សត្វឆ្កែគឺជាប្រភេទសត្វចិញ្ចឹមមួយដែលកំពុងតែពេញនិយមនៅក្នុងប្រទេសកម្ពុជាយើងតាំងតែពីជំនាន់មុនមកដល់ពេលបច្ចុប្បន្ននេះ។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះក្រៅពីពូជឆ្កែក្នុងស្រុក មានប្រភេទសត្វឆ្កែជាច្រើនដែលប្រជាជនយើងបាននាំចូលពីបរទេសមកលក់ និង ចិញ្ចឹម។ ដោយសារការនិយមចិញ្ចឹមប្រភេទសត្វឆ្កែពីបរទេសជារឿងមួយថ្មីទើបតែកើតឡើង ដូចនេះមានបងប្អូនមួយចំនួននៅមិនទាន់បានស្គាល់ឈ្មោះរបស់ប្រភេទសត្វឆ្កែទាំងអស់នោះនៅឡើយទេ។ សំរាប់អត្ថបទនេះគឺពួកខ្ញុំសូមលើកយកពីឈ្មោះនៃប្រភេទសត្វឆ្កែដែលកំពុងតែពេញនិយមចិញ្ចឹមនៅកម្ពុជា។
ប្រភេទឆ្កែក្នុងស្រុកមួយចំនួនមានដូចជា
ប្រភេទសត្វឆ្កែ Primitive Pariah ឬ Razorback គឺជាពូជសត្វឆ្កែក្នុងស្រុកមួយប្រភេទដែលយើងឃើញមានចិញ្ចឹមនៅសឹងតែគ្រប់តំបន់នៃប្រទេសកម្ពុជា ជាពិសេសគឺនៅតាមស្រុកភូមិតែម្តង។ ពួកវាគឺជាប្រភេទសត្វឆ្កែដែលមានចរិករួសរាយជាមួយម្ចាស់ ហើយតែងតែការពារ និង ប្រុងប្រយ័ត្នជាមួយមនុស្សដែលប្លែកមុខ។ ជាធម្មតាឆ្កែប្រភេទនេះអាចរស់បានដល់អាយុ 10 ដល់ 12 ឆ្នាំ។
ប្រភេទឆ្កែនាំចូលពីបរទេស
German Shepherd ឬ ឆ្កែបៈស្សែរ គឺជាប្រភេទឆ្កែដែលពេញនិយមចេញចិញ្ចឹមជាងគេនៅក្នុងប្រទេសយើងបន្ទាប់ពីប្រភេទសត្វឆ្កែក្នុងស្រុក។ វាជាប្រភេទឆ្កែដែលស្ថិតនៅក្នុងពូជឆ្កែទំហំធំ។ ឆ្កែប្រភេទនេះគឺគេនិយមចិញ្ចឹមតាមផ្ទះ ឃ្លាំង ចំការ និង នៅតាមបន្ទាយទាហាន ដោយសារវាមានភាពឈ្លាសវៃ រួសរាយ កាច និង ចេះប្រុងប្រយ័ត្នជាមួយនឹងមនុស្សប្លែកមុខ។ ជាធម្មតាឆ្កែប្រភេទនេះអាចមានអាយុរសនៅបានចាប់ពី 9 ដល់ 13។
