អ្នកជំនាញបានឲ្យដឹងថា ស៊ុតមិនអាក្រក់ចំពោះសុខភាពបេះដូងនោះទេ។ ការអះអាងនេះបានបដិសេធជំនឿមួយ ដែលបានជឿថា ស៊ុត សម្បូរដោយជាតិខ្លាញ់កូលេស្តូរ៉ល និងមានគ្រោះថ្នាក់ចំពោះសុខភាពបេះដូង។ ប៉ុន្តែប៉ុន្មានឆ្នាំកន្លងមកនេះ តាមការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា កូលេស្តូរ៉លក្នុងស៊ុតពុំមានប៉ះពាល់ដល់អត្រាប្រឈមនឹងជម្ងឺបេះដូងនោះទេ តែវាជួយទប់ស្កាត់ជម្ងឺបេះដូង ផ្ដល់ជាតិខ្លាញ់ឆ្អែតក្នុងបរិមាណទាប និងផ្ដល់នូវសារធាតុខូលី ដែលជាសមាសធាតុផ្សំដ៏ល្អក្នុងការដុតបំលែងថាមពល និងការវិវឌ្ឍន៍ខួរក្បាលរបស់ទារកក្នុងផ្ទៃទៅវិញទេ។
ក្រៅពីនេះ ស៊ុតនៅមានសារធាតុលូតេអ៊ីន ដែលគេស្គាល់ថា ជាសារធាតុជួយកាត់បន្ថយការកើតជម្ងឺកញ្ចក់ភ្នែកល្អក់ និងជម្ងឺខ្សោយរ៉េទីនភ្នែកទៀតផង។ សាស្រ្តាចារ្យ ដុន មេកណាម៉ារ៉ា អ្នកជំនាញផ្នែកស៊ុតពីសហរដ្ឋអាមេរិកបានឲ្យដឹងថា អ្នកដែលទទួលទានស៊ុតជាអាហារពេលព្រឹក នឹងមានអារម្មណ៍ឆ្អែតបានយូរ បន្ថយអត្រាការទទួលទានអាហារថ្ងៃត្រង់ច្រើន។
លើសពីនេះ ស៊ុតមានជាតិប្រូតេអ៊ីនគុណភាពខ្ពស់ ថែមទាំងមានវីតាមីន និងសារជាតិខនិជ ដែលជាតម្រូវការរបស់រាងកាយ លើកលែងតែវីតាមីន C។ ដូច្នេះស៊ុតជាអាហារ ដើម្បីសុខភាពដ៏ល្អ សម្រាប់អ្នកមានកម្រិតកូលេស្តូរ៉លធម្មតា កូលេស្តូរ៉លខ្ពស់ អ្នកជម្ងឺទឹកនោមផ្អែម និងអ្នកជម្ងឺធាត់ដុះក្បាលពោះ។