កុំព្យូទ័រមានគ្រឿងច្រើនសំរាប់ធ្វើអោយវាមានដំនើរការ ដូចជា RAM, CPU, GPU និង របស់ផ្សេងទៀតដែលពួកយើងបាននិយាយរួចហើយនៅក្នុងអត្ថបទមួយឈ្មោះថា របៀបជ្រើសរើសគ្រឿងបន្លាស់កុំព្យូទ័រ។ ជាក់ស្តែងសំរាប់កុំព្យូទ័រប្រភេទផ្គុំ អាចមានសមត្ថភាពក្នុងការផ្លាស់ប្តូរគ្រឿងបន្លាស់របស់វា មិនដូច laptop ឡើយ ប៉ុន្តែសំរាប់ ការផ្លាស់ប្តូរ hard disk គឺធ្វើបានគ្រប់កុំព្យូទ័រ។ បច្ចុប្បន្ននេះ គ្រឿងបន្លាស់កុំព្យូទ័រ មានការអភិវឌ្ឍន៍រីកចំរើនជាខ្លាំង ដើម្បីជួយសំរួលដល់ការធ្វើការប្រចាំថ្ងៃ របស់មនុស្ស បើប្រើកុំព្យូទ័រជំនាន់ចាស់ យឺត ការងាររបស់យើងក៏មិនទៅមុខដែល។ សំរាប់អ្នកដែលចង់ផ្លាស់ប្តូរវាទាំងស្រុង វាត្រូវចំនាយអស់លុយច្រើន ពេលខ្លះអ្នកគ្រាន់តែ upgrade តែផ្នែកណាមួយរបស់កុំព្យូទ័រ វាអាចធ្វើអោយ ដំនើរការកុំព្យូទ័ររបស់អ្នកបានលឿន និង រហ័សឡើងវិញ។ ដើម្បីជៀសវាងការចំនាយលុយច្រើន និង ចំនាយពេលយូរ ពួកយើងបានលើកយកនូវអត្ថបទនេះឡើង ហេតុអ្វីបានជាអ្នកត្រូវ upgrade ឧបករណ៍ផ្ទុកឯកសារ ពី HDD ឬ SSHD ទៅ SSD។
Hard disk គឺជាឧបករណ៍មួយសំរាប់ផ្ទុកឯកសារនៃ កុំព្យូទ័រ ជាកន្លែងសំខាន់មួយ វាត្រូវបានគេអភិវឌ្ឍន៍ប៉ុន្មានទសវត្សមកហើយ ចាប់តាំងពី ទំហំតូចតំលៃថ្លៃ ដល់ទំហំធំតែតំលៃថោក ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅតែមិនទាន់អស់ចិត្តចំពោះលទ្ធផលនេះរហូតដល់ឥឡូវនេះ គេបានបង្កើតនូវ ឧបករណ៍ផ្ទុកឯកសារថ្មីមួយដែលដំនើរការលឿន និង តូច។ ឧបករណ៍ផ្ទុកឯកសារ មានបីប្រភេទ គឺ៖
- HDD (Hard disk drive) ៖ ជាប្រភេទផ្ទុកឯកសារមួយដែលមានឌីសនៅខាងក្នុង ហើយវាមានទំហំធំ ប៉ុន្តែវាមានលក្ខណៈយឺត ការទាញឯកសារចេញពីវាប្រើពេលយូរ ហើយនៅពេលវាវិលអាចបង្ករចេញជាសំលេង
- SSHD (Solid state hyprid drive) ៖ ជាប្រភេទផ្ទុកឯកសារ កូនកាត់រវាង HDD និង SSD. នៅក្នុងSSHD មួយៗ មានលាយទៅដោយ HDD ទំហំផ្ទុកបានធំមួយភាគធំ និង SSD មួយភាគតូច
