យោងតាមវែបសាយ EverythingApplePro និងអ្នកប្រើប្រាស់ឧបករណ៍ iOS របស់ក្រុមហ៊ុន Apple មួយចំនួន បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានវីដេអូមេរោគមួយដែរ ដែលកំពុងតែរីករាលដាលពេញអ៊ីនធឺណេត និងដែលអាចធ្វើឲ្យឧបករណ៍ iOS (ដូចជា iPhone, iPad និង iPod ជាដើម) គ្រប់វើហ្សិន (version) ទាំងអស់របស់អ្នក ឲ្យមានបញ្ហាគាំងម៉ាស៊ីនបាន។
វីដេអូនេះអាចធ្វើឲ្យឧបករណ៍ iOS របស់អ្នកគាំងបានយ៉ាងងាយស្រួលបំផុត ដោយវាគ្រាន់តែទាមទារឲ្យអ្នកចុចលើតែលើ Link វីដេអូមួយប៉ុណ្ណោះនៅក្នុងកម្មវិធីរុករក (browser) Safari ហើយក្រោយពី iPhone, iPad ឬ iPod របស់អ្នកបានបង្ហាញវីដេអូប្រវែង 5 វិនាទីនោះចប់ភ្លាម ប្រហែលប៉ុន្មានវីនាទីក្រោយមក ពួកវានឹងគាំងម៉ាស៊ីន ទោះជាអ្នកចុចអ្វីក៏មិនចេញ។ អ្វីដែលអ្នកអាចធ្វើបាន មានតែធ្វើការ Hard Reboot ម៉ាស៊ីន ដោយចុចប៊ូតុង Home និងប៊ូតុង Wake/Sleep ជាមួយគ្នាមួយសន្ទុះ ដើម្បីអ្នកអាចបញ្ជាឧបករណ៍ iOS របស់អ្នកវិញបាន។
វីធី hack នេះ អាចធ្វើទៅបានតែជាមួយនឹងវីដេអូ ដែលមិនមានការបំលែងតែប៉ុណ្ណោះ ដូច្នេះអ្នកមិនចាំបាច់ភ័យជាមួយនឹងវីដេអូដែលត្រូវបានបំលែងដូចជាវីដេអូនៅក្នុង YouTube នោះទេ។ ហើយអ្វីដែលអ្នកអាចការពារបានពីវីដេអូ ឬ Links ដែលអាចធ្វើឲ្យស្មាត្រហ្វូនរបស់អ្នកគាំងបាននោះ គឺកុំចុចលើ link ប្លែកៗនៅទីណាក៏ដោយនៅលើអ៊ីនធឺណេតផ្ដេសផ្ដាស បើសិនជាអ្នកមិនសូវជឿ ឬមិនសូវដឹងថាវាភ្ជាប់ទៅទីណាច្បាស់នោះ។ ត្រូវចាំថា អ្នក Hackers ក៏អាចប្រើប្រាស់កម្មវិធីធ្វើឲ្យ links ទាំងនោះ មើលទៅឃើញខ្លី ដូចជា links របស់វែបសាយធម្មតាបានផងដែរដើម្បីបន្លំអ្នក ឬដាក់ជារូបភាពទាក់ទាញដើម្បីឲ្យអ្នកចុចលើវា ដូច្នេះអ្នកត្រូវប្រុងប្រយ័ត្នរាល់ការចុចចូលទៅ links ផ្សេងៗ ឬដោនឡោដអ្វីផ្សេងៗ។