MENU

ភាពខុសគ្នានៃបច្ចេកវិទ្យាអេក្រង់ទូរទស្សន៍៖ LCD, LED, Plasma និង​ OLED TV

តើអ្នកធ្លាប់ជួបការលំបាកនៅពេលរកទិញទូរទស្សន៍ដែរឬទេ? នៅពេលអ្នកស្វែងរកទិញទូរទស្សន៍ថ្មីម្ដងៗ អ្វីដែលគួរឲ្យយល់ច្រឡំបំផុតនោះគឺ នៅពេលដែលអ្នកគិតអំពីប្រភេទទូរទស្សន៍នីមួយៗ ដែលមានបច្ចេកវិទ្យាអេក្រង់ខុសៗគ្នាដូចជា LCD TV, LED TV, Plasma TV និង OLED TV ជាដើម។ បើរអ្នកបានចូលមកអានអត្ថបទនេះ ប្រហែលជាឥឡូវនេះ អ្នកក៏កំពុងតែស្វែងរកទិញទូរទស្សន៍មួយ ហើយពិបាកសម្រេចចិត្តថាតើគួរទិញទូរទស្សន៍ជាមួយនឹងបច្ចេកវិទ្យាអេក្រង់ប្រភេទណា ដែលសាកសមជាមួយនឹងអ្វីដែលអ្នកត្រូវការ។ ក្នុងអត្ថបទនេះ ខ្ញុំនឹងរៀបរាប់អំពីប្រភេទទូរទស្សន៍នីមួយៗ រួមជាមួយនឹងគុណសម្បត្តិ និងគុណវិបត្តិរបស់ពួកគេ ដើម្បីឲ្យអ្នកបានដឹងច្បាស់អំពីប្រភេទទូរទស្សន៍ទាំងនោះឲ្យកាន់តែច្បាស់ និងធ្វើឲ្យមានភាពងាយស្រួលក្នុងការសម្រចចិត្តថាគួរទិញមួយណា។

 

LCD (Liquid Crystal Display) TV

ប្រភេទអេក្រង់ Liquid Crystal Display ដែលមានពាក្យកាត់ហៅថា LCD គឺជាប្រភេទអេក្រង់ ដែលមានប្រភពពន្លឺជាអំពូលភ្លើង (Fluorescent Lamp) ដែលបញ្ចាំងនៅពីក្រោយផ្ទាំង LCD (LCD Panel) ដើម្បីបង្កើតឲ្យមានរូបភាព។ LCD panel គឺជាកន្លែងដែលបញ្ចេញនូវព៌ណផ្សេងៗ នៅពេលដែលទទួលបានពន្លឺពីអំពូលភ្លើងពីខាងក្រោយវា។ ភាគច្រើនប្រភេទអេក្រង់នេះ អ្នកអាចឃើញមានភ្ជាប់មកជាមួយនឹង Laptop របស់អ្នក។ អ្នកអាចរកទិញប្រភេទទូរទស្សន៍ LCD នេះបានគ្រប់ទីកន្លែង និងមានទំហំអាចឡើងដល់ទៅ 90 អ៊ីញឯនោះ។

បច្ចេកវិទ្យា អេក្រង់ LCD

បច្ចេកវិទ្យា អេក្រង់ LCD

 

គុណសម្បត្តិ៖

  • ព៌ណនៅក្នុងរូបភាពមានភាពច្បាស់ល្អ និងមើលទៅដូចជារូបភាពពិតជាង បើប្រៀបធៀបជាមួយនឹង Plasma TV
  • អាចដំណើរការបានល្អទោះបីជាត្រូវបានផលិតជាអេក្រង់ទំហំតូច
  • អាចប្រើក្នុងស្ថានភាពភ្លឺខ្ខាំងបានដូចជានៅពេលចាំងថ្ងៃ ព្រោះវាមានបច្ចេកវិទ្យាការពារការផ្លាតនៃពន្លឺ
  • បញ្ចេញកំដៅតិចជាង Plasma TV
  • ប្រើប្រាស់អគ្គីសនីតិច និងអាចសន្សំសំច្ចៃប្រាក់ដែលចំណាយទៅលើអគ្គីសនី
  • អាចរកទិញបានគ្រប់ទីកន្លែង និងមានតម្លៃមិនសូវថ្លៃដូចទូរទស្សន៍ទំនើបផ្សេងទៀត
  • អាចប្រើបានយូរជា Plasma TV
  • អាចតម្លើងពន្លឺអេក្រង់ឲ្យភ្លឺបានខ្លាំង
  • មានទម្ងន់ស្រាលជាង Plasma TV ដែលមានទំហំដូចគ្នា
  • អាចប្រើជាអេក្រង់កុំព្យូទ័របាន
  • អាចបញ្ចេញនូវរូបភាពច្បាស់ល្អជាពិសេសរូបភាពដែលមាន native resolution ត្រូវនឹង LCD screen
  • LCD TV មិនងាយមានផលប៉ះពាល់នៅពេលដែលសំពាធខ្យល់ឡើង ឬចុះនោះទេ។

