MENU

របៀបស្វែងរកទូរស័ព្ទ iPhone ដែលអ្នកបាត់តាមកម្មវិធី Find My iPhone

ដូចជារបស់របរផ្សេងៗជាច្រើនរបស់អ្នកដែរ ទូរស័ព្ទ iPhone គឺជាអ្វីដែលអ្នកមិនចង់ឲ្យបាត់ ឬភ្លេចនៅកន្លែងណាមួយនោះទេ ហេតុដូច្នេះហើយទើបបានជាក្រុមហ៊ុន Apple បានដាក់បញ្ជូលនូវមុខងារមួយដើម្បីឲ្យអ្នកមានភាពងាយស្រួលក្នុងការស្វែងរក iPhone ឬ iPad របស់អ្នកនៅពេលដែលអ្នកបាត់វា ឬភ្លេចដៃទុកនៅកន្លែងណាមួយបាន ដោយកម្មវិធីនោះមានឈ្មោះថា Find My iPhone ដែលមាននៅក្នុងទូរស័ព្ទ iPhone របស់អ្នកស្រាប់បើ iPhone របស់អ្នកមានប្រព័ន្ធដំណើរការចាប់ពី iOS 5 ឡើងទៅ។ អ្នកប្រហែលជាធ្លាប់បានឃើញវាហើយ ហើយបើអ្នកចេះពីវិធីប្រើវារួចហើយ អ្នកអាចជ្រើសមិនអានអត្ថបទនេះ ឬអ្នកអាចអានវា ហើយឲ្យជាយោបល់របស់អ្នកមកលើអត្ថបទនេះក្នុងន័យស្ថាបនាក៏បាន ក៏ប៉ុន្តែបើអ្នកនៅមិនទាន់ដឹងពីវិធីប្រើប្រាស់កម្មវិធី Find My iPhone នេះទេ នោះអ្នកមកអានអត្ថបទនេះគឺត្រឹមត្រូវហើយ ដោយសារខ្ញុំនឹងរៀបរាប់ពីវិធីប្រើប្រាស់វាតាមដំណាក់កាលងាយៗមួយៗ ដើម្បីឲ្យអ្នកងាយស្រួលធ្វើតាម។

 

Find-my-iPhone-main

 

ដើម្បីប្រើប្រាស់កម្មវិធី Find My iPhone នេះ យើងនឹងបែងចែកវាឲ្យទៅជាពីរជំហានធំៗគឺ ការដាក់ឲ្យកម្មវិធី Find My iPhone មានដំណើរការនៅក្នុងទូរស័ព្ទ iPhone និង ការស្វែងរក iPhone របស់អ្នកក្នុងករណីអ្នកបាត់វា ហើយជំហាននីមួយៗក៏មានជំហានតូចៗក្នុងនោះផងដែរ។

 

ការដាក់ឲ្យកម្មវិធី Find My iPhone មានដំណើរការនៅក្នុងទូរស័ព្ទ iPhone៖

ដើម្បីប្រើប្រាស់កម្មវិធី Find My iPhone នេះបាន ជាដំបូងអ្នកត្រូវដាក់ឲ្យវាមានដំណើរការនៅក្នុងទូរស័ព្ទ iPhone របស់អ្នកសិន។ អ្នកអាចធ្វើវាបានដោយធ្វើតាមជំហានដូចខាងក្រោម៖

1. ចុចលើ Settings នៅក្នុង iPhone របស់អ្នក។

 

01_tapping_settings

 

2. ចុចលើ iCloud ។ អ្នកនឹងត្រូវបានសួរឲ្យបញ្ចូល Apple ID របស់អ្នកចូល ហើយបើសិនជាអ្នកមិនទាន់មានវាទេ នោះអ្នកត្រូវតែ បង្កើត Apple ID ជាមុនសិនដើម្បីអាចប្រើប្រាស់កម្មវិធី Find My iPhone បាន។

3. ចុចលើ Find My iPhone ដើម្បីបើកវា “ON” ។ បើមានសារមួយលោតចេញមកសួរថាតើអ្នកចង់អនុញ្ញាតនូវការបើកវាឬអត់នោះ សូមចុចលើពាក្យថា “Allow”

 

how-to-enable-find-my-iPhone

 

