MENU

តើអ្នកគួរប្តូរពី iPhone 6s ឬ 6s Plus ទៅ iPhone 7 ឬ 7 Plus ដែរឬទេ?

ក្រុមហ៊ុន Apple ទើបតែបានប្រកាសពីផលិតផលថ្មីៗរបស់ពួកគេកាលពីប៉ុន្មានថ្ងៃមុន ដែលក្នុងនោះ iPhone 7 និង 7 Plus គឺជាផលិតផល ដែលធ្វើឲ្យអ្នកគាំទ្រ Apple ទាំងអស់មានភាពសប្បាយរីករាយបំផុត ក្រោយពីការរងចាំអស់រយៈពេលយ៉ាងយូរ។ (ក្រៅពីនេះអ្នកអាចឆែកមើលពីផលិតផលរបស់ក្រុមហ៊ុន Apple ថ្មីៗផ្សេងទៀតបានដូចជា Apple Watch series 2 និង Apple Wireless AirPods)។ ដោយឡែកសំណួរចម្បងនៅក្នុងអត្ថបទនេះ គឺថា តើអ្នកគួរប្តូរពី iPhone 6s ឬ 6s Plus របស់អ្នកទៅ iPhone 7 ឬ 7 Plus ដែរឬទេ? ដើម្បីឆ្លើយនូវសំណួរនេះ និងដើម្បីជួយអ្នកក្នុងការសម្រេចចិត្ត ខាងក្រោមនេះ ខ្ញុំនឹងលើកនូវចំណុចពិសេសៗមួយចំនួន ដែលក្រុមហ៊ុន Apple បានធ្វើការដាក់បញ្ចូល និងធ្វើឲ្យប្រសើរឡើងនៅក្នុង iPhone 7 និង 7 Plus ថ្មីរបស់ពួកគេ។

 

1. ពណ៌ថ្មី៖ iPhone 7 និង 7 Plus នឹងមានលក់ថែម 2 ពណ៌ទៀត គឺពណ៌ខ្មៅក្រើម (Black) និងពណ៌ ខ្មៅរលោង (Jet Black) ក៏ប៉ុន្តែពណ៌ខ្មៅប្រផេះ (Space Gray) នឹងមិនមានក្នុងជម្រើស iPhone ថ្មីទាំងពីរនេះទេ។ វាជាលើកដំបូង ដែលក្រុមហ៊ុន Apple បានដាក់ជម្រើសពណ៌ខ្មៅរលោងដូចកញ្ចក់ (Black Screen Bezel) នៅក្នុងជម្រើសពណ៌របស់ iPhone ថ្មីនេះ ក៏ប៉ុន្តែសូមបញ្ជាក់ផងដែរថា ពណ៌ខ្មៅរលោង (Jet Black) នេះងាយនឹងឆ្កូតបន្តិច យោងតាមវែបសាយ Apple ផ្ទាល់។

2016-09-11

iphone7plus-lineup

 

2. Splash Resistance: iPhone 7 និង 7 Plus អាចរ៉ាប់រងនឹងការជ្រាបទឹក ឬទឹកភ្លៀងបាន ពោលគឺវាអាចរ៉ាបរងបានទឹកជម្រៅ 1 ម៉ែត្ររយៈពេល 30 នាទី ដូច្នេះអ្នកមិនចាំភ័យអំពីកែវទឹក ដែលនៅជិតទូរស័ព្ទរបស់អ្នក ឬទឹកភ្លៀងជ្រាបចូល iPhone អ្នកទៀតទេ។ សូមបញ្ជាក់ថា វាអាចការពារមិនឲ្យជ្រាបទឹកបាន (Splash Resistance) តែវាមិនមានន័យថាវាអាចប្រើប្រាស់ក្នុងទឹកបាននោះទេ (Not Waterproof)។

screen-shot-2016-09-08-at-2-47-59-am

 

3. អេក្រង់៖ iPhone 7 & 7 Plus នឹងមានភ្ជាប់មកជាមួយនឹងអេក្រង់ ដែលអាចបញ្ចេញពណ៌បានច្រើនជាងម៉ូដែលមុន និងភ្លឺជាងមុន។ វាភ្លឺជាងមុន 25% ដូច្នេះ អ្នកអាចមើលអេក្រង់ iPhone របស់អ្នកបានច្បាស់ និងងាយស្រួលឃើញជាងមុននៅពេលប្រើប្រាស់ខាងក្រៅក្រោមពន្លឺថ្ងៃ។