គុណវិបត្តិ៖

  • ចំពោះរូបភាពដែលមានព៌ណខ្មៅ នៅចំកន្លែងដែលមានព៌ណខ្មៅនោះគឺមើលទៅមិនសូវជាខ្មៅប៉ុន្មាននោះទេ
  • នៅពេលដែលមើលទៅអេក្រង់ LCD ពីចំហៀង ឬពីខាងផ្សេងៗ រូបភាពមើលទៅមិនសូវច្បាស់នោះទេ
  • ចំពោះរូបភាពវីដេអូដែលមានចលនាលឿន មើលទៅរៀងអាក់ៗ ព្រោះ LCD screen មាន Response Time (រយៈពេលដែល pixel នីមួយៗផ្លាស់ប្តូរព៌ណ) យូរជាង Plasma screen
  • Motion blur មើលទៅឆាប់ឃើញ
  • ភាពខុសគ្នារវាងព៌ណ ស និងព៌ណ ខ្មៅ គឺមានតិចនាំឲ្យមាន Contrast ទាប
  • ភិចស៊ែល (pixel) នីមួយៗនៅលើអេក្រង់អាចឆេះបាននៅពេលប្រើរយៈពេលយូរ ឬក៏ពេលឆ្លងភ្លើង
  • អំពូលភ្លើង (Fluorescent lamp) នៅពីក្រោយ LCD panel អាចខ្សោយពន្លឺនៅពេលប្រើក្នុងរយៈយូរ។

 

LED (Light-Emitting Diode) TV

LED ឬ Light-Emitting Diode TV គឺជាប្រភេទទូរទស្សន៍ដែលប្រើបច្ចេកវិទ្យាអេក្រង់ LED។ LED screen គឺជាប្រភេទ LCD screen មួយដែលមាន LED ជាប្រភពពន្លឺ (LED Backlight) នៅពីក្រោយផ្ទាំង LCD (LCD panel) ជាជាង fluorescent lamp។ និយាយឲ្យខ្លីមក LED គឺជា update របស់ LCD។

612-EH6000-Opener

 

បច្ចេកវិទ្យា អេក្រង់ LED LCD

បច្ចេកវិទ្យា អេក្រង់ LED LCD

 

គុណសម្បត្តិ៖

  • មានកម្រាស់ស្ដើង ងាយស្រួលទុកដាក់
  • មានទម្ងន់ស្រាលជាង LCD TV
  • អាចបញ្ចេញ​ព៌ណបានច្រើនជាង LCD TV
  • រូបភាពមាន contrast ល្អ និងមើលទៅច្បាស់ល្អ
  • អាចតម្លើងពន្លឺបានភ្លឺខ្លាំងជាង LCD TV
  • អាចបញ្ចេញព៌ណខ្មៅបានល្អជាង LCD TV
  • អាចប្រើបានយូរជាង LCD TV
  • បញ្ចេញកំដៅ និងស៊ីភ្លើងអគ្គីសនីតិចជាង LCD TV
  • ជួយសន្សំសំច្ចៃប្រាក់លើការប្រើប្រាស់អគ្គីសនី
  • មានរយៈពេលនៃការបើកឲ្យអេក្រង់ឲ្យដំណើរការលឿនជាង LCD TV
  • មិនសូវប៉ះពាល់បរិស្ថានខ្លាំងដូច Plasma TV និង LCD TV។

គុណវិបត្តិ៖

  • មានតម្លៃថ្លៃជាង LCD TV
  • ដើម្បីឲ្យបានកម្រាស់កាន់តែស្ដើង គុណភាពនៃសម្លេងត្រូវបានបន្ថយ។

 

