក។

 

girl with glasses holds contact lens on your finger near the eyes

 

ដូចនេះមុននឹងធ្វើការសំរេចចិត្តជ្រើសរើសរវាងការប្រើប្រាស់វ៉ែនតា និងការប្រើប្រាស់កញ្ចក់ក្នុងភ្នែក អ្នកគួរតែគិតថាជម្រើសទាំងពីរនេះសុទ្ធតែផ្តល់ទាំងផលប្រយោជន៍ និងផលប៉ះពាល់ដល់អ្នកដូចគ្នា។ អញ្ចឹងតើជម្រើសមួយណាដែលសមស្របបំផុតសំរាប់អ្នក? ការប្រើប្រាស់វ៉ែនតា ឬក៏ការប្រើប្រាស់កញ្ចក់ក្នុងភ្នែក? ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ និងផលប៉ះពាល់ ដែលបានមកពីការប្រើប្រាស់វ៉ែនតា និងការប្រើប្រាស់កញ្ចក់ក្នុងភ្នែក។

 

វ៉ែនតា

គុណសម្បត្តិ

បើយើងធ្វើការប្រៀបធៀបរវាងវ៉ែនតា និងកញ្ចក់ក្នុងភ្នែក វ៉ែនតាបានផ្តល់នូវភាពងាយស្រួលមួយចំនួនដែលកញ្ចក់ក្នុងភ្នែកពុំអាចធ្វើបាន ដូចជា ៖

  • ការប្រើប្រាស់វ៉ែនតា មិនទាមទាឲ្យអ្នកថែរក្សារ និងសំអាតវាជាញឹកញាប់ ដូចជាកញ្ចក់ក្នុងភ្នែកនោះទេ
  • អ្នកអាចពាក់វាបានដោយមិនចាំបាច់ប៉ះពាល់ដល់គ្រាប់ភ្នែករបស់អ្នកនោះទេ
  • មនុស្សគ្រប់វ័យអាចប្រើប្រាស់វាបាន ចាប់ពីកុមារតូចៗ ដល់មនុស្សចាស់ ជាហេតុដែលធ្វើឲ្យវាក្លាយជាមធ្យោបាយដោះស្រាយបញ្ហាភ្នែកមួយដ៏សាមញ្ញ និងងាយស្រួលបំផុត
  • ការប្រើប្រាស់វ៉ែនតាអាចផ្តល់ឲ្យអ្នកនូវរូបរាងដែលមើលទៅទាន់សម័យ និងឆ្លាត (វ៉ែនតាមានជម្រើសម៉ូដជាច្រើនឲ្យអ្នកជ្រើសរើសទៅតាមស្ទីល ដែលអ្នកចូលចិត្តដូចជា រាងមូល ពងក្រពើ ឬជ្រុង ជាមួយនឹងពណ៌ដ៏សំបូរបែប)
  • បើយើងគិតពីគុណភាព និងការប្រើប្រាស់យូរអង្វែង វ៉ែនតាគឺមានតម្លៃថោកជាង ដោយសារយើងមិនចាំបាច់ធ្វើការផ្លាស់ប្តូរវាជាញឹកញាប់ដូចជាកញ្ចក់ក្នុងភ្នែកនោះឡើយ
  • វ៉ែនតាអាចជួយការពារភ្នែកយើងពីខ្យល់បក់ និងធូលីដីបាន

 

face-shape-guide-main-faces-glasses

 

គុណវិបត្តិ

  • គុណវិបត្តិធំបំផុតនៃការប្រើប្រាស់វ៉ែនតាគឺ យើងមានផលវិបាកយ៉ាងខ្លាំងនៅពេលដែលលេងកីឡា។ ដោយសារការលេងកីឡាទាមទារឲ្យយើងមានសកម្មភាពខ្លាំងៗ ដូចនេះវាអាចនឹងធ្វើឲ្យវ៉ែនតារបស់យើងងាយជ្រុះ ឬបាក់បែកបាន។
  • ដោយសារតែដងវ៉ែនតាមួួយចំនួនមានទំងន់ធ្ងន់ ដូចនេះវាអាចនឹងធ្វើឲ្យខ្ទង់ច្រមុះរបស់យើងមានស្នាមបាន
  • ការប្រើប្រាស់វ៉ែនតាជាប់ជាប្រចាំអាចធ្វើឲ្យយើងទំលាប់មិនមានវាមិនបាន ហើយវាអាចនឹងធ្វើឲ្យទម្រង់ភ្នែករបស់អ្នកមើលទៅតូចជាងមុខផងដែរនៅពេលដែលអ្នកមិនពាក់វា
  • កញ្ចក់វ៉ែនតារបស់យើងនឹងប្រែទៅជាស្រអាប់នៅពេលដែលយើងទៅប៉ះនឹងចំហាយត្រជាក់ ឬក្តៅ

 

4-Most-Common-Ways-to-Break-Your-Glasses...And-How-to-Avoid-Them

 

2346135130_05fcedeb98_b

 

 

កញ្ចក់ក្នុងភ្នែក

គុណសម្បត្តិ

ការប្រើប្រាស់កញ្ចក់ក្នុងភ្នែកនឹងដោះស្រាយបញ្ហាមួយចំនួនដែលអ្នកប្រើប្រាស់វ៉ែនតាកំពុងតែប្រឈម៖

