អ្វីដែលអ្នកគាំទ្រក្រុមហ៊ុន Apple ទាំងអស់បានទន្ទឹងរងចាំ និងរំពឹងទុកអស់រយៈពេលជាយូរមកហើយនោះ ឥឡូវនេះបានមកដល់ហើយ។
នៅក្នុងអត្ថបទមុន ខ្ញុំបានសរសេរអំពី ផលិតផល និង updates មួយចំនួនរបស់ក្រុមហ៊ុន Apple ដែលមនុស្សជាច្រើនបានទស្សទាយ និងរំពឹងទុកមុនថា ក្រុមហ៊ុន Apple នឹងប្រកាសចេញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍របស់ពួកគេក្នុងខែកញ្ញាឆ្នាំ ២០១៥ នេះ។
ឥឡុវនៅក្នុងអត្វបទថ្ងៃនេះ ក្រោយពីការប្រកាសរបស់ក្រុមហ៊ុន Apple បានបញ្ចប់ ខ្ញុំនឹងរៀបរាប់សារជាថ្មីម្ដងទៀតនូវអ្វីដែលក្រុមហ៊ុន Apple ពិតជាបានប្រកាសនៅក្នុងព្រឹត្តិការណ៍នោះ។ ខាងក្រោមនេះគឺជាផលិតផល និង updates ថ្មីៗដែលក្រុមហ៊ុន បានប្រកាស ដែលមានដូចជា៖
iPad Pro ថ្មីដែលធំជាង iPad មុនៗទាំងអស់
ក្រុមហ៊ុន Apple បានធ្វើការណែនាំនូវ iPad Pro ថ្មឺដែលធំជាង iPad ស៊េរីមុនៗទាំងអស់ ហើយការចូលមកដល់ថ្មីនៃ iPad Pro នេះ ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមនុស្សជាច្រើននៅលើពិភពលោក។ ខាងក្រោមនេះគឺជាលក្ខណៈពិសេសថ្មីៗនៃ iPad Pro៖
- មានទហំស្គ្រីនដល់ទៅ ១២,៩ អ៊ិញ ដែលផ្ទុកចំនួនភិចស៊ែលដល់ទៅ ៥,៦ លានភិចស៊ែល (២៧៣២ × ២០៤៨ ភិចស៊ែល)
- iPad Pro ប្រើប្រាស់ processor ជំនាន់ថ្មី គឹ A9X 64-bit
- ថ្មរបស់ iPad Pro អាចកាន់រហូតដល់ទៅ ១០ ម៉ោង
- កាមេរ៉ា ៨ មេហ្គាភិចស៊ែល (8MP iSight) និង កាមេរ៉ាមុខ FaceTime HD
- មានកម្រាស់ ៦,៩ មីិលីមែត្រ
- មានទម្ងន់ ៧១៣ ក្រាម
- មាន Speakers ចំនួន ៤ ដែលអាចធ្វើឲ្យសម្លេងលឺសូរស្មើល្អដោយស្វ័យប្រវត្តិ ទៅតាមរបៀបដែលអ្នកកាន់ iPad Pro របស់អ្នក
iPad Pro ក៏អាចប្រើប្រាស់ជាមួយនឹងឧបករណ៍ខាងក្រៅបន្ថែម ដែលក្រុមហ៊ុន Apple បានផលិតជាពិសេសសម្រាប់ iPad Pro ផងដែរ ដែលឧបករណ៍ទាំងនោះមានដូចជា Keyboard Case ដែលភ្ជាប់ជាមួយនឹង iPad Pro តាមរយៈ connectors របស់វា និង ខ្មៅដៃ Apple (Apple Pencil) ដែលក្រុមហ៊ុន Apple ផលិតជាពិសេសសម្រាប់ប្រើជាមួយ iPad Pro ដែលវាអាចវាស់ដឺងពីសម្ពាធកម្លាំងដៃរបស់អ្នកនៅពេលដែលអ្នកចុចនៅលើអេក្រង់របស់ iPad Pro បានយ៉ាងងាយ។