4. A10 Fusion Chip: ជាមួយនឹង Processor ជំនាន់ថ្មី វាអាចជួយឲ្យ iPhone 7 & 7 Plus មានដំណើរការបានល្អប្រសើរជាងមុន និងស៊ីថ្មតិចជាងមុន។ និយាយឲ្យខ្លីទៅ វាមានដំណើរការលឿននៅពេលដែលអ្នកត្រូវការវា និងអាចកាត់បន្ថយការស៊ីថ្មនៅពេលដែលអ្នកមិនត្រូវការប្រើប្រាស់អ្វីធំៗ។ ល្បឿនរបស់ Processor គឺលឿនជាង iPhone 6s ដល់ទៅ 30% និងល្បឿនដំណើរការរបស់ក្រាហ្វិកអាចកើនដល់ទៅ 40% ឯណោះ។

5. Stereo built-in speaker: ដោយសារ iPhone 7 & 7 Plus មានភ្ជាប់មកជាមួយនឹង Speakers ចំនួន 2 នៅផ្នែកខាងក្រោម នឹងខាងលើនៃទូរស័ព្ទជាលក្ខណៈ stereo វាអាចផ្ដល់ជាសម្លេងលឺជាងមុន 2 ដង។

6. កាមេរ៉ា៖ នេះជាអ្វី ដែលមានការអភិវឌ្ឍធំជាងគេនៅក្នុង iPhone 7 & 7 Plus ប្រៀបធៀបទៅនឹង iPhone 6s & 6s Plus។

screen-shot-2016-09-08-at-3-40-20-am

  • ជាមួយនឹង Aperture ធំជាងមុន និង សិនស័រថ្មី វាអាចថតរូបនៅកន្លែងងងឹតបានល្អ និងច្បាស់ជាង iPhone 6s។
  • ជាមួយនឹង lens ដែលត្រូវបានឌីហ្សាញថ្មី វាអាចថតរូបបានច្បាស់ និងមានទិន្នន័យច្រើនជាងមុន។
  • អាចចាប់យកពណ៌បានច្រើនជាងមុនសម្រាប់រូបភាព និង Live Photos។
  • មានគ្រាប់ LED Flash ចំនួន 4 គ្រាប់ ដែលបាញ់ពណ៌ត្រូវតាមស្តង់ដា ប្រៀបធៀបទៅនឹងគ្រាប់ LED Flash តែ 2 គ្រាប់ក្នុង iPhone 6s ដូច្នេះវាអាចបញ្ចេញពន្លឺបានភ្លឺ និងឆ្ងាយជាងមុនបានដល់ទៅ 50%។
  • ពិសេសជាង iPhone 7, iPhone 7 Plus មានភ្ជាប់មកជាមួយនឹង Dual Camera ដែលមួយជា Wide Angle អាចថតបានមុំធំ និងមួយជា Telephoto អាចថត zoom ឆ្ងាយបាន ហើយជាមួយនឹងកាមេរ៉ាទាំងពីរធ្វើការជាមួយគ្នា អ្នកអាចធ្វើការ zoom តាម lens បាន 2x នៅពេលថត និងអាចថតរូបភាព ដែលធ្វើឲ្យផ្ទៃខាងក្រោយមានលក្ខណៈព្រិលខ្លាំងបានតាមឌីជីថល។
  • ជាពិសេសជាងនេះនោះ វាមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Optical Image Stabilization (OIS) ដែល iPhone 6s មិនមាន ដែលជួយឲ្យអ្នកថតរូបច្បាស់ ទោះបីអ្នកកាន់មិននឹងក៏ដោយ។ កាមេរ៉ាខាងមុខ ក៏មានភ្ជាប់បច្ចេកវិទ្យា Image Stabilization ដែរ ក៏ប៉ុន្តែវាផ្អែកលើ software ដើម្បីដំណើរការ។
  • មិនសូវមានអ្វីប្តូរច្រើនទៅលើការថតវីដេអូទេ លើកលែងតែសមត្ថភាពអាច zoom បានឆ្ងាយជាងមុន និងថតបានច្បាស់ជាងមុន ដោយសារបច្ចេកវិទ្យា Dual Camera ហើយនិងអាចថតនៅទីកន្លែងងងឹតបានល្អជាងមុន។

7. LTE: ល្បឿន ដែលអ្នកអាចប្រើប្រាស់អ៊ីនធឹណេតបានលឿនបំផុតតាម Mobile Data និង WiFi កើនឡើងដល់ទៅ 450 Mbps (មេកាបៃត៍/វិនាទី) ដែលបាន 50% លឿនជាង iPhone 6s (300 Mbps)។ តែបើប្រើនៅប្រទេសកម្ពុជា វាមិនមានអ្វីខុសប្លែកនោះទេ ព្រោះអ៊ីនធឹណេតនៅខ្មែរមិនលឿនដល់ថ្នាក់ណឹងទេ។

8. កាន់ថ្មជាងមុន៖ ជាមួយនឹង Processor និង អេក្រង់ថ្មី ថ្មរបស់ iPhone 7 & 7 Plus កាន់បានយូរជាងមុន។ ក្រុមហ៊ុន Apple បានអះអាងថា iPhone 7 Plus កាន់ថ្មបានយូរជាង iPhone 6s Plus ចំនួន 1 ម៉ោង រីឯ iPhone 7 បានយូរជាង iPhone 6s ចំនួន 2 ម៉ោង។

9. Home Button ថ្មី៖ Solid-state Home Button ដូចក្នុង MacBook និង MacBook Pro ថ្មី ដែលអ្នកមិនអាចចុចវាទៅក្រោមបានដូច Home Button នៅលើ iPhone មុនៗនោះទេ តែអ្នកគ្រាន់តែប៉ះវា និងធ្វើការសង្កត់បន្តិច វានឹងញ័រឲ្យអ្នកដឹងថាអ្នកបានចុចលើវា។ បើអ្នកចុចវា នៅពេលទូរស័ព្ទអ្នកបិទ វានឹងមិនញ័រ ឬចុះទៅក្រោមទេ។

screen-shot-2016-09-08-at-2-47-41-am

 

10. រន្ធដោតកាស៖ រន្ធដោតកាស 3.5 mm Jack ដែលមាននៅក្នុងម៉ូដែល iPhone មុនៗ គឺមិនមាននៅលើ iPhone 7 & 7 Plus ទៀតទេ តែដោយឡែក អ្នកប្រើ Lightning Port ដែលជារន្ធដោយថ្មជំនួសវិញ។ ក្រុមហ៊ុន Apple ក៏បានដាក់ខ្សែភ្ជាប់ពី Lightning Connector ទៅ 3.5 mm Jack នៅក្នុងកញ្ចប់ iPhone 7 & 7 Plus ផងដែរ ដូច្នេះអ្នកមិនចាំបាច់ភ័យថាមិនអាចប្រើប្រាស់ជាមួយនឹងកាស 3.5 mm របស់អ្នកនោះទេ។ សូមបញ្ជាក់ថា នៅពេលដែលអ្នកប្រើកាសស្ដាប់ នោះអ្នកនឹងមិនអាចសាកថ្មបាននោះទេ តែបើអ្នកប្រើកាស bluetooth ទាំងនេះមិនមែនជាបញ្ហាសម្រាប់អ្នកទេ។

screen-shot-2016-09-08-at-4-43-16-am

 

11. ទំហំអង្គចងចាំ៖ សម្រាប់អ្នកដែលចង់បានទូរស័ព្ទ ដែលមានទំហំអង្គចងចាំច្រើន, iPhone 7 & 7 Plus នឹងមានភ្ជាប់ទំហំអង្គចងចាំធំបំផុតដល់ទៅ 256 GB ប្រៀបធៀបទៅនឹង iPhone 6s ដែលមានធំត្រឹម 128 GB។

 

សរុបមក បើសិនជាអ្នកគិតថាចំណុចពិសេសថ្មីៗរបស់ iPhone 7 & 7 Plus ខាងលើនេះ គឺជាអ្វីដែលអ្នកចង់បានពីលើ់ iPhone 6s ឬ 6s Plus ដែលអ្នកមាន អ្នកអាចពិចារណាប្តូរទៅ iPhone 7 ឬ 7 Plus បាន។ បើតាមគំនិតខ្ញុំ អ្នកគួរតែរងចាំឲ្យវាចេញបានរយៈពេលខ្លីសិន ចាំប្តូរទៅទិញវា ព្រោះថាវានឹងមានតម្លៃថ្លៃខ្លាំងនៅពេលចេញដំបូងភ្លាមៗ តែបើអ្នកមានលុយច្រើន និងចង់បានវាភ្លាមៗយកមកប្រើមុនអ្នកដទៃផ្សេងទៀត អ្នកអាចធ្វើវាបាន។

Comments Off on តើអ្នកគួរប្តូរពី iPhone 6s ឬ 6s Plus ទៅ iPhone 7 ឬ 7 Plus ដែរឬទេ? បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន