ដូចជារបស់របរផ្សេងៗជាច្រើនរបស់អ្នកដែរ ទូរស័ព្ទ iPhone គឺជាអ្វីដែលអ្នកមិនចង់ឲ្យបាត់ ឬភ្លេចនៅកន្លែងណាមួយនោះទេ ហេតុដូច្នេះហើយទើបបានជាក្រុមហ៊ុន Apple បានដាក់បញ្ជូលនូវមុខងារមួយដើម្បីឲ្យអ្នកមានភាពងាយស្រួលក្នុងការស្វែងរក iPhone ឬ iPad របស់អ្នកនៅពេលដែលអ្នកបាត់វា ឬភ្លេចដៃទុកនៅកន្លែងណាមួយបាន ដោយកម្មវិធីនោះមានឈ្មោះថា Find My iPhone ដែលមាននៅក្នុងទូរស័ព្ទ iPhone របស់អ្នកស្រាប់បើ iPhone របស់អ្នកមានប្រព័ន្ធដំណើរការចាប់ពី iOS 5 ឡើងទៅ។ អ្នកប្រហែលជាធ្លាប់បានឃើញវាហើយ ហើយបើអ្នកចេះពីវិធីប្រើវារួចហើយ អ្នកអាចជ្រើសមិនអានអត្ថបទនេះ ឬអ្នកអាចអានវា ហើយឲ្យជាយោបល់របស់អ្នកមកលើអត្ថបទនេះក្នុងន័យស្ថាបនាក៏បាន ក៏ប៉ុន្តែបើអ្នកនៅមិនទាន់ដឹងពីវិធីប្រើប្រាស់កម្មវិធី Find My iPhone នេះទេ នោះអ្នកមកអានអត្ថបទនេះគឺត្រឹមត្រូវហើយ ដោយសារខ្ញុំនឹងរៀបរាប់ពីវិធីប្រើប្រាស់វាតាមដំណាក់កាលងាយៗមួយៗ ដើម្បីឲ្យអ្នកងាយស្រួលធ្វើតាម។
ដើម្បីប្រើប្រាស់កម្មវិធី Find My iPhone នេះ យើងនឹងបែងចែកវាឲ្យទៅជាពីរជំហានធំៗគឺ ការដាក់ឲ្យកម្មវិធី Find My iPhone មានដំណើរការនៅក្នុងទូរស័ព្ទ iPhone និង ការស្វែងរក iPhone របស់អ្នកក្នុងករណីអ្នកបាត់វា ហើយជំហាននីមួយៗក៏មានជំហានតូចៗក្នុងនោះផងដែរ។
ការដាក់ឲ្យកម្មវិធី Find My iPhone មានដំណើរការនៅក្នុងទូរស័ព្ទ iPhone៖
ដើម្បីប្រើប្រាស់កម្មវិធី Find My iPhone នេះបាន ជាដំបូងអ្នកត្រូវដាក់ឲ្យវាមានដំណើរការនៅក្នុងទូរស័ព្ទ iPhone របស់អ្នកសិន។ អ្នកអាចធ្វើវាបានដោយធ្វើតាមជំហានដូចខាងក្រោម៖
1. ចុចលើ Settings នៅក្នុង iPhone របស់អ្នក។
2. ចុចលើ iCloud ។ អ្នកនឹងត្រូវបានសួរឲ្យបញ្ចូល Apple ID របស់អ្នកចូល ហើយបើសិនជាអ្នកមិនទាន់មានវាទេ នោះអ្នកត្រូវតែ បង្កើត Apple ID ជាមុនសិនដើម្បីអាចប្រើប្រាស់កម្មវិធី Find My iPhone បាន។
3. ចុចលើ Find My iPhone ដើម្បីបើកវា “ON” ។ បើមានសារមួយលោតចេញមកសួរថាតើអ្នកចង់អនុញ្ញាតនូវការបើកវាឬអត់នោះ សូមចុចលើពាក្យថា “Allow” ។
4. ដាក់លេខកូដលើទូរស័ព្ទ iPhone របស់អ្នកដោយប្រើ Passcode Lock និងស្កេនម្រាមដៃ។ ដើម្បីដាក់វាបាន អ្នកត្រូវត្រឡប់ចេញពីកន្លែងបើក Find My iPhone មក Settings វិញ ហើយចុចលើ General ។ នៅក្នុង General ចុចលើ Touch ID & Passcode ឬ Passcode Lock រួចបង្កើតលេខកូដ 4 ខ្ទង់ ឬ 6 ខ្ទង់ និងស្នាមម្រាមដៃ សម្រាប់ចាក់សោរ iPhone របស់អ្នក ហើយបើអ្នកមានដាក់វារួចជាស្រេចហើយ អ្នកមិនចាំបាច់ធ្វើវាម្តងទៀតទេ។
ការស្វែងរក iPhone របស់អ្នកក្នុងករណីអ្នកបាត់វា៖
1. បើកវែបសាយ iCloud ។ អ្នកអាចបើកចូលក្នុងវែបសាយ iCloud តាមរយៈ www.icloud.com ហើយអ្នកនឹងត្រូវបានតម្រូវឲ្យបញ្ចូលនូវ Apple ID និង password ដើម្បីចូលទៅក្នុងវែបសាយនោះ។
2. ចុចលើ Find My iPhone ។ ក្រោយពីអ្នកបាន login ចូលក្នុងវែបសាយនោះហើយ អ្នកនឹងឃើញមាន app មួយចំនួន ដូច្នេះសូមចុចលើ Find My iPhone ដែលមានរូបដូចជារ៉ាដា។ អ្នកប្រហែលជាត្រូវបញ្ចូល Apple ID របស់អ្នកម្ដងទៀត ហើយក្រោយពីអ្នកបញ្ចូលរួចហើយ វានឹងបង្ហាញជាផែនទី នៅពេលដែលវាបានដឹងពីទីតាំងរបស់ iPhone ដែលអ្នកបាត់។
3. ជ្រើសយឧបករណ៍ Apple ដែលអ្នកចង់ស្វែងរក ដែលនៅក្នុងឧទាហរណ៍នេះគឺជា iPhone។ ចុចលើប៊ូតុង “Devices” ដែលនៅខាងលើដើម្បីជ្រើសយក iPhone ដែលអ្នកចង់ស្វែងរក វានឹងបង្ហាញពីបញ្ជីនៃឧបករណ៍ Apple ទាំងអស់ដែលអ្នកចុះនៅក្នុងកម្មវិធី Find My iPhone។ បើសិនជា iPhone ដែលអ្នកបាត់កំពុងតែភ្ជាប់ជាមួយនឹងអ៊ីនធឺណេតនៅពេលដែលអ្នកឆែកមើល នោះអ្នកនឹងឃើញមានសញ្ញាចុចពណ៌បៃតងមួយនៅពីមុខ តែបើវាមិនបានភ្ជាប់នឹងអ៊ីនធឺណេតទេ អ្នកនឹងឃើញចុចពណ៌ប្រផេះ។
4. ក្រោយពីអ្នកជ្រើសយក iPhone ដែលអ្នកបាត់នៅក្នុងបញ្ជីនោះហើយ អ្នកនឹងមានជម្រើស 3 សម្រាប់ជ្រើសរើស៖
- Play Sound ៖ បើសិនជានៅក្នុងផែនទីនោះអ្នកឃើញថា iPhone ដែលអ្នកបាត់នៅជិតអ្នក អ្នកអាចបញ្ជារឲ្យវាបញ្ចេញសម្លេងដោយចុចលើប៊ូតុង “Play Sound” នោះវានឹងបញ្ចេញសម្លេងយ៉ាងខ្លាំងទោះបីជាអ្នកបានដាក់វា silent ឬក៏ដាក់សម្លេងតិចក៏ដោយ។
