ក្រុមហ៊ុន Razor គឺជាក្រុមហ៊ុនដ៏ល្បីមួយដែលផលិតនូវឧបករណ៍អេឡិចត្រូនិចសម្រាប់លេងហ្គែម ដូចជា mouse, keyboard, កាសស្ដាប់, កុំព្យូទ័រ ។ល។ ដែលសុទ្ធតែជាផលិតផលមានស្តង់ដា និងឥទ្ធិពលខ្ពស់តម្រូវសម្រាប់អ្នកលេងហ្គែមជំនាញៗ។ Razor Blade គឺជាម៉ូដែលកុំព្យូទ័រ laptop មួយដែលក្រុមហ៊ុន Razor បានផលិត ហើយវាមានឥទ្ធិពលខ្លាំងអាចលេងហ្គែមធំៗបានស្ទើរតែគ្រប់ប្រភេទព្រោះវាមាន CPU និងក្រាហ្វិចកាត ស៊េរីខ្ពស់ៗតម្រូវជាមួយនឹងការប្រើប្រាស់ក្នុងការលេងហ្គែម ឬការប្រើប្រាស់កម្មវិធីធំៗដូចជាកម្មវិធីឌីហ្សាញផ្សេងៗជាដើម។ ក៏ប៉ុន្តែ កុំព្យូទ័រលេបថបម៉ូដែល Razor Blade នេះគឺសុទ្ធតែមានទំហំធំ និងតម្លៃរៀងថ្លៃបន្តិច ដូច្នេះហើយទើបក្រុមហ៊ុន Razor បានចេញនូវកុំព្យូទ័រលេបថប ultrabook ថ្មីមួយទៀតដែលមានទំហំតូចល្មម និងមានតម្លៃសមរម្យ តែនៅតែមានឥទ្ធិពលខ្លាំងដដែល ដែលម៉ូដែលនោះមានឈ្មោះថា Razor Blade Stealth ហើយម៉ូដែលនេះផងដែរ វាគឺជាម៉ូដែលលេបថបដម្បូងបង្អស់របស់ក្រុមហ៊ុន Razor ដែលជា ultrabook។ នៅក្នុងអត្ថបទនេះ ខ្ញុំនឹងរៀបរាប់ពីលក្ខណៈពិសេសៗ ដូចជាការឌីហ្សាញ និងការដំណើរការ របស់កុំព្យូទ័រលេបថប ultrabook ម៉ូដែល Razor Blade Stealth មួយនេះជូនលោកអ្នក។
ការឌីហ្សាញរបស់ Razor Blade Stealth
Razor Blade Stealth ត្រូវបានឌីហ្សាញឡើងយ៉ាងប្រណីត ដែលមានកម្រាស់ស្ដើងត្រឹមតែ 0.52 inches (អ៊ីញ) និងមានទម្ងន់ត្រឹមតែ 1.25 Kg (គីឡូក្រាម) ប៉ុណ្ណោះ ហើយសម្បករបស់វាគឺធ្វើពីអាឡុយមីញូមសុទ្ធ, សម្រាប់លេបថបដែលតូច តែមានឥទ្ធិពលខ្លាំងល្មមបែបនេះ គឺវាមានរាងស្ដើង និងស្រាល ងាយយកតាមខ្លួនមែនទែន។ បន្ថែមពីនេះ Razor Blade Stealth មានមកជាមួួយនឹងអេក្រង់ touchscreen ទំហំ 12.5 អ៊ីញ ពីរ ជម្រើសឲ្យអ្នកជ្រើសរើសបាន, មួយគឺអេក្រង់ Ultra HD ដែលមាន resolution 3840 x 2160 ភិចស៊ែល ត្រូវនឹង 352 ភិចស៊ែលក្នុងមួយអ៊ីញ និងមានពណ៌ Adobe RGB លើអេក្រង់ 100% ហើយមួយជម្រើសទៀតគឺអេក្រង់ Quad HD ដែលមាន resolution 2560 x 1440 ភិចស៊ែល ត្រូវនឹង 234 ភិចស៊ែលក្នុងមួយអ៊ីញ និងមានពណ៌ Adobe RGB លើអេក្រង់ 70%។ ជាមួយនឹងបច្ចេកវិទ្យា IGZO (Indium Gallium Zinc Oxide) អេក្រង់ទាំងពីរប្រភេទនេះគឺសុទ្ធតែបញ្ចេញនូវពណ៌ច្រើន និងច្បាស់ល្អ ហើយអ្នកអាចមើលទៅអេក្រង់នោះបានក្នុងមុំរហូតដល់ទៅ 170 ដឺក្រេឯណោះ។