អ្នកអាចរកទិញ iPad Pro ថ្មីនេះបាននៅខែវីច្ឆកា នៅក្នុងតម្លៃចាប់ពី ៧៩៩ ដុល្លាអាមេរិកឡើងទៅសម្រាប់ iPad Pro 32GB និង ៩៤៩ ដុល្លាអាមេរិក សម្រាប់ iPad Pro 128GB។ ហើយអ្នកក៏អាចរកទិញ iPad Pro 128GB ដែលអាចប្រើប្រាស់ទិន្នន័យ 4G LTE បានផងដែរនៅក្នុងតម្លៃ ១០៧៩ ដុល្លាអាមេរិក។ ហើយចំពោះ Keyboard Case អ្នកអាចរកទិញបានក្នុងតម្លៃ ១៦៩ ដុល្លាអាមេរិក និង Apple Pencil ក្នុងតម្លៃ ៩៩ ដុល្លាអាមេរិក។
iPhone 6s និង iPhone 6s Plus
iPhone 6s និង iPhone 6s Plus គឺជា Upgrades របស់ iPhone 6 និង 6 Plus ដែលចេញកាលពីឆ្នាំមុន។ លក្ខណៈពិសេសៗថ្មីៗរបស់ iPhone 6s និង 6s Plus ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងដែរ ពីសំណាក់អតិថិជនរបស់ក្រុមហ៊ុន Apple ទាំងអស់នៅលើពិភពលោក ដែលមានដូចជា៖
- មានពណ៌ថ្មី គឺពណ៌ ផ្កាឈូកមាស (rose gold)
- បច្ចេកវិទ្យា 3D Touch ថ្មី
- មកជាមួយនឹង processor A9
- មកជាមួយនឹង iOS9
- មានកាមេរ៉ាច្បាស់ជាងមុន ដល់ទៅ ១២ មេហ៊្គាភិចស៊ែល (12MP iSight) ដែលអាចថតវីដែអូ 4K បាន និង កាមេរ៉ាមុខ ៥ មេហ្គាភិចស៊ែល (5MP FaceTime HD)។ បន្ថែមពីនេះ iPhone 6s និង 6s Plus ក៏មានមុខងារសម្រាប់ថតរូបថ្មី ដែលហៅថា Live Photo ដែលវាចាប់យករូបភាពរបស់យើងមុន និងក្រោយពេលយើងថតរូប។
- ផលិតពីកញ្ចក់រឹង និងពីលោហៈធាតុផ្សំថ្មីរបស់ អាឡុយមីញ៉ូម ៧០០០ ស៊េរី ដែលធ្វើឲ្យ iPhone 6s និង 6s Plus ថ្មីនេះរឹងមាំមិនងាយវៀច ឫបាក់
អ្នកអាចរកទិញ iPhone 6s និង iPhone 6s Plus ថ្មីនេះបានក្នុងតម្លៃចាប់ពី ១៩៩ ដុល្លាអាមេរិក ឡើងទៅសម្រាប់ iPhone 6s 16GB និង ចាប់ពី ២៩៩ ដុល្លាអាមេរិក ឡើងទៅសម្រាប់ iPhone 6s Plus 16GB។ បើរអ្នកចង់ស្វែងយល់លំអិតជាងនេះពីទូរស័ព្ទថ្មីទាំពីរនេះ ពួកខ្ញុំបានធ្វើការបកស្រាយគ្របដណ្តប់លើមុខងារថ្មីៗទាំអស់នៅក្នុងអត្ថបទ Apple បានបង្លាញទូរស័ព្ទថ្មី iPhone 6s និង iPhone 6s Plus និងបន្ថែមពណ៌ថ្មីពីលើជំរើសពណ៌ទូរស័ព្ទទាំពីរ។
Apple TV
Updates ថ្មីរបស់ Apple TV ដែលក្រុមហ៊ុន Apple បានប្រកាសនៅក្នុងព្រឹត្តិការណ៍ខែកញ្ញា ឆ្នាំ២០១៥នេះ គឹជាបដិវត្តន៍ថ្មីរបស់ smart TV សម័យនេះ។ Apple TV ជំនាន់ថ្មីនេះមានភ្ជាប់មកជាមួយនូវ តេឡេបញ្ជាថ្មី ដែលមាន Touch Surface ដែលអ្នកអាចបញ្ជាទូរទស្សន៍របស់អ្នកនៅលើនោះបានយ៉ាងងាយស្រួលជាងតេឡេបញ្ជាមុនៗដែលមានត្រឹមតែប៊ូតុងធម្មតាប៉ុណ្ណោះ។ ហើយពិសេសជាងនេះទៀត អ្នកក៏អាចប្រើសម្លេងរបស់អ្នកដើម្បីបញ្ជាទូរទស្សន៍របស់អ្នកបានយ៉ាងងាយផងដែរ ពីព្រោះ ឥឡូវនេះ Apple TV ក៏មានភ្ជាប់មកជាមួយនូវ Siri ផងដែរ។ បន្ថែមពីលក្ខណៈពិសេសថ្មីៗរបស់ Apple TV អ្នកក៏អាចរុករក Apps និង Games ថ្មីៗសម្រាប់ប្រើ និងលេងបានយ៉ាងសប្បាយផងដែរ តាមរយៈ App Stores ដែលទើបនឹងណែនាំថ្មីឲ្យប្រើប្រាស់បានជាមួយនឹង Apple TV ។
iOS9 និង WatchOS 2
ខាងផ្នែក Software ក្រុមហ៊ុន Apple និងប្រកាសចេញឲ្យដោនឡោដ iOS9 និង WatchOS2 ជាផ្លូវការនៅថ្ងៃទី ១៦ ខែកញ្ញា ខាងមុខនេះសំរាប់អ្នកប្រើប្រាស់ iPhone និង Apple Watch ម៉ូដែលមុន ហើយប្រាកដណាស់ ចំពោះ iPhone 6s, iPhone 6s Plus និង Apple Watch ថ្មីនឹងមានភ្ជាប់មកជាមួយនូវ Software ថ្មីនេះមករួចជាស្រាប់។ បន្ថែមពីនេះទៀត WatchOS2 និងមានភ្ចាប់នូវ Apps ខាងក្រៅមកជាមួយផងដែរដូចជា AirStrip និង Apps សំរាប់ផ្ញើរសារមួយចំនួនដូចជា Facebook Messenger ជាដើម។
iPad Mini 4
បន្ថែមពីផលិតថ្មីៗទាំងអស់របស់ក្រុមហ៊ុន Apple, iPad Mini 4 ក៏មានវត្ថមានផងដែរក្នុងព្រឹត្តិការណ៍ខែកញ្ញា ឆ្នាំ២០១៥នេះ។ iPad Mini 4 គឺជា Upgrade របស់ iPad Mini 3 ដ៏តូចច្រឡឹងរបស់ក្រុមហ៊ុន Apple ហើយវាមានតំម្លៃចាប់ពី ៣៩៩ ដុល្លាអាមេរិក ឡើងទៅ។ និយាយឲ្យខ្លី iPad Mini 4 ត្រូវបាន update ឲ្យប្រើគ្រឿងក្នុងដូចគ្នានឹង iPad Air 2 និងត្រូវបានកាត់កម្រាស់ឲ្យស្តើងជាងមុនបន្តិច។
ខ្សែនាឡិកា Apple Watch ថ្មីៗ និងការសហការណ៍ជាមួយម៉ាក Hermès
នៅក្នុងព្រឹត្តិការណ៍ខែកញ្ញា ឆ្នាំ២០១៥ នេះ ក្រុមហ៊ុន Apple ក៏មានការណែនាំផងដែរនូវម៉ូត និងពណ៌ខ្សែនាឡិកា Apple Watch ថ្មីៗដើម្បីតម្រូវចិត្តអតិថិជនរបស់ពួកគេនៅក្នុងសម័យថ្មីនេះ។
ពិសេសជាងនេះទៅទៀតនោះ ក្រុមហ៊ុន Apple បានសហការជាមួយនឹងក្រុមហ៊ុន Hermès ដែលជាក្រុមហ៊ុនម៉ូតសំលៀកបំពាក់ និងប្រដាប់ប្រើប្រាស់ម៉ូតដ៏ល្បីល្បាញនៅលើពិភពលោកនេះ ដើម្បីផលិតនូវខ្សែនាឡិកាសម្រាប់ Apple Watch ឲ្យមើលទៅទាន់សម័យនៅក្នុងរដូវថ្មីនេះ។ ចំពោះ Apple Watch Sport ផ្ទាល់ក៏មានពណ៌ថ្មីដូចជា iPhone 6s និង iPhone 6s Plus ផងដែរ ដែលជាពណ៌ មាស និង ផ្កាឈូកមាស (rose gold) ហើយមានតម្លៃដដែលចាប់ពី ៣៤៦ ដុល្លាអាមេរិកឡើងទៅ។