អេក្រង់ AMOLED គឺកំពុងតែមានការពេញនិយមពីសំណាក់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន ហើយអេក្រង់ AMOLED នេះមានសមត្ថភាព និង គុណភាពល្អជាងអេក្រង់ LCD ដូចជា ស្តើងជាង , ភ្លឺជាង , ថាមពលកាន់តែមានប្រសិទ្ធភាព និង ផ្តល់កំរឹតពណ៌ល្អភ្លឺច្បាស់ជាងអេក្រង់ LCD។ ឧបសគ្គដែលធំបំផុតដើម្បីបញ្ឈប់អេក្រង់ AMOLED ពីការទទួលយកនៅលើទីផ្សារនៃបច្ចេកវិទ្យាអេក្រង់សម្រាប់ស្មាតហ្វូនោះគឺការកំណត់តម្លៃ។
បើតាមការទស្សន៍ទាយកាលពី 2 ឆ្នាំមុន តំលៃនៃការផលិតរបស់អេក្រង់ AMOLED និង ធ្លាក់ថោកជាងអេក្រង់ LCD ក្នុងរយៈពេលតែ 24 ខែតែប៉ុណ្ណោះ នេះបើយោងតាមទិន្នន័យថ្មីពីក្រុមហ៊ុន IHS Technology។ ការចំណាយលើការផលិតនៅត្រីមាសទីមួយសម្រាប់ការអេក្រង់ស្មាតហ្វូនប្រភេទ Full HD ទំហំ 5 អ៊ីញ មានតំលៃ 14.30$ សម្រាប់បន្ទះអេក្រង់ប្រភេទ AMOLED និង 14.60$ សម្រាប់បន្ទះអេក្រង់ LCD ។ នៅក្នុងត្រីមាសទីបួននៃឆ្នាំ 2015 នេះតួលេខទាំងនេះមាន 17.10$ និង 15.70$ ។
តួលេខទាំងនេះត្រូវបានផ្អែកលើការចំណាយការផលិតអេក្រង់ LTPS LCD (Low Temperature Poly-Silicon Liquid Crystal Display) ដែលជាប្រភេទអេក្រង់ដែលមានប្រសិទ្ធិភាពហើយល្អបំផុតនៃអេក្រង់ TFT LCD។ ម្យ៉ាងវិញទៀតមិនមានទិន្នន័យនៅលើការចំណាយក្នុងការផលិតអេក្រង់ QHD នៅឡើយទេ រីឯអេក្រង់ Full HD គឺនៅតែជាអេក្រង់ស្ដង់ដារសម្រាប់អេក្រង់ស្មាតហ្វូននាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ផងដែរថា នេះវាជាលើកដំបូងហើយដែលតំលៃនៃការផលិតរបស់ប្រភេទអេក្រង់ AMOLED ធ្លាក់ថ្លៃថោកជាងអេក្រង់ប្រភេទ LCD ហើយបន្ទះអេក្រង់ប្រភេទ AMOLED នឹងក្លាយជាទីផ្សារបច្ចេកវិទ្យាអេក្រង់លំនាំដើមសម្រាប់ក្រុមហ៊ុនផលិត ឧបករណ៍ថ្នាក់កណ្តាល និង គ្រប់លំដាប់ថ្នាក់របស់ខ្លួនផងដែរ។ ក៏ប៉ុន្តែយើងមិនអាចចាត់ទុកថាទាំងអស់នេះគឺជាសញ្ញាបញ្ចប់សម្រាប់អេក្រង់ LCD នៅក្នុងវិស័យស្មាតហ្វូននោះទេ គ្រាន់តែយើងនឹងឃើញការផលិតជាមួយនឹងអេក្រង់ AMOLED ជាច្រើនបន្ថែមទៀតនាពេលអនាគតតែប៉ុណ្ណោះ។