Plasma TV

ចំពោះ Plasma TV ភិចស៊ែល (Pixels) នីមួយៗក្នុងអេក្រង់របស់វាបញ្ចេញពន្លឺដោយខ្លួនឯង ជាជាងការរំពឹងលើប្រភពពន្លឺនៅពីខាងក្រោយដូច LCD និង LED។ Plasma TV មានមកជាមួយទំហំអេក្រង់ចាប់ពី 42 អ៊ីញ រហូតដល់ 65 អ៊ីញ។

Samsung Plasma TV

Samsung Plasma TV

 

បច្ចេកវិទ្យា អេក្រង់ Plasma TV

បច្ចេកវិទ្យា អេក្រង់ Plasma TV

 

គុណសម្បត្តិ៖

  • គុណភាពរូបភាពមើលទៅច្បាស់ល្អ ទោះបីមើលពីចំហៀង ឬពីមុំផ្សេងៗ
  • មានតម្លៃថោកជាង LCD TV ដែលមានទំហំដូចគ្នា
  • អាចបញ្ចេញព៌ណបានល្អជាង LCD និង LED TV ព្រោះដើម្បីបញ្ចេញនូវព៌ណខ្មៅ ភិចស៊ែលនៅម្ដុំនោះមិនចាំបាច់បញ្ចេញពន្លឺនោះទេ ទើបធ្វើឲ្យវាមើលទៅគឺដូចជាព៌ណខ្មៅមែនទែន
  • អាចផលិតក្នុងទំហំធំដោយចំណាយតិច
  • អាចផ្លាស់ប្តូរ contrast level បានច្រើនជាង LCD TV
  • រូបភាពវីដេអូដែលដើរលឿន មានសភាពរលូនល្អ ព្រោះវាមាន Response time ខ្ពស់ ដែលល្អសម្រាប់លេងហ្គែម
  • Motion blur មានតិច

គុណវិបត្តិ៖

  • មានគុណភាព resolution ទាបជាង LCD និង LED TV
  • បើដាក់នៅកន្លែងដែលមានពន្លឺភ្លឺខ្លាំង នោះគុណភាពរូបភាពនឹងមើលទៅមិនសូវច្បាស់ ឬក៏មើលទៅមិនសូវឃើញព៌ណច្បាស់ ហើយនិងអាចមានចំណាំងផ្លាតផងដែរ ព្រោះអេក្រងខាងមុខរបស់ Plasma TV ធ្វើពីកញ្ចក់
  • អេក្រង់អាចឆេះនៅចំកន្លែងដែលមានរូបភាពនៅនឹងមួយកន្លែងយូរ ដូចជារូប Logo របស់ប៉ុស្ត៍ទូរទស្សន៍នីមួយៗ
  • ប្រើថាមពលអគ្គីសនី និងបញ្ចេញកំដៅច្រើនជាង LCD និង LED TV
  • បើដាក់នៅទីតាំងខ្ពស់ពេក វាអាចកាត់បន្ថយនូវដំណើរការរបស់ Plasma TV
  • ប្រើមិនសូវបានយូរ បើប្រៀបធៀបជាមួយ LCD និង LED TV
  • អាចបញ្ចេញពន្លឺបានតិចជាង LCD TV
  • វាបញ្ចេញកាំរស្មីវិទ្យុសកម្មនៅពេលប្រើប្រាស់
  • មានទម្ងន់ធ្ងន់ជាង LCD និង LED TV ដែលមានទំហំដូចគ្នា
  • មានសម្លេងមិនសូវច្បាស់ល្អក្នុងកន្លែងមានសំពាធខ្យល់ខ្ពស់។

 

OLED (Organic Light-Emitting Diode) TV

OLED TV គឺជាទូរទស្សន៍ដែលប្រើអេក្រង់ OLED ធ្វើជាអេក្រង់។ ដូចជា Plasma TV ដែរ ភិចស៊ែល (pixels) នីមួយៗនៅក្នុង OLED screen អាចបញ្ចេញពន្លឺដោយខ្លួនឯងបាន។ បច្ចេកវិទ្យា OLED screen នៅមិនទាន់មានលក់ធំទូលាយនៅក្នុងទីផ្សារនៅឡើយទេ ហើយ OLED TV ក្នុងពេលបច្ចុប្បន្ននេះមានមកជាមួយតែទំហំ 55 អ៊ិញប៉ុណ្នោះ ដែលផលិតដោយក្រុមហ៊ុន Samsung និង LG ដែលមានអេក្រង់កោង និងមានតម្លៃដល់ទៅ $90,000 ឯនោះ។ អ្នកក៏អាចឃើញមាន OLED screen ដែលប្រើនៅក្នុងទូរស័ព្ទទំនើបៗថ្មីៗមួយចំនួនផងដែរ។