- Lost Mode ៖ បើសិនជា iPhone របស់អ្នកពិតជាបាត់មែន អ្នកគួរតែជ្រើសរើស “Lost Mode” ដើម្បីការពារកុំឲ្យអ្នកដែលរើសទូរស័ព្ទរបស់អ្នកបាន ឬក៏អ្នកដែលលួចវា អាចចូលមើលឯកសារ ឬទិន្នន័យផ្សេងៗនៅក្នុង iPhone របស់អ្នកបាន ដោយទូរស័ព្ទរបស់អ្នកនឹងចាក់សោរភ្លាម នៅពេលដែលអ្នកចុចលើប៊ូតុង “Lost Mode” នោះ។ អ្នកក៏អាចដាក់ជាសារ ឬក៏ជាលេខទំនាក់ទំនង ដើម្បីឲ្យវាបង្ហាញនៅលើអេក្រង់បានដើម្បីឲ្យអ្នករើសវាបាន ធ្វើការទំនាក់ទំនងមកអ្នក។ នៅពេលដែលអ្នករកវាឃើញវិញហើយ អ្នកអាចបិទ “Lost Mode” បានដោយចុចបញ្ចូលនូវលេខកូដ ឬក៏បិទវានៅក្នុងវែបសាយផ្ទាល់។
- Erase iPhone ៖ បើសិនជាអ្នកគិតថា iPhone របស់អ្នកពិតជាបាត់រហូតហើយ ហើយអ្នកមិនអាចយកវាមកវិញបាននោះ អ្នកអាចជ្រើសរើសយកប៊ូតុង “Erase iPhone” ដើម្បីធ្វើការលុបចោលនូវទិន្នន័យទាំងអស់នៅក្នុងទូរស័ព្ទរបស់អ្នក ដើម្បីការពារកុំឲ្យគេយកទៅធ្វើអ្វីផ្ដេសផ្ដាស់។ ក៏ប៉ុន្តែអ្នកត្រូវចាំថា ក្រោយពីពេលដែលអ្នកជ្រើសរើសយកជម្រើសនេះហើយ វានឹងលុបទិន្នន័យចេញពីក្នុងទូរស័ព្ទ iPhone របស់អ្នកជារៀងរហូត អ្នកមិនអាចទាញយកទិន្នន័យទាំងនោះមកវិញបានទេ បើទោះបីជាអ្នករកទូរស័ព្ទអ្នកឃើញវិញក៏ដោយ ហើយម៉្យាងទៀត ក្រោយពេលដែលអ្នកជ្រើសយកជម្រើសនេះហើយ អ្នកនឹងមិនអាច ស្វែងរកវាតាម Find My iPhone បានទៀតទេ។ ដូច្នេះអ្នកត្រូវគិតជម្រើសនេះជាជម្រើសចុងក្រោយ។
បន្ថែមពីនេះ អ្នកក៏អាចធ្វើតាមនូវជំហានទាំងអស់ខាងលើបានតាមរយៈកម្មវិធី Find My iPhone នៅក្នុងឧបករណ៍ iOS ផ្សេងទៀតបានជំនួសឲ្យការចូលក្នុងវែបសាយ iCloud ហើយវាមានដំណើរការដូចគ្នាបេះបិត។ អ្នកក៏នឹងត្រូវបានតម្រូវឲ្យបញ្ចូលនូវ Apple ID របស់អ្នកមុននឹងប្រើវាបានផងដែរ។
សរុបមក អ្នកណាក៏មិនចង់បាត់របស់ដែល តែយើងមិនអាចជៀសវាងបាននោះទេ ពេលខ្លះក៏យើងមានការប្រហែសដែល ដូច្នេះបើអ្នកអាចត្រៀមវាទុកមុនបានអ្នកគួរតែធ្វើវា។ ដូចជាមុខងារ Find My iPhone នៅក្នុងទូរស័ព្ទ iPhone របស់អ្នក វាអាចជួយឲ្យអ្នកត្រៀមខ្លួនទុកមុន សម្រាប់ពេលដែលអ្នកបាត់វា។