4. ដាក់លេខកូដលើទូរស័ព្ទ iPhone របស់អ្នកដោយប្រើ Passcode Lock និងស្កេនម្រាមដៃ។ ដើម្បីដាក់វាបាន អ្នកត្រូវត្រឡប់ចេញពីកន្លែងបើក Find My iPhone មក Settings វិញ ហើយចុចលើ General ។ នៅក្នុង General ចុចលើ Touch ID & Passcode ឬ Passcode Lock រួចបង្កើតលេខកូដ 4 ខ្ទង់ ឬ 6 ខ្ទង់ និងស្នាមម្រាមដៃ សម្រាប់ចាក់សោរ iPhone របស់អ្នក ហើយបើអ្នកមានដាក់វារួចជាស្រេចហើយ អ្នកមិនចាំបាច់ធ្វើវាម្តងទៀតទេ។

 

iOS-9-Passcode-settings-iPhone-screenshot-005

 

 

ការស្វែងរក iPhone របស់អ្នកក្នុងករណីអ្នកបាត់វា៖

1. បើកវែបសាយ iCloud ។ អ្នកអាចបើកចូលក្នុងវែបសាយ iCloud តាមរយៈ www.icloud.com ហើយអ្នកនឹងត្រូវបានតម្រូវឲ្យបញ្ចូលនូវ Apple ID និង password ដើម្បីចូលទៅក្នុងវែបសាយនោះ។

 

iphone-theft-victims-tricked-into-unlocking-devices-through-fake-icloud-login-page-3

 

670px-Track-an-iPhone-With-Find-My-iPhone-Step-5-Version-2

 

2. ចុចលើ Find My iPhone ។ ក្រោយពីអ្នកបាន login ចូលក្នុងវែបសាយនោះហើយ អ្នកនឹងឃើញមាន app មួយចំនួន ដូច្នេះសូមចុចលើ Find My iPhone ដែលមានរូបដូចជារ៉ាដា។ អ្នកប្រហែលជាត្រូវបញ្ចូល Apple ID របស់អ្នកម្ដងទៀត ហើយក្រោយពីអ្នកបញ្ចូលរួចហើយ វានឹងបង្ហាញជាផែនទី នៅពេលដែលវាបានដឹងពីទីតាំងរបស់ iPhone ដែលអ្នកបាត់។

 

find-my-iPhone-in-icloud-panel-590x456

 

3. ជ្រើសយឧបករណ៍ Apple ដែលអ្នកចង់ស្វែងរក ដែលនៅក្នុងឧទាហរណ៍នេះគឺជា iPhone។ ចុចលើប៊ូតុង “Devices” ដែលនៅខាងលើដើម្បីជ្រើសយក iPhone ដែលអ្នកចង់ស្វែងរក វានឹងបង្ហាញពីបញ្ជីនៃឧបករណ៍ Apple ទាំងអស់ដែលអ្នកចុះនៅក្នុងកម្មវិធី Find My iPhone។ បើសិនជា iPhone ដែលអ្នកបាត់កំពុងតែភ្ជាប់ជាមួយនឹងអ៊ីនធឺណេតនៅពេលដែលអ្នកឆែកមើល នោះអ្នកនឹងឃើញមានសញ្ញាចុចពណ៌បៃតងមួយនៅពីមុខ តែបើវាមិនបានភ្ជាប់នឹងអ៊ីនធឺណេតទេ អ្នកនឹងឃើញចុចពណ៌ប្រផេះ។

 

icloud-find

 

4. ក្រោយពីអ្នកជ្រើសយក iPhone ដែលអ្នកបាត់នៅក្នុងបញ្ជីនោះហើយ អ្នកនឹងមានជម្រើស 3 សម្រាប់ជ្រើសរើស៖

 

guide-findmyiphone-icloud3

 