Havanese និង Lowchen គឺជាប្រភេទពូជសត្វឆ្កែតឿៗ ដែលគេនិយមចិញ្ចឹមនៅតាមផ្ទះតាំងពីទស្សវត្សទី 90 ម៉្លេះ។ ពួកវាគឺជាប្រភេទឆ្កែដែលស្ថិទនៅក្នុងអំបូរឆ្កែតូច ហើយមានរោមវែងក្រាស់។ ពូជឆ្កែទាំងពីរប្រភេទនេះគឺមានចរិកស្លូតបូត ស្មោះត្រង់ និង គួរស្រលាញ់ដោយសារពួកវាចូលចិត្តលេងច្រើនជាពិសេសជាមួយក្មេងៗ។ សំរាប់អ្នកដែលនិយមចិញ្ចឹមសត្វឆ្កែប្រភេទនេះនឹងជួបផលវិបាកមួយគឺនៅត្រង់រោមរបស់ពួកវា ដោយសាររោមពួកវាច្រើនហើយងាយនឹងជ្រុះ។ ឆ្កែទាំងពីរប្រភេទនេះអាចមានអាយុរស់នៅបានពី 13 ទៅ 15 ឆ្នាំ។
Husky ឬ និយមហៅថាពូជឆ្កែចចកទឹកកក គឺជាប្រភេទសត្វឆ្កែដែលមានភាពពេញនិយមចិញ្ចឹម និង លក់ដូរយ៉ាងខ្លាំងនៅក្នុងរយះពេលប៉ុន្មានឆ្នាំនេះ។ ទាំងអស់នេះគឺដោយសារតែរូបរាងដ៏ស្អាត និង ឡូយឆាយរបស់ពួកវា ជាមួយនឹងរូមដ៏ក្រាស់ជាច្រើនពណ៌សំបុរ គួបផ្សំជាមួយនឹងកែវភ្នែកដ៏មុត និង ច្រើនពណ៌របស់ពួកវាផងដែរ។ ពួកវាគឺជាប្រភេទឆ្កែដែលមានចរិកស្លូតបូត គួរឲ្យស្រលាញ់ និង ស្មោះត្រង់ ម៉្យាងវិញទៀតឆ្កែប្រភេទនេះគឺចូលចិត្តលេងច្រើនបំផុត ជាពិសេសជាមួយនឹងក្មេងៗតែម្តង តែប្រសិនបើអ្នកចង់ចិញ្ចឹមពួកវាសំរាប់យាមផ្ទះនោះគឺមិនសាកសមទេពីព្រោះពួកវាគឺមិនសូវព្រុះ និង កាចជាមួយអ្នកដ៏ទៃទេ។ ថ្វីបើពួកវាមានរោមក្រាស់នឹងស្អាតពិតមែន ប៉ុន្តែពួកវានឹងតែងតែជ្រុះរោម ដោយសារធាតុអាកាសនៅប្រទេសយើងមានលក្ខណៈក្តៅ។ ឆ្កែប្រភេទអាចមានអាយុរស់នៅបានពី 12 ទៅ 15។
Golden Retriever គឺជាប្រភេទឆ្កែនាំចូលពីបរទេសមួយដែលប្រជាជនយើងពេញនិយមចិញ្ចឹមផងដែរបន្ទាប់ពី Husky។ ពួកវាគឺស្ថិតនៅអំបូរពូជឆ្កែធំ ដែលអាចមានទំងន់រហូតដល់ទៅ 60 គីឡូរឯណោះ។ វាគឺជាប្រភេទឆ្កែដែលមានចរិកលក្ខណៈគួរឲ្យស្រលាញ់ ស្លូតបូត ឆ្លាត និង រស់រាយជាមួយម្ចាស់។ បើសិនជានៅផ្ទះយើងមានក្មេងតូចៗ Golden Retriever គឺជាប្រភេទឆ្កែមួយដែលសាកសមបំផុតសំរាប់យើង ព្រោះវាចូលចិត្តលេង និង អត់ធ្មត់ខ្លាំងបំផុតជាមួយក្មេងៗ។ ថ្វីបើវាមានចរិកស្លូតបូតក្តីប៉ុន្តែសំរាប់ការយាមផ្ទះគឺវាមានគុណសម្បត្តិល្អនៅត្រង់សំលេងព្រុះដ៏លឺរបស់ពួកវា។ ឆ្កែប្រភេទនេះគឺអាចមានអាយុរស់នៅបាន 10 ទៅ 12 ឆ្នាំ។