MENU

តើមានខ្សែភាពយន្តអ្វីថ្មីខ្លះដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ?

នៅក្នុងសប្ដាហ៍នេះ រោងភាពយន្តនៅប្រទេសកម្ពុជាដូចជារោងភាពយន្ត Major និង Legend នឹងមានចាក់បញ្ចាំងនូវភាពថ្មីបីរឿង ដែលក្នុងនោះ ពីររឿងជាភាពយន្តរបស់ប្រទេសភាគខាងលិច និងមួយរឿងទៀតជាភាពយន្តរបស់ប្រទេសថៃ។ ខ្ញុំនឹងរៀបរាប់ពីខ្សែភាពយន្តនីមួយៗ ហើយនិងភ្ជាប់ជាមួយនឹង trailer នៃភាពយន្តនីមួយៗក្នុងនោះផងដែរ។ សូមបញ្ជាក់ជាមុនថា ពួកខ្ញុំមិនមានការរក្សាសិទ្ធិលើវីដេអូ trailer ទាំងនោះទេ។

 

Scout Guide to the Zombie Apocalypse

រឿង Scout Guide to the Zombie Apocalypse គឺជាខ្សែភាពយន្តបរទេស ដែលដឹកនាំសម្តែងដោយ Christopher Landon ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៥​ នេះ។ រឿងនេះនិយាយអំពីការផ្សងព្រេង និងការប្រឹងប្រែងរបស់ក្មេងកាយឫទ្ធិបីនាក់ ដែលជាមិត្តសម្លាញ់នឹងគ្នា ជាមួយនឹងកញ្ញាអ្នកក្រឡុកស្រាដ៏ស្អាតស៊ិចស៊ីម្នាក់ នៅក្នុងថ្ងៃអវសាននៃពិភពលោកដោយ zombies (Zombie Apocalypse)។ រឿងនេះគឺជារឿងបែបកំប្លែង លាយលំជាមួយនឹងភាពភ័យខ្លាចបន្តិចបន្តួចជាមួយនឹងការតាមប្រមាញ់ដោយពួក zombie។ តើកាយឫទ្ធិទាំងបីនាក់ជាមួយនឹងកញ្ញាក្រឡុកស្រានោះ​នឹងធ្វើការរត់គេចខ្លួនពីពួក zombie ទាំងនោះ ហើយរួមគ្នាកម្ចាត់ពួក zombie ទាំងនោះដើម្បីការពារទីក្រុងរបស់ពួកគេយ៉ាងណា សូមរងចាំមើលខ្សែភាពយន្តនេះទាំងអស់គ្នា។

Trailer របស់រឿង Scout Guide to the Zombie Apocalypse

 

May Who? ឬ ម៉េណា…ស្នេហាឆ្លងចរន្ត

May Who? ឬ ម៉េណា…ស្នេហាឆ្លងចរន្ត គឺជាខ្សែភាពយន្តថៃ ដែលដឹកនាំសម្តែងដោយ Chayanop Boonprakob ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៥​ នេះដូចភាពយន្តខាងលើផងដែរ។ រឿងនេះជារឿងបែបកំប្លែងអំពីស្នេហាយុវវ័យ ហើយនិយាយអំពីក្មេងស្រីសិស្សសាលាម្នាក់ដែលមានឈ្មោះថា “May” ឬ “ម៉េ” ហើយនាងមានថាមពលពិសេសមួយ ដោយខ្លួនរបស់នាងអាចបញ្ចេញជាចរន្តអគ្គីសន្នីបាននៅពេលដែលនាងមានអារម្មណ៍ភ័យ ឬអរខ្លាំង។ នាងបានលួចស្រលាញ់់សិស្សច្បងក្នុងសាលារបស់នាងម្នាក់ ហើយមិត្តិភ័ក្តប្រុសរបស់នាងបាននៅតាមជួយនាងដើម្បីប្រាប់ទៅសិស្សច្បងនោះ ក៏ប៉ុន្តែមិត្តភ័ក្តប្រុសរបស់នាងនោះក៍បានលួចស្រលាញ់នាងផងដែរ។ លើសពីនេះ តួរដែលសម្ដែងក្នុងរឿងនេះគឺសុទ្ធតែជាតួរយុវវ័យល្បីៗដែលធ្លាប់សម្ដែងក្នុងរឿងភាគ The Hormonse ដែលជារឿងភាគថៃដ៏ល្បី និងទទួលបានការគាំទ្រពីសំណាក់អ្នកទស្សនាក្នុង និងក្រៅប្រទេស។ តើរឿងនេះវាកំប្លែង និងប្លែកយ៉ាងណានោះសូមចាំមើលទាំងអស់គ្នា។