  • Play Sound ៖ បើសិនជានៅក្នុងផែនទីនោះអ្នកឃើញថា iPhone ដែលអ្នកបាត់នៅជិតអ្នក អ្នកអាចបញ្ជារឲ្យវាបញ្ចេញសម្លេងដោយចុចលើប៊ូតុង “Play Sound” នោះវានឹងបញ្ចេញសម្លេងយ៉ាងខ្លាំងទោះបីជាអ្នកបានដាក់វា silent ឬក៏ដាក់សម្លេងតិចក៏ដោយ។
  • Lost Mode ៖ បើសិនជា iPhone របស់អ្នកពិតជាបាត់មែន អ្នកគួរតែជ្រើសរើស “Lost Mode” ដើម្បីការពារកុំឲ្យអ្នកដែលរើសទូរស័ព្ទរបស់អ្នកបាន ឬក៏អ្នកដែលលួចវា អាចចូលមើលឯកសារ ឬទិន្នន័យផ្សេងៗនៅក្នុង iPhone របស់អ្នកបាន ដោយទូរស័ព្ទរបស់អ្នកនឹងចាក់សោរភ្លាម នៅពេលដែលអ្នកចុចលើប៊ូតុង “Lost Mode” នោះ។ អ្នកក៏អាចដាក់ជាសារ ឬក៏ជាលេខទំនាក់ទំនង ដើម្បីឲ្យវាបង្ហាញនៅលើអេក្រង់បានដើម្បីឲ្យអ្នករើសវាបាន ធ្វើការទំនាក់ទំនងមកអ្នក។ នៅពេលដែលអ្នករកវាឃើញវិញហើយ អ្នកអាចបិទ “Lost Mode” បានដោយចុចបញ្ចូលនូវលេខកូដ ឬក៏បិទវានៅក្នុងវែបសាយផ្ទាល់។
  • Erase iPhone ៖ បើសិនជាអ្នកគិតថា iPhone របស់អ្នកពិតជាបាត់រហូតហើយ ហើយអ្នកមិនអាចយកវាមកវិញបាននោះ អ្នកអាចជ្រើសរើសយកប៊ូតុង “Erase iPhone” ដើម្បីធ្វើការលុបចោលនូវទិន្នន័យទាំងអស់នៅក្នុងទូរស័ព្ទរបស់អ្នក ដើម្បីការពារកុំឲ្យគេយកទៅធ្វើអ្វីផ្ដេសផ្ដាស់។ ក៏ប៉ុន្តែអ្នកត្រូវចាំថា ក្រោយពីពេលដែលអ្នកជ្រើសរើសយកជម្រើសនេះហើយ វានឹងលុបទិន្នន័យចេញពីក្នុងទូរស័ព្ទ iPhone របស់អ្នកជារៀងរហូត អ្នកមិនអាចទាញយកទិន្នន័យទាំងនោះមកវិញបានទេ បើទោះបីជាអ្នករកទូរស័ព្ទអ្នកឃើញវិញក៏ដោយ ហើយម៉្យាងទៀត ក្រោយពេលដែលអ្នកជ្រើសយកជម្រើសនេះហើយ អ្នកនឹងមិនអាច ស្វែងរកវាតាម Find My iPhone បានទៀតទេ។ ដូច្នេះអ្នកត្រូវគិតជម្រើសនេះជាជម្រើសចុងក្រោយ។

 

បន្ថែមពីនេះ អ្នកក៏អាចធ្វើតាមនូវជំហានទាំងអស់ខាងលើបានតាមរយៈកម្មវិធី Find My iPhone នៅក្នុងឧបករណ៍ iOS ផ្សេងទៀតបានជំនួសឲ្យការចូលក្នុងវែបសាយ iCloud ហើយវាមានដំណើរការដូចគ្នាបេះបិត។ អ្នកក៏នឹងត្រូវបានតម្រូវឲ្យបញ្ចូលនូវ Apple ID របស់អ្នកមុននឹងប្រើវាបានផងដែរ។

 

iCloud-Find-My-iPhone

 

សរុបមក អ្នកណាក៏មិនចង់បាត់របស់ដែល តែយើងមិនអាចជៀសវាងបាននោះទេ ពេលខ្លះក៏យើងមានការប្រហែសដែល ដូច្នេះបើអ្នកអាចត្រៀមវាទុកមុនបានអ្នកគួរតែធ្វើវា។ ដូចជាមុខងារ Find My iPhone នៅក្នុងទូរស័ព្ទ iPhone របស់អ្នក វាអាចជួយឲ្យអ្នកត្រៀមខ្លួនទុកមុន សម្រាប់ពេលដែលអ្នកបាត់វា។

Comments Off on របៀបស្វែងរកទូរស័ព្ទ iPhone ដែលអ្នកបាត់តាមកម្មវិធី Find My iPhone បច្ចេកវិទ្យា

Comments are closed.

យោបល់របស់អ្នកអាន