MENU

មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ឬ Cambodia International Film Festival (CIFF) នឹងប្រារព្ធម្ដងទៀតហើយចាប់ពីថ្ងៃទី ០៤ ខែធ្នូនេះទៅ

ព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ឬ Cambodia International Film Festival (CIFF) នឹងត្រូវបានធ្វើការបើកសម្ភោធនៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០១៥ គឺនៅក្នុងថ្ងៃនេះផ្ទាល់តែម្តង ហើយនេះ គឺជាព្រឹត្តិការណ៍ CIFF លើកទី៦ហើយចាប់ពី CIFF ដំបូងនៅឆ្នាំ ២០១០ មក ដែលថ្ងៃនេះផងដែរ នឹងអាចមានវត្តមានរបស់តារាហូលីវូដដ៏ល្បីមួយរូបគឺអ្នកនាង Angelina Julie ដែលគាត់ទើបតែមកប្រទេសកម្ពុជាដើម្បីគ្រោងដឹកនាំថតខ្សែភាពយន្តមួយរឿងនៅឯប្រទេសកម្ពុជាផ្ទាល់។

 

តើអ្វីទៅជាមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ឬ Cambodia International Film Festival (CIFF)?

CIFF គឺជាព្រឹត្តិការណ៍មួយ ដែលប្រព្រឹត្តឡើងដើម្បីលើកស្ទួយដល់វិស័យខ្សែភាពយន្តនៅប្រទេសកម្ពុជាដោយប្រមូលផ្ដុំអ្នកដឹកនាំរឿង និងអ្នកទស្សនាជាច្រើនទាំងក្នុង និងក្រៅប្រទេសមកជុំគ្នានៅឯរោងមហោស្រពល្បីៗនៅទីក្រុងភ្នំពេញ ដើម្បីទស្សនានូវខ្សែភាពយន្តល្បីៗគ្រប់ប្រភេទរួមមានភាពយន្តជាលក្ខណៈខ្លី វែង ឯកសារ និងគំនូរជីវចរជាដើម ដែលផលិតឡើងនៅ ឬនិយាយអំពីប្រទេសកម្ពុជាផ្ទាល់។

 

តើ CIFF នឹងធ្វើឡើងនៅថ្ងៃណា និងនៅកន្លែងណាខ្លះ ?

CIFF នឹងប្រព្រឹត្តទៅរយៈពេល ៦ ថ្ងៃគឺចាប់ពីថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៥ នេះដល់ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៥ ហើយថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០១៥ នេះផងដែរ គឺជាថ្ងៃបើកសម្ភោធដើម្បីចាប់ផ្តើម CIFF លើកទី៦ នេះដែលនឹងធ្វើឡើងនៅឯសាលមហោស្រពចតុមុខ ដោយមានការចូលរួមជាកិត្តិយសដោយតារាហូលីវូដ អ្នកនា Angelina Julie និងដោយអ្នកដឹកនាំរឿងល្បីៗទាំងក្នុងនិងក្រៅប្រទេសផងដែរ។

ចំពោះខ្សែភាពយន្តទាំងអស់ដែលនឹងត្រូវចាក់បញ្ចាំងនៅក្នុងព្រឹត្តិការណ៍ CIFF ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី១០ ខែធ្នូឆ្នាំ២០១៥ នេះ គឺនឹងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តល្បីៗនៅក្នុងទីក្រុងភ្នំពេញដូចជា Legend Cinema (City Mall, TK Avenue, Stung Meanchey), Major Cineplex, Platinum Cineplex, វិទ្យាស្ថានភាសាបារាំង ឬ French Institute, មជ្ឈមណ្ឌលបុប្ផាណា ឬ Bophana Center, សាលមហោស្រពចតុមុខ, និងនៅកោះពេជ្រ។ ខាងក្រោមគឺជាកាលវិភាគនៃខ្សែភាពយន្តទាំងអស់ដែលនឹងចាក់បញ្ចាំងក្នុងព្រឹត្តិការណ៍ CIFF លើកទី៦ នេះ៖

ទាញយក PDF សៀវភៅកម្មវិធី

ទាញយក PDF តារាពេលវេលាកម្មវិធី

 

តើ CIFF ត្រូវបានធ្វើឡើងដើម្បីអ្វី?

គោលបំណងចម្បងរបស់ CIFF គឺដើម្បីប្រមូលផ្ដុំនូវអ្នកដឹកនាំរឿងគ្រប់វ័យទាំងអ្នកជំនាញៗ និងអ្នកដឹកនាំរឿងថ្មីៗឲ្យមកជួបគ្នានៅកន្លែងតែមួយដើម្បីពិភាក្សា និងចែករំលែក រៀនសូត្រពីគ្នាអំពីបទពិសោធន៍នៃការដឹកនាំរឿង ហើយក៏ដើម្បីបញ្ចេញនូវស្នាដៃរបស់ពួកគេផ្ទាល់ផងដែរ។ ហើយសំខាន់ជាងនេះផងដែរ CIFF ត្រូវបានធ្វើឡើងដើម្បីឲ្យអ្នករាល់គ្នាមានភាពរីករាយក្នុងការទស្សនានូវខ្សែភាពយន្តដែលស្នាដៃរបស់អ្នកដឹកនាំខ្មែរ និងបរទេស ដែលថតនៅ ឬអំពីប្រទេសកម្ពុជា។

 

តើអ្នកត្រូវការអ្វីខ្លះដើម្បីចូលមើលភាពយន្តទាំងនោះបាន?

តាមដែលធ្លាប់ធ្វើឡើងពីមុនៗមក អ្នកអាចចូលទស្សនាខ្សែភាពយន្តទាំងនោះបានដោយចំណាយត្រឹមតែ $1 ក្នុងមួយសំបុត្រ ឬ ១០ សំបុត្រត្រឹមតែ $5 តែប៉ុណ្ណោះ ហើយដើម្បីចូលទស្សនាភាពយន្តដែលអ្នកចង់មើលបាន អ្នកគ្រាន់តែទៅរោងមហោស្រពដែលមាននៅក្នុងកាលវិភាគ ទៅតាមម៉ោងរឿងដែលអ្នកចង់ទស្សនា ហើយទិញសំបុត្រពីក្រុម CIFF ដែលនៅខាងមុខរោងភាពយន្តនោះ គឺជាការស្រេច។

 

Comments Off on មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ឬ Cambodia International Film Festival (CIFF) នឹងប្រារព្ធម្ដងទៀតហើយចាប់ពីថ្ងៃទី ០៤ ខែធ្នូនេះទៅ ភាពយន្ត, សង្គម

Comments are closed.

យោបល់របស់អ្នកអាន