MENU

ទម្លាប់ 5 យ៉ាង ដែលអ្នកធ្វើខុសនៅពេលសម្អាតត្រចៀករបស់អ្នក

សវនាការ ឬ ការស្ដាប់ គឺជាញ្ញាណមួយដ៏សំខាន់ក្នុងចំណោមញ្ញាណទាំងប្រាំ ដែលយើងមានដើម្បីទទួលយកបទពិសោធន៍ពីអ្វីៗដែលនៅជុំវិញខ្លួនយើង។ ដូច្នេះហើយ ការថែរក្សារត្រចៀករបស់អ្នកឲ្យបានល្អគឺជារឿងដ៏ល្អ ហើយអ្នកក៏ប្រហែលជាគិតថា អាចម៍ត្រចៀកគឺពិតជាគួរឲ្យខ្ពើម ទើបអ្នកតែងតែយកសំឡីត្បាល់មកសម្អាតត្រចៀករបស់អ្នក។

ក៏ប៉ុន្តែការថែរក្សា និងរបៀបនៃការសម្អាតត្រចៀកមិនត្រឹមត្រូវ ក៏អាចនាំឲ្យត្រចៀក និងការស្ដាប់របស់អ្នក ទៅជាមានបញ្ហាវិញបានផងដែរ បើសិនជាអ្នកធ្វើវាខុស ដោយសារក្រដាស់ត្រចៀក និងឆ្អឹងខ្ចីដែលនៅកណ្ដាលត្រចៀកអ្នក ឬ ossicles គឺពិតជាងាយនឹងរងការប៉ះពាល់ខ្លាំងមែនទែន ហើយផ្លូវតែមួយគត់ដើម្បីព្យាបាលវាបាន គឺត្រូវឆ្លងកាត់ការវះកាត់។ នៅក្នុងករណីអាក្រក់បំផុត បើសិនជាមានការប៉ះទង្គិចទៅលើ ossicles វាអាចបណ្ដាលឲ្យមានហារទឹករងៃនៅក្នុងត្រចៀក ហើយនិងអាចធ្វើឲ្យអ្នកថ្លង់អស់មួយជីវិតបានផងដែរ។ បន្ថែមពីនេះផងដែរ ស្បែកដែលនៅក្នុងត្រចៀក គឺពិតជាស្ដើងខ្លាំងណាស់ ដូច្នេះវាអាចងាយនឹងទទួលការប៉ះពាល់ពីអ្វីដែលអ្នកដាក់ចូលទៅក្នុងត្រចៀក ហើយបើវាត្រូវបានដាច់ ឬរបួស វាអាចនឹងបង្ករឲ្យឆ្លងនូវជម្ងឺត្រចៀកផ្សេងៗបានផងដែរ។

 

Woman Picking Her Ear

 

ខាងក្រោមនេះ គឺជាទម្លាប់ទាំង 5 ដែលអ្នកធ្វើខុសនៅពេលសម្អាតត្រចៀករបស់អ្នក ហើយបើសិនជាអ្នកចង់ឲ្យត្រចៀករបស់អ្នកនៅល្អ និងអាចស្ដាប់លឺច្បាស់ធម្មតា អ្នកគួរតែបោះបង់ចោលនូវទម្លាប់នៃការសម្អាតត្រចៀកទាំងអស់នេះ។

 