រូបភាពទូរទស្សន៍ LG OLED curved TV

រូបភាពទូរទស្សន៍ LG OLED curved TV

 

បច្ចេកវិទ្យា អេក្រង់ OLED

បច្ចេកវិទ្យា អេក្រង់ OLED

 

គុណសម្បត្តិ៖

  • អាចបញ្ចេញព៌ណខ្មៅបានច្បាស់ និងមើលទៅដូចមែនទែន អាចបានច្បាស់ជាង Plasma TV ទៅទៀត ព្រោះភិចស៊ែលនីមួយៗអាចបញ្ចេញពន្លឺបានដោយខ្លួនឯងហើយក៏អាចបិតពន្លឺទាំស្រុងសម្រាប់ពណ៌ខ្មៅបានដែរ
  • គុណភាពរូបភាពមើលទៅច្បាស់ល្អ ទោះបីមើលពីចំហៀង ឬពីមុំផ្សេងៗ
  • ចំពោះគុណភាពនៃវីដេអូដែលដើរលឿន គឺមើលទៅច្បាស់ និងរលូនល្អ មិនងាយអាក់ ព្រោះវាមាន Response time លឿនជាងទូរទស្សន៍ផ្សេងៗទាំងអស់
  • តាមទ្រឹស្ដី យើងអាចប្រើប្រាស់ OLED TV បានរយៈពេលយូរ
  • មានកម្រាស់ស្ដើងបំផុត និងទម្ងន់ស្រាល
  • អាចបញ្ចេញបានព៌ណច្រើន និងច្បាស់ល្អ
  • អាចផលិតជាអេក្រង់កោងបាន
  • ប្រើប្រាស់ថាមពលអគ្គីសនីតិច និងសន្សំសំច្ចៃថវិកា
  • អេក្រង់មិនងាយឆេះ

គុណវិបត្តិ៖

  • មានតម្លៃថ្លៃខ្លាំងនៅពេលបច្ចុប្បន្ន
  • មិនសូវរកទិញបានគ្រប់ទីកន្លែងនៅទេ
  • ក្នុងភិចស៊ែលនីមួយៗ ព៌ណខៀវ អាចឆាប់អស់ពន្លឺ ឬខូចមុន ព៌ណក្រហម និងព៌ណបៃតង។

 

ក្រោយពីបានដឹងអំពីភាពខុសគ្នា និងគុណសម្បត្តិ និងគុណវិបត្តិនៃប្រភេទទូរទស្សន៍ទាំងនោះហើយ ការសម្រេចចិត្តថាគួរទិញមួយណានោះ គឺអាស្រ័យលើអ្នក ពីព្រោះមានតែអ្នកទេដែលដឹងច្បាស់ អំពីស្ថានភាពពន្លឺនៃកន្លែងដែលអ្នកនឹងដាក់ទូរទស្សន៍ថ្មីរបស់អ្នក, ថាតើអ្នកចង់ទិញទូរទស្សន៍ទំហំប៉ុណ្ណា, ថាតើអ្នកចង់ប្រើទូរទស្សន៍នោះក្នុងរយៈពេលយូរប៉ុណ្ណា, ថាតើអ្នកចង់ចំណាយលុយប៉ុន្មានដើម្បីទិញទូរទស្សន៍នោះ, និងថាតើអ្នកទិញទូរទស្សន៍នោះសម្រាប់តែមើលធម្មតា ឬចង់យកវាធ្វើជាអេក្រង់សម្រាប់លេងហ្គែម ជាដើម។ ដូច្នេះនៅពេលដែលយល់ដឹងពីប្រភេទទូរទស្សន៍នីមួយៗ និងដឹងពីអ្វីដែលអ្នកចង់បានហើយ អ្នកនឹងមិនងាយសម្រេចចិត្តខុសនោះទេក្នងការជ្រើសរើសទូរទស្សន៍ថ្មីរបស់អ្នក។

Comments (0) បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន