ក្នុងមួយរយៈពេលថ្មីៗ កន្លងទៅនេះ ធ្លាប់មានពត៌មាន និងពាក្យចចាមអារាមជាច្រើន បានលេចឡើងអំពីការចាប់ផ្តើមបង្កើតផលិតផលថ្មីរបស់ Apple នៅក្នុងវិស័យរថយន្ត។ យោងតាមពត៌មានជាក់លាក់ ពីក្រុមហ៊ុន Apple នូវមិនទាន់បាន បង្ហាញអំពីគម្រងរបស់ពួកគេ អំពីកិច្ចការបង្កើត និងផលិតនៅក្នុងវិស័យរថយន្ត នៅឡើយទេ ប៉ុន្តែកាលពីម្សិលមិញនេះ មានលេចចេញនូវពត៌មានយ៉ាងច្បាស់ការមួយថា អ្នកដែលធ្លាប់ធ្វើការនៅក្រុមហ៊ុន APPLE ពីមុនបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា Pearl។
Pearl គឺជាស៊ុមស្លាកលេខរថយន្តមួយប្រភេទ ដែលត្រូវបានអ្នកផលិត ជ្រើសរើសយកប្រភេទលោហៈធាតុអាលុយមីញ៉ូម ដ៏រឹងមាំ ដើម្បីឲ្យវាមានអាយុការប្រើប្រាស់បានយូរ និងមានភាពធន់ទៅនឹងគ្រប់អាកាសធាតុ និងបរិយាកាស។ ស៊ុមស្លាកលេខអាលុយមីញ៉ូមនេះ ត្រូវបានគេបំពាក់មកជាមួយនូវប្រភេទកាមេរ៉ា 180 ដឺក្រេ កម្រិតច្បាស់ចំនួនពីរ ជាមួយនឹងដុំឧបករណ៍បញ្ជារ សំរាប់ភ្ជាប់ផ្ទាល់ជាមួយនឹង port ខួរក្បាលកុំព្យូទ័ររបស់រថយន្តតែម្តង។ ការបញ្ជូនពត៌មាន និងរូបភាព របស់កាម៉េរា ទៅដុំបញ្ជារ និងទូរស័ព្ទដៃស្មាតហ្វូន របស់យើង គឺធ្វើឡើងតាមរយៈប្រព័ន្ធតរភ្ជាប់ឥតខ្សែរ wireless ជាមួយនឹងការសាកថាមពលថ្មពេញមួយថ្ងៃសំរាប់ការប្រើប្រាស់បានមួយសប្តាហ៍ ដែលបានមកពីបន្ទះសូឡាមាននៅលើស៊ុមស្លាកលេខរថយន្តអាលុយមីញ៉ូម ដ៏រឹងមាំនេះ។
កាមេរ៉ានឹងចាប់ផ្តើមបង្ហាញរូបភាពឡើង នៅពេលដែលយើងធ្វើការបញ្ជាររថយន្តថយក្រោយ ហើយវានឹងបិទចោលទៅវិញ នៅពេលដែលយើងចាប់ផ្តើមបើកបរទៅមុខ ក្នុងល្បឿនលឿនជាង 16 គីឡូម៉ែត្រក្នុងមួយម៉ោង។ យើងនឹងទទួល និងមើលឃើញវីដេអូរ ដែលបង្ហាញអំពីទីតាំងខាងក្រោយរបស់រថយន្តយើង តាមរយៈទូរស័ព្ទដៃស្មាតហ្វូនរបស់យើង ហើយវីដេអូរនោះក៏អាចបង្ហាញរូបភាពជាលក្ខណៈបញ្ឈរ ជាមួយនឹងសមត្ថភាពអាចធ្វើការ zoom ពង្រីកបានពីរដង ឬជាលក្ខណៈផ្តេក ទៅតាមការបញ្ជាររបស់យើង។ ក្រៅពីនេះ វាក៏មានផ្តល់ដំណឹងជាសំលេងឲ្យយើងមានដឹង និងមានការប្រុងប្រយ័ត្នផងដែរ តាមរយៈសំលេងពីរប្រភេទ ដោយសំលេងប្រភេទទីមួយគឺផ្តល់ដំណឹងឲ្យយើងដឹងថា មានរថយន្ត ឬមនុស្សកំពុងតែឆ្លងកាត់ខាងក្រោយយើង និងសំលេងមួយប្រភេទទៀតគឺប្រាប់ឲ្យយើងឈប់ ដើម្បីកុំឲ្យមានការប៉ះពាលជាមួយរថយន្តដែលនៅខាងក្រោយ។
យើងអាចនិយាយបានថា ឧបករណ៍មួយនេះគឺនឹងត្រូវបានគេគាំទ្រយ៉ាងខ្លាំង ជាពិសេសអ្នកដែលកំពុងតែប្រើប្រាស់រថយន្តដែលមិនមានភ្ជាប់មកជាមួយនឹងកាមេរ៉ាខាងក្រោយរថយន្ត ឬរថយន្តដែលមានសេរ៊ីចាស់ ហើយទាំងអស់នេះគឺ ដោយសារតែ គុណភាពដ៏ល្អ បច្ចេកវិទ្យាដ៏ទំនើប និងភាពងាយស្រួលក្នុងការប្រើប្រាស់នៃឧបករណ៍មួយនេះផងដែរ។ សំរាប់ការបញ្ជាក់អំពីតម្លៃរបស់វានោះ គឺវានឹងត្រូវបានគេដាក់លក់នៅក្នុងតម្លៃប្រហាក់ប្រហែល 500 ដុល្លាសហរដ្ឋអាមេរិក។