ជាពិសេសជាងនេះទៅទៀតនោះ Razor Blade Stealth មានភ្ជាប់មកជាមួយនឹង keyboard ដែល key នីមួយៗអាចបញ្ចេញពន្លឺបានដោយខ្លួនឯង ហើយដោយមានការឌីហ្សាញពី Razor Chroma, កូន key ទាំងនោះអាចបញ្ចេញនូវពណ៌បានរហូតដល់ទៅ 16.8 លានពណ៌ឯណោះ អាចឲ្យអ្នកផ្លាស់ពណ៌របស់ keyboard របស់ Razor Blade Stealth របស់អ្នកបានតាមតម្រូវការ និងចំណងចំណូលចិត្តរបស់អ្នក។
បន្ថែមពីនេះផងដែរ Razor Blade Stealth ក៏មានភ្ជាប់មកជាមួយនឹងរន្ធ USB 3.0 ចំនួនពីរ, រន្ធដោតកាស, webcam (2.0 MP), រន្ធ HDMI មួយ, និងពិសេសជាងគេនោះគឺ រន្ធ Thunderbolt™ 3 (USB-C™) ដែលជាបច្ចេកវិទ្យាចុងក្រោយដែលទទួលថាមពល និងអាចបញ្ចូនទិន្នន័យបានយ៉ាងលឿនដល់ទៅ 40 Gbps ស្មើរនឹង 8 ដងនៃល្បឿនបញ្ចូនទិន្នន័យរបស់ USB 3.0 ឯណោះ។
ការដំណើរការរបស់ Razor Blade Stealth
ចំពោះការដំណើរការរបស់ Razor Blade Stealth វិញ គឺវាមានថាមពលខ្លាំងបើប្រៀបធៀបទៅនឹងមាឌដ៏តូចរបស់វាដែលធ្វើឲ្យអ្នកស្ទើរតែមិនជឿ។ Razor Blade Stealth មានភ្ជាប់មកជាមួយនឹង CPU Intel Core i7-6500U ជំនាន់ទី6 ដែលផ្ដល់ថាមពលនៃការគិតដល់ Razor Blade Stealth ចាប់ពី 2.5GHz (base) ទៅដល់ 3.1GHz ជាមួយនឹង Turbo Boost។ ហើយបន្ថែមពីនេះទៀត ដោយមានភ្ជាប់នូវ Intel® HD Graphics 520 និង 8GB RAM មកជាមួយ កុំព្យូទ័រដ៏តូចនេះអាចបញ្ចេញនូវរូបភាពលើអេក្រង់ឲ្យមានលក្ខណៈរលូនបានយ៉ាងល្អ។
ជាពិសេសជាងនេះទៅទៀតនោះអ្នកអាចជ្រើសបាននូវអង្គផ្ទុកទិន្នន័យទំហំដល់ទៅ 512 GB នៃ PCIe SSD (Solid State Drive) ដែលជាបច្ចេកវិទ្យាជំនាន់ក្រោយរបស់អង្គផ្ទុកទិន្នន័យ ហើយវាមានល្បឿនផ្ទេរទិន្នន័យលឿន ដែលអាចធ្វើឲ្យការ boot up, ការបើកប្រើប្រាស់កម្មវីធី ឬការបើកកុំព្យូទ័ររបស់អ្នកកាន់តែមានល្បឿនលឿន និងចំណាយពេលតិច។ ចំពោះថ្មរបស់ Razor Blade Stealth នេះវិញ វាអាចកាន់ថ្មបានរហូតដល់ទៅ 8 ម៉ោងឯណោះសម្រាប់ការប្រើប្រាស់ធំៗដូចជាលេងហ្គេមជាដើម ដូច្នេះអ្នកអាចរីករាយជាមួយនឹងការលេងហ្គេម ឬធ្វើការឌីហ្សាញនៅតាមផ្លូវដោយមិនចាំបាច់ខ្វល់ពីថ្មរបស់វានោះទេ។