1. ព្យាយាមសម្អាតត្រចៀកជាប្រចាំ

តាមពិតទៅ អ្នកមិនចាំបាច់សម្អាតត្រចៀករបស់អ្នកទេ ដោយសារត្រចៀកអាចសម្អាតខ្លួនវាបាន។ ហើយត្រចៀក គឺជាអាវៈយវៈតែមួយគត់ក្នុងចំណោមតួរខ្លួនទាំងអស់របស់យើង ដែលមានស្បែកដុះពីក្នុងចេញមកក្រៅ ហើយនិងនាំមកជាមួយអាចម៍ត្រចៀកពីក្នុងរន្ធត្រចៀកចេញមកក្រៅផងដែរ ជាពិសេសនៅពេលដែលអ្នកកម្រើកថ្កាមរបស់អ្នកពេលទំពារអាហារ។ អ្នកខ្លះមានអាចម៍ត្រចៀកច្រើន អ្នកខ្លះមានតិច តែត្រូវចាំថាត្រចៀករបស់អ្នកបង្កើតវាតាមកម្រិតដែលវាត្រូវការ ដើម្បីការពារស្បែកនៅក្នុងរន្ធត្រចៀក ការពារកុំឲ្យទឹកចូល និងការពារត្រចៀកអ្នកពីបាក់តេរីផ្សេងៗផងដែរ។ អ្នកអាចគិតថាអាចម៍ត្រចៀកដែលមានពណ៌លឿង ឬ cerumen នោះដូចជាឡេធម្មជាតិសម្រាប់ត្រចៀកអ្នកក៏បាន ហើយនៅពេលដែលវាចេញមកក្រៅតាមការដុះនៃស្បែកត្រចៀករបស់អ្នក អ្នកគ្រាន់តែបោស ឬជូតវាចេញជាមួយនឹងកន្សែងសើមទៅ គឺវាជាការស្រេចទៅហើយ។ អ្នកមិនចាំបាច់ព្យាយាមសម្អាតវាជាប្រចាំនោះទេ ព្រោះវាអាចធ្វើឲ្យត្រចៀករបស់អ្នកគ្មានការការពារពីផលប៉ះពាល់ផ្សេងៗបាន។

 

2. យកសំឡីត្បាល់មកត្បាល់ត្រចៀក

ear-canals

 

8be0e5ca-db8e-49f3-81a7-270f19fe787e_desktop

 

អ្នកប្រហែលជាភ្ញាក់ផ្អើលហើយថាម៉េចបានជាវាជាទម្លាប់អាក្រក់។ តាមពិតទៅសំឡីត្បាល់ គឺជារបស់ដែលមនុស្សជាច្រើនមាននៅក្នុងបន្ទប់ទឹក ក៏ប៉ុន្តែវាមិនមែនសម្រាប់ប្រើដើម្បីដាក់ចូលក្នុងរន្ធត្រចៀករបស់អ្នកនោះទេ ហើយនៅលើកញ្ចប់របស់សំឡីត្បាល់ភាគច្រើនក៏បានបញ្ជាក់ច្បាស់ដែរ តែមកពីយើងទាំងអស់គ្នាយល់ច្រឡំ។ ភាពស្រួចនៅខាងចុងរបស់សំឡីត្បាល់ អាចធ្វើឲ្យប៉ះពាល់ដល់ស្បែកនៅក្នុងរន្ធត្រចៀក ក្រដាស់ត្រចៀក និងឆ្អឹងខ្ចីដែលនៅកណ្តាលត្រចៀក (ossicles) បានយ៉ាងងាយស្រួល។ ហើយការត្បាល់ត្រចៀក អាចធ្វើឲ្យអាចម៍ត្រចៀករបស់អ្នកកាន់តែចូលក្នុងត្រចៀកអ្នកជ្រៅជាងមុនបាន ដែលជាហេតុនៃបញ្ហាត្រចៀកជាច្រើន។ បន្ថែមពីនេះ អ្វីដែលអាក្រក់ជាងនេះ ដែលអាចនឹងកើតឡើងផងដែរនោះ គឺនៅពេលដែលសំឡីនៅខាងចុងសំឡីត្បាល់របូតជាប់នៅក្នុងត្រចៀក ហើយបើវាកើតឡើងអ្នកមានតែត្រូវទៅពេទ្យត្រចៀកដើម្បីដកវាចេញ។

 