  • គុណសម្បត្តិដ៏ធំបំផុតដែលកញ្ចក់ក្នុងភ្នែកអាចយកឈ្នះលើវ៉ែនតានោះគឺ ការប្រើប្រាស់កញ្ចក់ក្នុងភ្នែក គឺវាស្ថិតនៅជាប់នឹងកែវភ្នែករបស់យើងតែម្តង ដែលជាហេតុមួយធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការសំលឹងមើលបានគ្រប់ទីកន្លែង និងគ្រប់ជ្រុងជ្រោយ (យើងពុំអាចមើលទៅចំណុចខាងកៀនបានច្បាស់ជាមួយនឹងការប្រើប្រាស់វ៉ែនតាឡើយ)
  • អ្នកអាចលេងកីឡាបានដោយសេរី ជាមួយកញ្ចក់ក្នុងភ្នែក (Contact lenses)
  • អ្នកអាចតុបតែងខ្លួនជាមួយនឹងស្ទីលមួយចំនួនដោយមិនមានវ៉ែនតា ជាមួយនឹងកញ្ចក់ក្នុងភ្នែក (Contact lenses) ឧទាហរណ៍ ការតុបតែងមុខរបស់កូនក្រមុំមើលទៅកាន់តែស្អាត និងស័ក្តសមជាង ប្រសិនបើមិនមានវ៉ែនតា។
  • អាចតុបតែងកែវភ្នែករបស់អ្នកជាមួយកញ្ចក់ក្នុងភ្នែក (Contact lenses) ដោយវាមានជម្រើសម៉ូដ និងពណ៌ជាច្រើនសំរាប់អ្នកជ្រើសរើស

 

Untitled

 

គុណវិបត្តិ

  • ការប្រើប្រាស់កញ្ចក់ក្នុងភ្នែក (Contact lenses) ទាមទារឲ្យយើងសំអាត និងថែរក្សារអនាម័យវាជាញឹកញាប់។ ដោយសារមូលហេតុនៅប្រទេសយើងសំបូរទៅដោយធូលីដី អ្នកដែលកំពុងតែប្រើប្រាស់កញ្ចក់ក្នុងភ្នែកត្រូវតែមានអនាម័យខ្ពស់ ព្រោះធូលីដីទាំងនោះអាចធ្វើឲ្យភ្នែករបស់អ្នកឆ្លងមេរោគ និងកើតជម្ងឺភ្នែកបាន។
  • ផ្តល់ផលប៉ះពាល់ដល់ភ្នែក នៅពេលដែលអ្នកប្រើប្រាស់វានៅទីកន្លែងដែលមានសីតុណ្ហភាពខ្ពស់
  • មានភាពលំបាក និងមិនទម្លាប់នៅពេលដែលយើងធ្វើការដាក់វាចូលទៅក្នុងភ្នែក (មានអ្នកខ្លះត្រូវការវឹកហាត់ជាច្រើនថ្ងៃទើបអាចទម្លាប់ជាមួយវាបាន)
  • ការប្រើប្រាស់កញ្ចក់ក្នុងភ្នែកនឹងកាត់បន្ថយឧស្ម័នអុកស៊ីសែន ដែលទៅប៉ះភ្នែករបស់យើង ជាមូលហេតុដែលបណ្តាលឲ្យភ្នែករបស់យើងឆាប់ស្ងួត
  • បើអ្នកគេងលក់នៅពេលដែលប្រើប្រាស់កញ្ចក់ក្នុងភ្នែក វានឹងធ្វើឲ្យភ្នែករបស់អ្នកស្ងួតខ្លាំង ហើយវានឹងបណ្តាលឲ្យកើតជម្ងឺភ្នែកក្រហមទៀតផង។

 

eye-itching

 

សរុបសេចក្តីមកជម្រើសរវាងការប្រើប្រាស់វ៉ែនតា និងការប្រើប្រាស់កញ្ចក់ក្នុងភ្នែក (Contact lenses) ហើយពេលណាដែលសមស្របសំរាប់ប្រើប្រាស់ពួកវានោះ គឺវាអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់យើងទាំងអស់គ្នាតែប៉ុណ្ណោះ។សំរាប់មតិយោបល់ខ្ញុំ បើសិនជាអ្នកកំពុងតែមានទម្លាប់ប្រើប្រាស់កញ្ចក់ក្នុងភ្នែក (Contact lenses) គ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែងនោះ អ្នកគួរតែមានវ៉ែនតាមួយសំរាប់ជំនួសម្តងម្កាល ពីព្រោះការប្រើប្រាស់កញ្ចក់ក្នុងភ្នែកជាប់លាប់ពេកក៏វាមិនមែនជារឿងមួយដែលល្អដែរ វាអាចធ្វើឲ្យភ្នែកអ្នកកើតជម្ងឺ ឬមានមេរោគបាន ប្រសិនបើអ្នកមិនបានសំអាតវាឲ្យបានដឹតដល់ និងមានអនាម័យខ្ពស់នោះ។

 

អានបន្ត