Razor Core
បើអ្នកចង់ upgrade Razor Blade Stealth របស់អ្នកពីកុំព្យូទ័រលេបថប ultrabook ទៅជាកុំព្យូទ័រ desktop ដែលមានឥទ្ធិពលកាន់តែខ្លាំងជាងនេះទៀត នោះអ្នកអាចធ្វើបានដោយភ្ជាប់វាជាមួយនឹង Razor Core ដែលក្រុមហ៊ុន Razor បានបង្កើតឡើងដើម្បីតម្រូវចិត្តអតិថិជនដែលត្រូវការកុំព្យូទ័រមានឥទ្ធិពលខ្លាំងអាចលេងហ្គែមធំៗ និងប្រើកម្មវិធីធំៗបានយ៉ាងរលូនល្អ។ Razor Core គឺជាកេសមួយដែលឌីហ្សាញដោយក្រុមហ៊ុន Razor មើលទៅមានលក្ខណៈឡូយស័ក្តសមនឹងអ្នកលេងហ្គែមអាជីព ដែលអ្នកអាចធ្វើការប្តូរបានតាមបំណងនូវសមាសភាគ ឬគ្រឿងខាងក្នុងរបស់វាដូចជា ក្រាហ្វិចកាត (GPU) ជាដើមទៅជាក្រាហ្វិចកាតដែលមានឥទ្ធិពលខ្លាំងតាមចិត្តរបស់អ្នក ធ្វើឲ្យបទពិសោធន៍នៃការលេងហ្គេមរបស់អ្នកកើនឡើងមួយកំរិតទៀត។
Razor Core នេះមានភ្ជាប់មកជាមួយនឹង រន្ធ USB 3.0 ចំនួន 4, រន្ធ Ethernet, រន្ធ HDMI, និងរន្ធ Thunderbolt™ 3 (USB-C™) សម្រាប់ភ្ជាប់ Razor Core នេះជាមួយនឹង Razor Blade Stealth។ ហើយដោយសារបច្ចេកវិទ្យារបស់ Thunderbolt™ 3 (USB-C™) នេះ អ្នកអាចភ្ជាប់ Razor Blade Stealth របស់អ្នកទៅ Razor Core បានដោយមិនចាំបាច់បិទនិងបើកកុំព្យូទ័រនោះទេ គឺគ្រាន់តែដោតខ្សែ នោះអ្នកអាចប្រើបានភ្លាម និងផ្លាស់ប្តូរពីលេបថប ultrabook ធម្មតា ទៅជាម៉ាស៊ីនសម្រាប់លេងហ្គេមបានក្នុងមួយពព្រិចភ្នែក។
សរុបមក Razor Blade Stealth គឺជាកុំព្យូទ័រដែលអ្នកគួរពិចារណាទិញ ព្រោះវាមានឥទ្ធិពលខ្លាំង អាចប្រើក្នុងការធ្វើការប្រចាំថ្ងៃរបស់អ្នក និងលេងហ្គែមបាន ហើយវាមានរាងតូចល្មមងាយស្រួលក្នុងការយកតាមខ្លួន។ ហើយបន្ថែមពីនេះ បើអ្នកចង់ឲ្យកុំព្យូទ័រដ៏តូចនេះទៅជាម៉ាស៊ីនដែលមានឥទ្ធិពលខ្លាំងអាចមានដំណើរការបានយ៉ាងរលូនជាមួយនឹងហ្គែម និង software ធំៗ អ្នកគ្រាន់តែភ្ជាប់វាជាមួយនឹង Razor Core ផ្គុំវាទៅជាកុំព្យូទ័រ desktop ដែលមានអេក្រង់, keyboard, និង mouse បន្ថែម នោះវាជាការស្រេច។
ចំពោះតម្លៃរបស់ Razor Blade Stealth នៅឯសហរដ្ធអាមេរិក វាមានតម្លៃចាប់ពី $999 ឡើងទៅរហូតដល់ $1599 ទៅតាមឥទ្ធិពលដែលអ្នកត្រូវការ រីឯ Razor Core វិញក្រុមហ៊ុន Razor នៅពុំទាន់មានចេញតម្លៃនៅឡើយទេ។