3. យករបស់ស្រួចៗដាក់ចូលត្រចៀក

មនុស្សភាគច្រើននឹងព្យាយាមយកអ្វីផ្សេងៗដាក់ចូលក្នុងត្រចៀករបស់ពួកគេ នៅពេលដែលពួកគេមានអារម្មណ៍មិនស្រួលនៅក្នុងត្រចៀក ដូចជាក្រចកដ៏វែងរបស់ពួកគេ ម្ជុល សោរ និងរបស់ស្រួចៗជាច្រើនទៀត។ ហើយអ្វីក៏ដោយ ដែលមានរាងស្រួចដូចជាសំឡីត្បាល់ គឺសុទ្ធតែអាចផ្ដល់នូវផលប៉ះពាល់ដូចគ្នាទៅលើស្បែកត្រចៀក និងផ្នែកខាងក្នុង ខាងក្រៅនៃត្រចៀករបស់អ្នក។

 

4. ប្រើប្រាស់ទៀនដើម្បីស្រូបយកអាចម៍ត្រចៀក

092215-ear-candle-embed

 

វាគឺជាវិធីមួយដែលគេប្រើដើម្បីស្រូបយកអាចម៍ត្រចៀកចេញពីត្រចៀក ដោយប្រើទៀន ដោយនៅពេលដែលអ្នកដុតទៀន វានឹងបង្កើតជាខ្យល់ស្រូប។ បើអ្នកធ្វើវាទាំងមិនដឹងរបៀបច្បាស់ វានឹងមានបញ្ហាដល់ត្រចៀករបស់អ្នក ដូចជាអាចធ្វើឲ្យរលាកត្រចៀកក៏ថាបាន។ សូម្បីតែដុកទ័រផ្នែកត្រចៀក ក៏គិតថាវិធីនេះ គឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ដែរ។

 

5. ប្រើប្រាស់ស៊ឺរ៊ាំងមកបាញ់លាងត្រចៀក

maxresdefault

 

វិធីនេះក៏ត្រូវបានគេប្រើសម្រាប់សម្អាតត្រចៀក នៅក្នុងក្លីនិកមួយចំនួនផងដែរ ហើយបើសិនជាធ្វើត្រូវ វានឹងមិនអីនោះទេ តែបើធ្វើទាំងមិនដឹងរបៀបច្បាស់ វានឹងអាចធ្វើឲ្យត្រចៀករបស់អ្នកទទួលគ្រោះថ្នាក់ផងដែរ ជាពិសេសនៅពេលដែលអ្នកមិនបានជូតវាឲ្យស្ងួតល្អ។ ត្រចៀករបស់អ្នកគឺមិនមែនជាកន្លែងផ្ទុកទឹកនោះទេ ដូច្នេះអ្នកមិនចាំបាច់សម្អាតវាដោយបាញ់ទឹកចូលនោះទេ។

 

តើវិធីអ្វីដែលល្អបំផុតក្នុងការសម្អាតត្រចៀករបស់អ្នក?

វីធីដែលល្អបំផុតដើម្បីសម្អាតត្រចៀករបស់អ្នក គឺទុកឲ្យវាដំណើរការទៅតាមដំណើររបស់វា។ អ្នកមិនចាំបាច់ទៅឈឺក្បាលខ្លាំងជាមួយវានោះទេ បើសិនជាអ្នកមិនដឹងពីវិធីត្រឹមត្រូវដើម្បីសម្អាតវា អ្នកមានតែធ្វើឲ្យវាកាន់តែយ៉ាប់ទៅវិញទេ។ ក៏ប៉ុន្តែក្នុងករណីមួយចំនួន អ្នកខ្លះមានអាចម៍ត្រចៀកច្រើន ដោយសារតែពួកគេប្រើប្រាស់ឧបករណ៍បំពងសំលេង ឬកាសស្ដាប់ ដូច្នេះហើយបើសិនជាអ្នកពិតជាត្រូវការសម្អាតវាចេញ អ្នកគួរតែទៅជួបជាមួយនឹងពេទ្យត្រចៀកផ្ទាល់តែម្ដង ទើបជាជម្រើសល្អ។

Comments Off on ទម្លាប់ 5 យ៉ាង ដែលអ្នកធ្វើខុសនៅពេលសម្អាតត្រចៀករបស់អ្នក សុខភាព

Comments are closed.

យោបល់របស់អ្នកអាន