- SSD (Solid state drive) ៖ ជាប្រភេទផ្ទុកឯកសារ ដែលជាជំនាន់ចុងក្រោយ មានល្បឿនលឿន និង តូច, គ្មានសំលេង ប៉ុន្តែអ្វីពិបាកគឺវាថ្លៃបន្តិច
ឥឡូវនេះអ្នកកំពុងតែប្រើកុំព្យូទ័រ ប៉ុន្តែឧបករណ៍ផ្ទុកឯកសារវាមិនមែនជា SSD ទេ ខាងក្រោមនេះគឺជាហេតុដែលអ្នកគួរតែផ្លាស់ប្តូរ ទៅជា SSD ៖
- នៅពេលដែលអ្នកបើកកុំព្យូទ័រ SSD អាចប្រើពេលបើកតិច តាមបទពិសោធន៍ របស់ខ្ញុំ នៅពេលដែលខ្ញុំប្រើHDD នៅលើMac វាប្រើពេលប្រហែល 45 វិនាទី ដើម្បីចូលដល់ OS. នៅពេលខ្ញុំផ្លាស់ពី HDD មក SSD វាប្រើពេលតែ ប្រហែល 10វិនាទីតែប៉ុណ្ណោះ ដូចនេះវាចំនេញពេលខ្ញុំច្រើន។
- មួយទៀតនៅពេលដែលអ្នកបើកកម្មវិធីធំៗ ដូចជា photoshop, lightroom, ឬ ហ្គេមធំៗ ការប្រើពេលតិចជាងធម្មតា។ ឧទាហរណ៍៖ កម្មវិធី photoshop បើអ្នកមាន Font ច្រើន វាអាចប្រើពេលយូរសំរាប់HDD ប៉ុន្តែសំរាប់ SSD គ្មានបញ្ហា។ អ្នកអាចបើកឯកសារធំៗដោយមិនចាំបាច់ចំនាយពេលយូរ បើកភ្លាមឃើញភ្លាម។
- អ្នកដែលធ្លាប់ពេលដែលអ្នកប្រញាប់ខ្លាំង អ្នកចង់ copyឯកសារ ច្រើន អ្នកត្រូវអង្គុយរងចាំដោយអន្ទះសារ សំរាប់អ្នកដែលប្រើ SSD អ្វីៗលឿនទាំងអស់។
- ការធ្វើការរបស់អ្នកមិនរញេរញៃ មិនចាំបាច់អង្គុយចាំ 5 នាទី ដើម្បីបើកកុំព្យូទ័រ ហើយចាំ 1 នាទីទៀតដើម្បីបើកឯកសារ….. អ្នកអាចធ្វើអ្វីទាំងអស់នេះក្នុងមួយពព្រិចភ្នែកជាមួយ SSD។
នេះគឺជាគំនិតរបស់ខ្ញុំដែលមានបទពិសោធន៍ អង្គុយចាំកំុព្យូទ័រដើរទំរាំតែហើយ តែឥឡូវនេះខ្ញុំធ្វើការដោយធូរចិត្ត។ SSD ជាឧបករណ៍ផ្ទុកឯកសារមួយដែលអ្នកជំនាញគេ ទទួលស្គាល់នូវតំលៃនៃសមត្ថភាពរបស់វា។ ការប្តូរទៅប្រើវាពិតជាមិនខកបំណងទេ។ ខាងក្រោមនេះគឺជាតំលៃប្រហាក់ប្រហែលរបស់ SSD ដែលមានលក់ក្នុងប្រទេសកម្ពុជា។
SSD ខាងក្រោមនេះផលិតមកពីក្រុមហ៊ុនដូចជា Samsung, Kingston, Intel, Corsair, Adata (តំលៃខាងក្រោមទទួលបានពី Goldenware)
- ទំហំ 128Gb តំលៃប្រហែល 60$-70$ (ទៅតាមម៉ូដែល)
- ទំហំ 256Gb តំលៃប្រហែល 120$-130$ (ទៅតាមម៉ូដែល)
- ទំហំ 512Gb តំលៃប្រហែល 220$-240$ (ទៅតាមម៉ូដែល)