Trailer ជាភាសាខ្មែររបស់រឿង ម៉េណា…ស្នេហាឆ្លងចរន្ត

https://youtu.be/XvGurOdHtmw

 

Trailer ជាភាសាថៃរបស់រឿង ម៉េណា…ស្នេហាឆ្លងចរន្ត

 

Visions

រឿង Visions គឺជាខ្សែភាពយន្តប្រទេសភាគខាងលិច ដែលដឹកនាំសម្តែងដោយ Kevin Greutert ហើយនឹងត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តក្នុងប្រទេសកម្ពុជានៅថ្ងៃទី 30 ខែតុលា ឆ្នាំ ២០១៥​ នេះ។ ខុសពីរឿងទាំងពីរខាងលើ រឿង Visions គឺជារឿងបែបរន្ធត់។ រឿងនេះនិយាយអំពី តួរស្រីឈ្មោះ Julia ដែលនឹងក្លាយជាម្ដាយក្នុងពេលឆាប់ៗ បានឃើញនូវអ្វីដែលអ្នកផ្សេងមិនឃើញ។ ក្រោយពីនាងបានចាកចេញពីជីវិតក្នុងទីក្រុង ទៅរស់នៅជាមួយប្ដីរបស់នាងនៅឯជនបទ នាងតែងតែមើលឃើញ និងលឺសម្លេងប្លែកៗនៅក្នុងផ្ទះនៅឯជនបទនោះ តែអ្នកផ្សេងមើលមិនឃើញអ្វីនោះទេ សូម្បីតែប្តីរបស់នាង។ ដើម្បីបញ្ចាក់ថានាងមិនមែនសរសៃប្រសាទ នាងបានស្វែងរកពីប្រវត្តិអតីតកាលរបស់ផ្ទះដែលនាងរស់នៅនោះ។ តើនាងប្រឈមមុខយ៉ាងណាខ្លះជាមួយនឹងព្រឹត្តិការណ៍ប្លែកៗទាំងនោះ សូមរងចាំទស្សនាទាំងអស់គ្នា។

Trailer របស់រឿង Visions

 

សរុបមក បើអ្នកចូលចិត្តរឿងបែបកំប្លែងរបស់អាមេរិក អ្នកគួរមើលរឿង Scout Guide to the Zombie Apocalypse ឫក៏រឿងស្នេហាថៃបែបកំប្លែងរបស់យុវវ័យ នោះរឿង May Who? គឺជាជម្រើសល្អដើម្បីទស្សនាក្នុងសប្ដាហ៍នេះ។ តែបើអ្នកចូលរឿងបែបរន្ធត់មានខ្មោចសន្ធិតរបស់អាមេរិក នោះរឿង Visions គឺជារឿងដែលអ្នកគួរមើលក្នុងសប្ដាហ៍នេះ។

Comments Off on តើមានខ្សែភាពយន្តអ្វីថ្មីខ្លះដែលនឹងចាក់បញ្ចាំងក្នុងសប្ដាហ៍នេះ? ភាពយន្ត

Comments are closed.

យោបល់របស់អ្នកអាន