TOYOTA C-HR គឺជាប្រភេទ រថយន្តគំរូ ជំនាន់ថ្មីមួយ ដែលត្រូវបានរចនាម៉ូដដោយផ្ទាល់ពី TOYOTA។ រថយន្ត គំរូមួយប្រភេទនេះ ត្រូវបានគេដាក់តាំងជាលើកដំបូង កាលពីប៉ុន្មានខែមុន នៅកម្មវិធីពិព័ណ៌រថយន្តនៃទីក្រុងប៉ារីស ជាមួយនឹងមតិខ្វែងគ្នា ជាច្រើន ដែលមិនច្បាស់លាស់ ថាតើ TOYOTA C-HR គួរតែស្ថិតនៅក្នុងប្រភេទរថយន្ត ស្ព័រខ្ពស់ high-riding coupe ឬក៏ ប្រភេទរថយន្តកូនកាត់ ដែលមានតំហំដ៏តូច crossover?
តាមពិតទៅ រថយន្តម៉ូដែលមួយនេះ គួរតែនឹងត្រូវផលិតក្រោមម៉ាកយីហោ Scion ទេ ដើម្បីធ្វើឲ្យវាកាន់តែសាកសមជាមួយនឹងទីផ្សារអតិថិជនវ័យក្មេង ហើយគោលបំណងនៃការបង្កើត C-HR នេះឡើង គឺដើម្បីធ្វើការប្រកួតប្រជែង និងដណ្តើមទីផ្សារជាមួយនឹងរថយន្ត Nissan juke។ បើសិនជាយើង ធ្វើការប្រៀបធៀបទំហំ របស់វាជាមួយនឹងម៉ូដែលផ្សេងៗរបស់ TOYOTA គឺវា មានអាចមានទំហំស្ថិតនៅចន្លោះ រវាង Corolla និង RAV4។
យើងនៅមិនទាន់មានភាពប្រាកដនៅឡើយទេ សំរាប់ប្រភេទម៉ាស៊ីន ដែលនឹងត្រូវបានប្រើប្រាស់នៅលើ C-HR ប៉ុន្តែបើតាម ពត៌មានមិនច្បាស់ការខ្លះៗ បានបង្ហើបឲ្យយើងបានដឹងថា រថយន្តមួយនេះ អាចនឹងត្រូវដំណើរការដោយប្រភេទម៉ាស៊ីន អាគុយហាយប្រ៊ីត របស់ Prius ដែលមានទំហំស៊ីឡាំង 1.8 លីត្រ ជាមួយនឹងកំលាំង 120 សេះ ឬមួយក៏ ជាមួយនឹងប្រភេទម៉ាស៊ីនសាំង turbo ដែលមានទំហំស៊ីឡាំង 1.2 លីត្រ ជាមួយនឹងកំលាំង 133 សេះ។ សំរាប់មតិមួយចំនួនទៀត គឺចង់បានជាប្រភេទម៉ាស៊ីន CVT របស់ RAV4 ដែលមានទំហំស៊ីឡាំង 2.0 លីត្រ វិញ ដោយសារវាមានកំលាំង និងសន្ទុះល្បឿនលឿនជាង។
TOYOTA C-HR នឹងត្រូវបានគេចាប់ផ្តើមដាក់លក់ នៅក្នុងដើមឆ្នាំ 2017 ខាងមុខនេះហើយ ហើយសំរាប់តម្លៃចេញពីរោងចក្ររបស់វាវិញ គឺប្រហាក់ប្រហែលទៅនឹងតម្លៃរបស់ Nissan juke ដែរ ដោយវាអាចនឹងមានតម្លៃចន្លោះពី 20,000 ទៅ 25,000 ដុល្លា សហរដ្ឋអាមេរិក។